អ៊ី វ៉ាន់សក្តិ ប៉ះផាន ផាត់យុទ្ធ ខណៈឡូញ វ៉ាន់ឌី ប្រកួតរស់ វិបុល

ភ្នំពេញ៖ អ្នកប្រដាល់ អ៊ី វ៉ាន់សក្តិ ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ អ្នកប្រដាល់ ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា ប្រកួតគ្នាក្នុង ទម្ងន់៥៧គីឡូក្រាម នាយប់ថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើសង្វៀនTIFFY ARENA។

អ្នកប្រដាល់ទាំងពីរ ជាអ្នកប្រដាល់ជើងខ្លាំង ស្រករក្រោយដូចគ្នា មានស្នៀតប្រដាល់ល្អ និងបច្ចេកទេសវាយល្អ ហើយមានកម្លាំង កាយសម្បទា រឹងមាំដូចគ្នា។ ផាន ផាត់យុទ្ធ ជាអ្នកប្រដាល់ មានប្រៀបឈ្នះ លើ អ៊ី វ៉ាន់សក្តិ ព្រោះ ផាត់យុទ្ធ ធ្លាប់វាយឈ្នះ អ្នកប្រដាល់ស្រករ ក្រោយដូចគ្នា ច្រើននាក់ហើយ លើកលែងតែ អ្នកប្រដាល់ជើងចាស់ ដែលប្រកួតមានឈ្នះ មានចាញ់នោះ។ ការប្រកួតចុងក្រោយ របស់ ផាន ផាត់យុទ្ធ គឺ វាយចាញ់អ្នកប្រដាល់ ជើងខ្លាំងជើងចាស់ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រឹមតែពិន្ទុ រីឯ ប្រកួតចុងក្រោយ អ៊ី វ៉ាន់សក្តិ ឈ្នះ អ្នកប្រដាល់ជើងថ្មី លីន ចំរើន ក្លិបបូរីរាជសីហ៍មានរិទ្ធ ដោយពិន្ទុ ។

ចំណែកអ្នកប្រដាល់ ឡូញ វ៉ាន់ឌី ក្លិបពន្លឺវិបុលរិទ្ធី ជួបប្រកួតជាមួយ អ្នកប្រដាល់ រស់ វិបុល ក្លិបសាលវ័ន្តកីឡា ប្រកួតគ្នា ក្នុងទម្ងន់ ៥៧គីឡូក្រាម។ រស់ វិបុល ជាអ្នកប្រដាល់ដែល វាយខ្លាំងម្នាក់ ដែលគេពិបាក ក្នុងការបង្ក្រាប យកឈ្នះណាស់ ចំពោះ ឡូញ វ៉ាន់ឌី ក៏វាយខ្លាំងនិងល្អដែរ យ៉ាងណាក្តី អ្នកប្រដាល់ ទាំងពីររូបនេះ សុទ្ធតែមាន ប្រៀបឈ្នះដូចគ្នា។ អ្នកប្រដាល់ ជ័យ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ប៉ះអ្នកប្រដាល់ ធន់ ចាន់តាក់ ក្លិបមជ្ឈមណ្ឌល កីឡាខ.ភ.ម ប្រកួតគ្នា ក្នុងទម្ងន់៦០គីឡូក្រាម៕

អ៊ី វ៉ាន់សក្តិ ប៉ះផាន ផាត់យុទ្ធ ខណៈឡូញ វ៉ាន់ឌី ប្រកួតរស់ វិបុល