ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​០០២​វគ្គ​២​បញ្ចប់​ការ​ដាក់​ឯកសារ​គន្លឹះ

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បញ្ចប់​សវនាការ​ដែល​អនុញ្ញាត​ឱ្យ​ភាគី​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន ដាក់​ឯកសារ​គន្លឹះ​ធ្វើ​ជា​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២។

សវនាការ​រយៈ​ពេល ២​ថ្ងៃ​មក​នេះ គឺ​ជា​សវនាការ​ដែល​ភាគី​សហ​ព្រះរាជអាជ្ញា សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ស្នើ​សុំ​លើក​យក​​ឯកសារ​គន្លឹះ​បន្ថែម​មក​ដាក់​ជា​ភស្តុតាង ក្នុង​សំណុំរឿង ០០២ វគ្គ ២។ ឯកសារ​ដែល​បាន​លើក​ឡើង គឺ​ទាក់ទង​នឹង​អង្គហេតុ​ការណ៍​សម្លាប់ និង​ការ​ប្រព្រឹត្ត​របស់​ពួក​ខ្មែរក្រហម ទៅ​លើ​ក្រុម​មនុស្ស​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ ​កំណត់​ជា​គោលដៅ​ជាក់លាក់ ដូច​ជា​ជនជាតិ​ចាម វៀតណាម និង​អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ។

បន្ទាប់​ពី​ការ​ដាក់​ឯកសារ​ទាំង​នេះ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា អង្គ​ជំនុំជម្រះ​គ្រោង​ធ្វើ​សវនាការ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ដើម្បី​ស្ដាប់​ការ​ឆ្លើយតប​របស់​ភាគី​លើ​ឯកសារ​គន្លឹះ​ទាំង​នោះ៖ «នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ អង្គ​ជម្រះ​នឹង​បន្ត​ធ្វើ​សវនាការ​បង្ហាញ​ឯកសារ​គន្លឹះ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ការ​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​មនុស្ស​គោលដៅ​ជាក់លាក់ ចំពោះ​ជនជាតិ​ចាម វៀតណាម និង​ចំពោះ​អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ។ ដោយ​ការ​ស្ដាប់​តំណាង​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី តប ឬ​កត់​សម្គាល់​ទៅ​នឹង​បណ្ដា​ឯកសារ​គន្លឹះ ដែល​បាន​ដាក់​បង្ហាញ​ដោយ​មេធាវី​ការពារ​ក្ដី ខៀវ សំផន ហើយ​នឹង​ស្ដាប់ការ​ឆ្លើយតប ឬ​ការ​កត់សម្គាល់​ពី​សំណាក់​មេធាវី​ការពារ​ក្ដី ខៀវ សំផន ទៅ​នឹង​បណ្ដា​ឯកសារ​គន្លឹះ ដែល​បាន​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី»

នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កុម្ភៈ អង្គ​ជំនុំជម្រះ​សាលា​ដំបូង នឹង​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​ឈ្មោះ អ៊ីសា ឧស្មាន បន្ត​ទៀត ទាក់ទង​នឹង​អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ការ​បះបោរ និង​ការ​សម្លាប់​ជនជាតិ​ចាម នៅ​ខេត្ត​កំពង់ចាម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។