បញ្ជូនខ្លួនជន សង្ស័យពីរនាក់ មកសាកសួរ នៅសាលាដំបូង ពាក់ព័ន្ធករណី ចាប់ជំរិតឈ្មួញ ទិញ-លក់ដី យកប្រាក់ ៦ពាន់ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ពាក់ព័ន្ធនិងករណី ចាប់ជំរិតប្រាក់ប្រមាណ ៦ពាន់ដុល្លារ ពីឈ្មួញរកស៊ីទិញ លក់ដី ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីធ្វើការសាកសួរបន្ថែមពាក់ព័ន្ធនិងសកម្មភាពចាប់ជំរិតនេះ។

ជនសង្ស័យទាំងពីរនាក់នេះ ទី១.ឈ្មោះ នូ ចាន់លី ហៅ ទូច អាយុ២៨ឆ្នាំ មុខរបរស៊ីឈ្នូលដំឡើងរោងការ  មានទីលំនៅភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី២.ឈ្មោះ សូ ចំរើន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងពន្លៃ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពុងស្ពឺ ។

បើតាម នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៊ុន សត្យា បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៥៖០០នាទី  នៅចំណុចភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំង ២នាក់ បានរៀបគម្រោងដើម្បីជំរិតទារប្រាក់ ពីជនរងគ្រោះឈ្មោះ ជា ណារិន ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរ អ្នកជំនួញ (ទិញដី លក់ដី) បច្ចុប្បន្នរស់នៅភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយប្រើល្បិចសួររកទិញដី រួចណាត់ជាមួយជនរងគ្រោះ សុំមើលដី ដែលត្រូវទិញនោះ ខណៈជនរងគ្រោះមកដល់ ហើយដោយមាន សភាពការណ៍ស្ងាត់ ក៏ធ្វើសកម្មភាព ដកកាំភ្លើងខ្លី ភ្ជង់ជនរងគ្រោះ អោយចូលរថយន្តពួកគេ។

លោកវរសេនីយ៍ទោ ប៊ុន សត្យា បន្តថា ភ្លាមៗនោះជនសង្ស័យ បានគំរាមសម្លាប់ប្រសិន បើជនរងគ្រោះមិន ឲ្យលុយទៅពួកគេ ដោយមានការភ័យខ្លាចខ្លាំងពេកជនរងគ្រោះ ក៏បាន ទូរស័ព្ទទៅកូនយកប្រាក់ចំនួន ៦០០០ដុល្លារ មកអោយ ទើបជនទំាងពីរនាក់នោះ យល់ព្រមអនុញ្ញាតិឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។

ក្រោយពីទទួលបានលុយចំនួន ៦០០០ដុល្លារ ពីជនរងគ្រោះហើយ ជនសង្ស័យទំាងពីរនាក់ក៏បើករថយន្ត គេចខ្លួនផងដែរ ប៉ុន្តែករហូត រយៈពេលជាងកន្លះខែក្រោយមក  ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ទៅដល់សមត្ថកិច្ច ឈានដល់ការចាប់ខ្លួនតែម្ដង៕

បញ្ជូនខ្លួនជន សង្ស័យពីរនាក់ មកសាកសួរ នៅសាលាដំបូង ពាក់ព័ន្ធករណី ចាប់ជំរិតឈ្មួញ ទិញ-លក់ដី យកប្រាក់ ៦ពាន់ដុល្លារ