និស្សិត និងពលរដ្ឋខ្មែរ នៅបារាំងបដិសេធ ការចោទប្រកាន់ថា លោកហ៊ុន ម៉ាណែត យកលុយ ចែកអ្នកគាំទ្រ CPP

ភ្នំពេញ ៖ ប្រជាពលរដ្ឋ យុវជន និស្សិត បញ្ញវន្ត ខ្មែរនៅប្រទេសបារាំង បានធ្វើញត្តិបដិសេធ ចំការចោទប្រកាន់ លើលោកហ៊ុន ម៉ាណែត ក្នុងការយកលុយរាប់លានដុល្លារសម្រាប់ទិញទឹកចិត្តពលរដ្ឋ និស្សិត ខ្មែរនៅប្រទេស បារាំង ក្នុងឱកាសដែល លោកនិងក្រុមការងារ បានធ្វើដំណើរទស្សនកិច្ច នៅបារាំងកាលពីចុង ឆ្នាំ២០១៥ កន្លងទៅ។

ការធ្វើញត្តិបដិសេធរបស់ពលរដ្ឋ យុវជន និងនិស្សិតខ្មែរនៅបារាំងនាពេលនេះ ដើម្បីជាការឆ្លើយតបទៅម្ចាស់ គណនេយ្យហ្វេសប៊ុក ឈ្មោះ Chham Chhany  ដែលបានសរសេរលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៦ថា «ហ៊ុន ម៉ាណែត បានយកលុយពុករលួយ រាប់លានដុល្លារ ដើម្បីចាយ និងសម្រាប់ចែកឲ្យអ្នក គាំទ្របក្សប្រជាជន និងទឹកចិត្តខ្មែរ  តែជាអកុសលលុយទាំងវ៉ាលីនោះ ត្រូវបានប៉ូលីសបារាំង ចាប់នៅព្រលាន យន្តហោះ ហើយ ហ៊ុនម៉ាណែត បានបញ្ជាឲ្យលោក នុត ណារ៉ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ទៅដោះស្រាយ តែត្រូវបរាជ័យ »។

  យោងតាមញត្តិបដិសេធ របស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលនៅថ្ងៃទី២៥ កុម្ភៈ នេះ បានឲ្យដឹងថា «យើងខ្ញុំជា ប្រជាពលរដ្ឋ យុវជន និស្សិត បញ្ញវន្ត នៅប្រទេសបារាំង សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ពុំបានប្រព្រឹត្ត ដូចដែលបានចោទប្រកាន់នេះទេ ដោយហេតុថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត គឺបានធ្វើឡើងតាមការស្នើសុំ ក៏ដូចជាការរៀបចំរបស់ បងប្អូនប្រជាពលរដ្ឋ នៅប្រទេសបារាំង។ និយាយម្យ៉ាងទៀត គ្មានមូលហេតុអ្វីដែល ឯកឧត្តមបណ្ឌិត ត្រូវចំណាយប្រាក់រាប់លាននោះទេ ជាពិសេសទៅទៀតនោះលោក មិនបានប្រើប្រាស់លុយ ទិញទឹកចិត្ត បងប្អូនប្រជាពលរដ្ឋខ្មែរទេ ព្រោះការជួបជុំនេះ គឺកើតចេញពីទឹកចិត្តគោរពស្រលាញ់ ស្ម័គ្រចិត្ត និងគោរពនូវ វីរៈភាពចំពោះ ឯកឧត្តមបណ្ឌិត  ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»។

ញត្តិដដែលបន្តថា សូមថ្កោលទោសយ៉ាងដាច់អហិង្ការចំពោះជនអគតិ ដែលបានប្រឌិតព័ត៌មានបំផុសបំផុល និងបំភ័ន្តមហាជនក្នុងគោលបំណងបង្ខូចកិត្តិយសថ្នាក់ដឹកនាំ ក៏ដូចជារំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ យុវជន និស្សិត នៅប្រទេសបារាំងទាំងមូលផងដែរ ហើយ ថ្កោលទោសម្ចាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ Chham Chhany  ឲ្យធ្វើការសុំទោសជាសាធារណៈ ផងដែរ៕

និស្សិត និងពលរដ្ឋខ្មែរ នៅបារាំងបដិសេធ ការចោទប្រកាន់ថា លោកហ៊ុន ម៉ាណែត យកលុយ ចែកអ្នកគាំទ្រ CPP