ក្រុមហ៊ុន គា ធី រងការរិះគន់ នាំទំនិញពីថៃសង្ស័យបង់ពន្ធមិនគ្រប់ ទើបលក់ថោក ធ្វើឲ្យប៉ះពាល់ក្រុមហ៊ុនបង់ពន្ធគ្រប់

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បានអោយដឹងថា មានអ្នករកស៊ី នាំទំនិញ ពីប្រទេសថៃជាច្រើន ជាពិសេសទំនិញប្រភេទចាប់ហួយ បានសម្ដែងការងឿង ឆ្ងល់ចំពោះក្រុមហ៊ុន រកស៊ីដូចគ្នាមួយឈ្មោះ គា ធី ថាអាចនាំទំនិញ បង់ពន្ធ មិនគ្រប់ យកមកលក់ចែកចាយនៅក្នុងទីក្រុងភ្នំពេញ និងខេត្តមួយចំនួនទៀត ទើបបានជាលក់ក្នុងតម្លៃថោកជាងធ្វើឲ្យក្រុមហ៊ុនរកស៊ីរបស់ពួកគេដែលនាំចូល បង់ពន្ធគ្រប់ ពិបាកក្នុងការប្រកួតប្រជែងទីផ្សារ។

ប្រភពពីក្រុមអ្នករកស៊ីបានលួចបង្ហើបថាក្រុមហ៊ុនគាធីនេះដើមឡើយគ្រាន់តែជា ឈ្មួញតូចតាចធម្មតា មានដេប៉ូស្តុកទំនិញប្រភេទចាប់ហួយ ហើយទិញទំនិញត ពីឈ្មួញផ្សេងៗនាំចូលមក ដើម្បីធ្វើការលក់ចែកចាយទៅឲ្យអ្នក លក់រាយតែ ប៉ុណ្ណោះ។ ប៉ុន្តែមួយឆ្នាំពីរនេះ ដោយសារខ្លួន (ក្រុមហ៊ុន គា ធី)ស្គាល់ ស្ត្រី ម្នាក់ រកស៊ីនៅផ្សារអូឡាំពិកនិងជាសាច់ញាតិលោកផ្កាយ៣ម្នាក់ និងប្រើឈ្មោះ ជំទាវ និងលោកផ្កាយបីនោះ ធ្វើជាខ្នងបង្អែកបាន ក៏ចាប់ផ្ដើមបើកក្រុមហ៊ុននាំចូល ទំនិញពីប្រទេសថៃដោយខ្លួនឯងដោយមានរថយន្តប្រភេទ៣ទៅ៥តោនដឹកនាំ ​​​​​​​ចូលពីតាមមាត់ច្រកខេត្តកោះកុងយកមកស្តុកទុកនៅឃ្លាំងក្នុងទឹកដីខេត្តកំពង់ ស្ពឺ និងមានឃ្លាំងដ៏ធំមួយទៀតនៅស្ទឹងមានជ័យដើម្បីធ្វើការលក់ចែកចាយ ទៅ ឲ្យដេប៉ូលក់ដុំ-លក់រាយ នានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត មួយ ចំនួនទៀតផងដែរ។

ប្រភពពីក្រុមអ្នករកស៊ីបានបន្តថា ពួកខ្លួនមិនហ៊ានចោទប្រកាន់ថា ក្រុមហ៊ុន គា ធី រកស៊ីនាំចូលទំនិញពីប្រទេសថៃ ជាពិសេសទំនិញប្រភេទចាប់ ហួយបង់ ពន្ធមិនគ្រប់នោះទេគឺពួកខ្លួនគ្រាន់តែមានការងឿងឆ្ងល់ថាទំនិញនាំចូលពីប្រភព ប្រទេសតែមួយ បង់ពន្ធជូនរដ្ឋដូចគ្នា ហេតុអ្វីបាន ជាក្រុមហ៊ុន គា ធី លក់ ក្នុង តម្លៃថោកជាង ដែលតាមការបូកដកគុណចែកទៅ គឺមិនអាចចំណេញឡើយ តែបែរជាក្រុមហ៊ុន គា ធី លក់ថោកបានពិតជាមានលក្ខណះពីសេសមែន។

បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចមួយចំនួន ដែលឈរជើងនៅតាមផ្លូវជាតិលេខ៤ បានលួចបង្ហើបឲ្យដឹងថាក្នុងមួយខែៗក្រុមហ៊ុនគាធីធ្វើការនាំចូលទំនិញប្រភេទ ចាប់ហួយដែលភាគច្រើន ជាប់អត្រាពន្ធខ្ពស់ពី៥០០-៦០០រថយន្ត ជាប្រភេទ រថយន្ត៣-៥តោនដោយទំនិញនាំចូលភាគច្រើនបង់ពន្ធតែ២០ភាគរយប៉ុណ្ណោះ។ ទំនងដោយសារការនាំចូលទំនិញបង់ពន្ធតិចតួចបែបនេះហើយទើបបានជាក្រុម ហ៊ុននេះលក់ក្នុងតម្លៃថោកធ្វើឲ្យក្រុមហ៊ុនផ្សេងៗស្ទើរមិនអាចប្រកួតប្រជែងបាន

ករណីខាងលើ គេហទំព័រសែនសុខ មិនអាចស្វែងរកការបំភ្លឺពីក្រុមហ៊ុន គា ធី បាននៅឡើយទេ ៕

ក្រុមហ៊ុន គា ធី រងការរិះគន់ នាំទំនិញពីថៃសង្ស័យបង់ពន្ធមិនគ្រប់ ទើបលក់ថោក ធ្វើឲ្យប៉ះពាល់ក្រុមហ៊ុនបង់ពន្ធគ្រប់