សមត្ថកិច្ច​ច្រក​ជាំ​ស្រងាំ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​

អំពើពុករលួយ​របស់​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​គយ​ចល័ត​នៅ​ច្រក​ជាំ​ស្រងាំ កំពុង​ត្រូវបាន​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ​ចេញចូល​តាម​ច្រក​នេះ លាតត្រដាង​ជា​សាធារណៈ​។ ដោយហេតុថា សមត្ថកិច្ច​ស្ថាប័ន​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ ជំរិត​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ មិន​ខុសពី​ក្រុមចោរប្លន់​ឡើយ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទៅលើ​សមត្ថកិច្ច​ពុករលួយ​ទាំងនោះ​ជាបន្ទាន់​។ ជាពិសេស​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គួរ​ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ដែល​ឈរជើង​នៅ​តំបន់​ជាំ​ស្រងាំ​ជាបន្ទាន់​។

​ថ្មីៗ​នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​កោះប្រជុំ​បន្ទាន់​មួយ​រវាង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ បន្ទាប់ពី​ឃើញ​មានការ​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​ទាក់ទិន​រឿង​មន្ត្រី​គយ​ច្រក​ជាំ​ស្រងាំ ដុតបំផ្លាញ​ទំនិញ​កម្មករ​អូស​រទេះ​យ៉ាង​កំរោល​។ នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​ពី​បញ្ហា​កុងត្រូលជជុះ​របស់​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​របស់​គយ​ចល័ត​ផងដែរ ដោយ​ជំរុញ​កុំ​ឲ្យ​មានការ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​តទៅទៀត​។ ជាមួយគ្នានេះ​មានការ​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ​ជាបន្ទាន់ ព្រោះ​ពួកគេ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។

ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ ដែល​រកស៊ី​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​ជាំ​ស្រងាំ បាន​ឲ្យ​ដឹងថា ពួកគាត់​នាំចូល​ទំនិញ​គឺមាន​ការបង់ពន្ធ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​រួចហើយ ប៉ុន្តែ​នៅមាន​ការបង់​លុយ​ឲ្យ​កុងត្រូលជជុះ​៣​កន្លែង​ផ្សេងទៀត​។ ក្នុងនោះ​កុងត្រូលជជុះ​ទី​១​ជា​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កុងត្រូលជជុះ​ទី​២​គឺជា​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​កុងត្រូលជជុះ​ទី​៣​គឺជា​របស់​គយ​ចល័ត​ក្រសួង ដែល​បោះ​ទីតាំងនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។ សមត្ថកិច្ច​តាម​កុងត្រូលជជុះ​ទាំងនេះ​ចាំ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​នាំចូល​ទំនិញ​តាម​រទេះ​បន្តិចបន្តួច​ក៏ត្រូវ​ពួកគេ​ជំរិត​យកលុយ​ដូច​ក្រុមចោរឆក់​ចោរប្លន់​ដែរ​។ ប្រការនេះ​ក្រសួងមហាផ្ទៃ និង​ស្ថាប័នគយ គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​កុងត្រូលជជុះ​នៅ​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ គឺជា​ការបំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​បំផុត​៕

btv-13ច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ Odor_1-copy-2 c688da1f-a0be-4211-8398-195fdfdc469a-420x288