ចិន អាមេរិក គាំទ្រដំណោះស្រាយ យូអិន ដើម្បីដាក់ទណ្ឌកម្ម កូរ៉េខាងជើង

ញូយ៉ក៖ ប្រភពពីក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នា គាំទ្រលើ ដំណោះស្រាយ របស់ក្រុមប្រឹក្សា ដើម្បីដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង ចំពោះសកម្មភាពធ្វើតេស្ត អាវុធនុយក្លេអ៊ែរ និងបាញ់គ្រាប់រ៉ុក្កែត នាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ព័ត៌មានដ៏មាន សារៈសំខាន់នេះ លេចឡើងក្រោយពី រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាបញ្ហាជុំវិញ ប្រទេសកូរ៉េខាងជើង ជាមួយនឹង អ្នកប្រឹក្សាសន្ដិសុខជាតិ លោក ស៊ូសាន រ៉ាយ ក្នុងកិច្ចប្រជុំនៅ សេត្តវិមានអាមេរិក ដែលមាន ការចូលរួមពី ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ផងដែរ។

ប្រភពពីសេត្តវិមាន អាមេរិកបានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀង និងឯកភាពចំពោះប្រតិកម្មនិងការ ឆ្លើយតបពីអន្ដរជាតិ ជុំវិញសកម្មភាពបង្ក ជម្លោះរបស់ កូរ៉េខាងជើង រួមទាំងតាមរយៈដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្ដិសុខ នាពេលកន្លងមក។ ភាគីទាំងបានរួមគ្នាបញ្ជាក់ យ៉ាងច្បាស់ថា ពួកគេនឹងមិន ទទួលយកថា ប្រទេសកូរ៉េខាងជើង ជាប្រទេសនុយក្លេអ៊ែរនោះទេ។

គួរបញ្ជាក់ថា ប្រទេសមហាអំណាចចិន និងអាមេរិក បានចរចាគ្នាលើសេចក្ដី ព្រាងកាលពី ៧សប្ដាហ៍មុន ដែលពួកគេមានមតិផ្ទុយគ្នា ក្នុងឆ្លើយតបនឹង កូរ៉េខាងជើង ដែលបានរំលោភ លើដំណោះស្រាយ របស់ក្រុមប្រឹក្សា ហើយសម្រាប់សមាជិក ក្រុមប្រឹក្សាទាំង ១៥ទៀតមិនបានបដិសេធនោះទេ៕

ចិន អាមេរិក គាំទ្រដំណោះស្រាយ យូអិន ដើម្បីដាក់ទណ្ឌកម្ម កូរ៉េខាងជើង