រាជរដ្ឋាភិបាល ដកហូតដីសម្បទាន សេដ្ឋកិច្ចជាង ១លានហិកតា ក្នុងចំណោមជាង ២លានហិកតា ពីក្រុមហ៊ុនមក គ្រប់គ្រងវិញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដីសម្បទានសេដ្ឋកិច្ចជាង ២លានហិកតា ដែលរាជរដ្ឋាភិបាល បានផ្តល់ទៅឲ្យក្រុមហ៊ុន ធ្វើការវិនិយោគនោះ បច្ចុប្បន្នរាជរដ្ឋាភិបាល បានសម្រេចទុកតែ ១លាន៩ម៉ឺនហិចតាប៉ុណ្ណោះ សម្រាប់ឲ្យក្រុមហ៊ុន ធ្វើការវិនិយោគបន្ត និង១លានហិកតាទៀត គឺត្រូវបានដកហូត យកមកគ្រប់គ្រងវិញ។

សម្តេច ហ៊ុន សែន ក្នុងកម្មវិធីបើកសន្និបាត និងសម្ពោធអាគារស្នាក់ការ ក្រសួងបរិស្ថានថ្មី ដែលមានឈ្មោះថា អគារមរតកតេជោ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា តាមរយៈការប្រឹងប្រែង ធ្វើកំណែទម្រង់ពាក់ព័ន្ធ ទៅនឹងដីសម្បទានសេដ្ឋកិច្ច ក្នុងរយៈពេលមិនដល់ ១ឆ្នាំផង រាជរដ្ឋាភិបាលបានសម្រេច នូវភារកិច្ចក្នុងការ ដោះស្រាយបញ្ហាដី សម្បទានសេដ្ឋកិច្ចចំនួន ២លានហិកតា ដែលបានផ្តល់ឲ្យក្រុមហ៊ុន ធ្វើការវិនិយោគនោះ បច្ចុប្បន្ននេះ គឺបានដកហូតពី ក្រុមហ៊ុនមកវិញចំនួន ១លានហិកតា ដោយសម្រេចឲ្យ បន្តវិនិយោគតែ ១លាន ៩ម៉ឺន ហិកតាទេ សម្រាប់ធ្វើជាដី សម្បទានសេដ្ឋកិច្ច បន្ទាប់ពីបានធ្វើការ ត្រួតពិនិត្យឡើងវិញ ទាំងនៅផ្នែកកសិកម្ម និងក្រសួងបរិស្ថាន។

សម្តេចតេជោ បានមានប្រសាសន៍បន្តថា “ក្នុង ១លានហិកតានេះ ភាគច្រើនគឺជាដីដែល បានដាំដុះដំណាំកៅស៊ូ ឬក៏ដំណាំរួមផ្សំផ្សេងៗ រួចស្រេចទៅហើយ អីចឹងអាផលប៉ះពាល់ វាហាក់ដូចជាសឹង តែបាត់អស់ទៅហើយ ហើយអានៅសល់ជាង ១លានហិចតានេះ យើងត្រូវទៅរយៈ ពេលឲ្យក្រុមហ៊ុន ដើម្បីដោះស្រាយជា មួយប្រជាពលរដ្ឋ ហើយមួយចំនួនអាចនឹង ដកហូតត្រឡប់មកវិញ “។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានថ្លែងបញ្ជាក់ដែរថា ចំពោះដីសម្រាប់ធ្វើ សម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋ គឺមិនខ្វះនោះឡើយ។ មិនខ្វះក៏ព្រោះតែកន្លងទៅ មានដីសម្បទានជាច្រើន ដែលរាជរដ្ឋាភិបាល បានដកហូតត្រឡប់ មកវិញក្រោមការគ្រប់គ្រង របស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន គឺសុទ្ធតែជាគោលដៅ សម្រាប់ធ្វើជាដីសម្បទាន សង្គមកិច្ចដល់ប្រជាពលរដ្ឋ។ សម្តេចបានថ្លែង ដោយក្តីសង្ឃឹមថា នៅថ្ងៃខាងមុខនៅពេល ដែលដំណាំកៅស៊ូ និងដំណាំឧស្សាហកម្ម និងក្លាយទៅជា គម្របព្រៃឈើថ្មី ដែលនឹងផ្តល់ផលឲ្យវិញ ពិសេសផ្នែកសេដ្ឋកិច្ច៕

រាជរដ្ឋាភិបាល ដកហូតដីសម្បទាន សេដ្ឋកិច្ចជាង ១លានហិកតា ក្នុងចំណោមជាង ២លានហិកតា ពីក្រុមហ៊ុនមក គ្រប់គ្រងវិញ

រាជរដ្ឋាភិបាល ដកហូតដីសម្បទាន សេដ្ឋកិច្ចជាង ១លានហិកតា ក្នុងចំណោមជាង ២លានហិកតា ពីក្រុមហ៊ុនមក គ្រប់គ្រងវិញ