លោកស្រី ម៉ែន សំអន ៖ លើកកម្ពស់​តួនាទី​ស្ត្រី ឲ្យ​កាន់តែ​សំខាន់ ដែលជា​ត្បូង​ដ៏​មានតម្លៃ ពុំ​អាច​កាត់ថ្លៃ​បាន​

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ស្គាល់​និង​គាំទ្រ​ការលើកកម្ពស់​សមភាព​យេនឌ័រ ថា​ពិត​ជាមាន​សារសំខាន់​ក្នុងការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ដោយបាន​លើកកម្ពស់​តួនាទី​ស្ត្រី​កម្ពុជា​កាន់តែ​លេចធ្លោ​គួរ​ឲ្យ​គត់​សម្គាល់ ចាប់តាំងពី​ប្រទេស​កម្ពុជា​ទទួលបាន​មរតក​ដ៏​ថ្លៃថ្លា គឺ​សន្តិភាព​។​

​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​យេនឌ័រ និង​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ (​ស៊ីដ​-CEDAW) និង​អនុសាសន៍​១២​ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​។​

​លោកស្រី ម៉ែន សំអន បាន​មានប្រសាសន៍ថា វគ្គ​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​យេនឌ័រ និង​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ (​ស៊ីដ​-CEDAW) ពិត​ជាមាន​សារសំខាន់​ណាស់​ដោយបាន​ឆ្លើយតប​ទាំងស្រុង​ទៅនឹង​ង​គោលនយោបាយ​ស្ត្រី របស់​រាជរដ្ឋាភិបាល​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​ដែល​បាន​បញ្ញត្តិ​ច្បាស់លាស់ អំពី ១) ការពង្រឹង​ភាព​អង់អាច  ២)​កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​ស្ត្រី​និង​ក្មេងស្រី ៣)​ការចូលរួម​របស់​ស្ត្រី ក្នុងតួនាទី​ធ្វើ​សេចក្តីសម្រេច​ក្នុង​វិស័យ​សាធារណៈ​និង​នយោបាយ ក្រៅពីនេះ​នៅមាន បទ​ដ្ឋា​ដន​គតិយុត្ត​ជាច្រើន​ទៀត ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ​ពាក់ព័ន្ធ​នឹង​ការផ្តល់​សិទ្ធិអំណាច និង​គាំទ្រ​ដល់​ការ​ផ្តល់ឱកាស​ពេញលេញ​ដល់​ស្ត្រី ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​សង្គមជាតិ​ទាំងមូល​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​បន្ថែមថា "​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុង​ដំណាក់​ទី​១ ទី​២ និង​ទី​៣ បាន​កំណត់ថា ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ ជាមួយនេះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គាំទ្រ និង​លើកកម្ពស់​តួនាទី​ស្ត្រី​ឲ្យ​កាន់តែ​សំខាន់ កាន់តែ​សកម្ម ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​បានចាត់ទុក​ស្ត្រី ជា​ត្បូង​ដ៏​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​"​។

​លោកស្រី សំអន បាន​មានប្រសាសន៍​ថ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការងារ​អភិវឌ្ឍ​ស្ត្រី រួ​មានការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ស្ត្រី​ជាច្រើន ដើម្បី​បណ្តុះបណ្តាល មុខជំនាញ​វិជ្ជាជីវៈ ការថែទាំ​សុខភាព ការផ្តល់​កិច្ច​គាំពារ​នានា និង​ការជួយ​ដោះស្រាយ​ទុក្ខលំបាក​ផ្សេងៗ​ទៀត​ដល់​ស្ត្រី​ទីទាល់ក្រ និង​ងាយ​រងគ្រោះ​។ ដោយហេតុនេះ បច្ចុប្បន្ន ស្ត្រី​កម្ពុជា មាន​តួនាទី​កាន់តែ​ខ្ពស់​ក្នុងសង្គម និង​ក្នុង​ការងារ​ដឹកនាំ​ប្រទេស ជាពិសេស​តួនាទី​ស្នូល​ភារកិច្ច​តាម​អង្គភាព​នីមួយៗ ដែលមាន​សមាសភាព​ស្ត្រី ត្រូវ​បង្កើន​សក្តានុពល​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ជា​ដៃគូ​អភិវឌ្ឍន៍​មិនអាច​ខ្វះ​បាន​របស់​សម​ភាគី​បុរស​។​

​សូមបញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​យុ​ត្តិ​ការ​អន្តរជាតិ កម្ពុជា​ជា​រដ្ឋ​ភាគី​មួយ បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា (​ស៊ីដ​-CEDAW) នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​១៩៩២​។ អនុសញ្ញា (​ស៊ីដ​-CEDAW) បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​១៩៨១ បច្ចុប្បន្ន អនុសញ្ញា​នេះ មាន​រដ្ឋ​ភាគី​ចំនួន​១៨៥ ពាក្យ​ថា​រដ្ឋ​ភាគី គឺជា​រដ្ឋាភិបាល​ដែល​បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា (​ស៊ីដ​-CEDAW)  ហើយ​ត្រូវបាន​ដាក់បញ្ចូល​បញ្ញត្តិ​នានា នៃ​អនុសញ្ញា​នេះ​ដើម្បី​អនុវត្ត​។ ជា​ស្មារតី​សកល គាំទ្រ​ដល់​លិខិត​តូប​ករ​ណ៍​អន្តរជាតិ​នេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២២ ខែកញ្ញា​ឆ្នាំ​១៩៩២៕

លោកស្រី ម៉ែន សំអន ៖ លើកកម្ពស់​តួនាទី​ស្ត្រី ឲ្យ​កាន់តែ​សំខាន់ ដែលជា​ត្បូង​ដ៏​មានតម្លៃ ពុំ​អាច​កាត់ថ្លៃ​បាន​

លោកស្រី ម៉ែន សំអន ៖ លើកកម្ពស់​តួនាទី​ស្ត្រី ឲ្យ​កាន់តែ​សំខាន់ ដែលជា​ត្បូង​ដ៏​មានតម្លៃ ពុំ​អាច​កាត់ថ្លៃ​បាន​