រកឃើញជើងខ្លាំង ២ក្រុម ដែលមានសិទ្ធិ ប្រកួតក្របខណ្ឌ League-II មុនគេ

ភ្នំពេញ៖ វគ្គជម្រុះដំណាក់កាលទី១ នៃពានរង្វាន់ Hun Sen Cup លើកទី១០ បានបញ្ចប់ការប្រកួត សប្ដាហ៍ទី២ហើយ បើគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញ ប៉ុន្ដែក្នុងនោះមាន ២ពូល គឺពូលE និងពូលF បានបញ្ចប់ការប្រកួត ទាំងស្រុង ហើយរកឃើញជើងខ្លាំង ២ក្រុម ដែលទទួលបាន សិទ្ធិ ចូលរួមប្រកួតក្របខណ្ឌ បាល់ទាត់លីកលំដាប់ទី២ (League-II)របស់កម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ដំណាក់កាលទី១ នៃការប្រកួតជម្រុះពានរង្វាន់ Hun Sen Cup គឺចែកជា ៦ពូល ដែល ចាប់ផ្ដើមការប្រកួត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ហើយគ្រោងនឹងបញ្ចប់ការ ប្រកួតនៅចុងខែមីនា ដោយ តម្រូវឲ្យក្រុមជាប់លេខ១ និងលេខ២ តាមពូលនីមួយៗ ត្រូវឡើងប្រកួត ដំណាក់កាល ផ្ដាច់ព្រ័ត្រនៅភ្នំពេញ ប៉ុន្ដែអ្វីដែលពិសេស គឺក្រុមលេខ១ តាមពូលនីមួយៗ ត្រូវមានសិទ្ធិចូលរួមប្រកួត League-II ដែលសហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា គ្រោងរៀបចំលើកដំបូង នៅដើមខែមេសាខាងមុខ ។

ទន្ទឹមជាមួយនឹង ដំណើរការប្រកួតរយៈពេល ២សប្ដាហ៍កន្លងមកនេះ គឺមាន ២ពូលហើយ ដែលបញ្ចប់ការប្រកួត តាមរូបមន្ដក្នុងដី និងក្រៅដី ក្នុងនោះពូលE ក្រុមខេត្តស្ទឹងត្រែង ជាប់លេខ១ ឯក្រុមខេត្តក្រចេះ ជាប់លេខ២ បន្ទាប់ពីជួបគ្នា ២លើក ស្មើគ្នាទាំង ២លើក ពោលគឺជួបគ្នាលើកទី១ ស្មើគ្នា ១-១ លើទឹកដីខេត្តស្ទឹងត្រែង និងជួបលើកទី២ ស្មើគ្នា ២-២ លើទឹកដីខេត្តក្រចេះ ប៉ុន្ដែ ការទាត់បាល់ប៉េណាល់ទី កាត់សេចក្ដី គឺក្រុមស្ទឹងត្រែង ជាអ្នកឈ្នះ ក្នុងលទ្ធផល ៣-២ ។

ដោយឡែកពូលF ដែលមានត្រឹម ២ក្រុមចូលរួមដូចគ្នានោះ គឺក្រុមខេត្តព្រះសីហនុ ជាប់លេខ១ និងក្រុមខេត្តកំពត ជាប់លេខ២ បន្ទាប់ពីប្រកួត ២លើក ឈ្នះម្ដងម្នាក់ ក្នុងនោះខេត្តព្រះសីហនុ ឈ្នះ ៥-១ លើកទឹកដីខ្លួនពេលជួបគ្នា លើកទី១ ហើយជួបនៅលើទឹកដី ខេត្តកំពត ក្រុមម្ចាស់ផ្ទះ ឈ្នះវិញ ៣-០ ប៉ុន្ដែដោយសារក្រុម ខេត្តព្រះសីហនុ មានគ្រាប់បាល់ចំណេញ ច្រើនជាង ក៏ឈរចំណាត់ថ្នាក់លេខ១ ហើយក្រុមខេត្ត ព្រះសីហនុ និងក្រុមខេត្ត ស្ទឹងត្រែង ក៏សុទ្ធតែដណ្ដើមបាន កៅអីលេខ League-II តែម្ដង ។

ចំណែកពូលផ្សេងៗទៀត រួមមានពូលB, C និងពូលD ពេលនេះនៅមិនទាន់រកឃើញ ក្រុមជើងខ្លាំង ពិតប្រាកដ នោះទេ ព្រោះ ៣ពូលនេះ មាន ក្រុមចូលរួមប្រកួតច្រើន លើកលែកតែពូលA ដែលមានតែ ២ក្រុមចូលរួម ប៉ុន្ដែមិនទាន់ធ្វើការប្រកួត ៕

រកឃើញជើងខ្លាំង ២ក្រុម ដែលមានសិទ្ធិ ប្រកួតក្របខណ្ឌ League-II មុនគេ

រកឃើញជើងខ្លាំង ២ក្រុម ដែលមានសិទ្ធិ ប្រកួតក្របខណ្ឌ League-II មុនគេ

រកឃើញជើងខ្លាំង ២ក្រុម ដែលមានសិទ្ធិ ប្រកួតក្របខណ្ឌ League-II មុនគេ