ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យម្នាក់​​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​អ្នក​រត់​ម៉ូ​តី​ឌុ​បម្នាក់​មិន​បាន​សម្រេច​ ត្រូវ​ម្ចាស់​ម៉ូតូ​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​​ជួយ​អន្តរាគមន៍​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​ ទើប​ប្រគល់​ឱ្យសមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៥ ​​កុ​ម្ភៈ នៅ​ចំណុច​ខាងជើង​​​របង​វត្ត​អង្គ​តា​មិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាប់​ព្រំប្រទល់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​​ឈ្មោះ​ ជិត វុ​ទ្ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅ​ម្តុំ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ ។ ចំណែក​ជនសង្ស័យ ​ឈ្មោះ ឡេ​ង ហ៊ី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​

​ជន​រង​គ្រោះ​បាន​និយាយថា នៅ​មុន​ពេល​កើតហេតុ​ គាត់​រត់​ម៉ូតូ​នៅ​ម្តុំ​រង្វង់​មូល​ចោម​ចៅ​ ​ហើយ​ក៏​ដឹក​ជនសង្ស័យ​ពី​ចោមចៅ​​ឆ្ពោះ​ទៅ​ម្តុំ​វត្ត​អង្គ​តា​មិ​ញ​ទាំង​ទៅ​ ទាំង​មក ​ក្នុង​តម្លៃ​១​ម៉ឺន​រៀល ​។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​មិន​បាន​សម្រេច​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ​។ បន្ទាប់​ពី​ដឹក​ជនសង្ស័យ​ទៅ​ដល់​លូ​ប្រាំ​​ ​ជនសង្ស័យ​បានឱ្យ​​គាត់​ឌុ​ប​ទៅ​ម្តុំ​វត្ត​អង្គ​តា​មិ​ញ​វិញ ​ហើយ​ឱ្យ​​គាត់​ឈប់​ចាំ​យក​ប្អូន​បន្តិច​សិន​ ​រួច​​ធ្វើ​ជា​ឈរ​និយាយ​ទូរស័ព្ទ​ចុះឡើង​ ​ស្រាប់តែ​ជនសង្ស័យ​​​យក​ដុំ​ថ្ម​វាយ​ទៅ​លើ​រួប​គាត់​បណ្តាលឱ្យ​​បែកក្បាល​ហូរ​ឈាម​ស្រោច​​ពេញ​ខ្លួន ​រួច​​​​ជនសង្ស័យ​យក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន ។ ភ្លាម​ៗ​នោះ​​គាត់​​ក៏​រត់​តាម​ក្រោយ​បណ្តើរ​ស្រែ​កថា​ «ចោរ​ៗ​បណ្តើរ​» ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជាពលរដ្ឋ​​នៅ​ក្បែរ​​កន្លែង​កើតហេតុ​ ​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ​​ដោយ​ទប់​កំហឹង​មិន​បាន​ក៏​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ទ្រោម​ខ្លួន ​ទើប​ប្រគល់​ឲ្យ​គ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​​​ ។​

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ ដើម្បី​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​អធិការ​​ដ្ឋាន​​​ចាត់​ការ​បន្ត​ ​៕