ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ កម្មករ​រោងចក្រ​ម្នាក់ ខណៈ​ចេញពី​ធ្វើការ​កំពុង​ឌុ​ប​បងស្រី​ត្រឡប់​ទៅ​ផ្ទះ ក៏​ត្រូវ​ក្រុម​ចោរ​កៀរ​ម៉ូតូ​ស្ទាក់​ប្លន់​យក​បាន ដោយ​បាញ់​២​គ្រាប់​ដើម្បី​គំរាម ពេល​នោះ​ត្រូវ​ជន​រង​គ្រោះ​ដក​សោ​ម៉ូតូ​ចេញ​ហើយ​រត់គេច ហើយ​ត្រូវ​បងស្រី​ស្រែ​ថា កាំភ្លើង​ជ័រ​ក៏​យក​ដុំ​ថ្ម​ប្រុង​វាយ​ដ​ណ្តើ​យក​ម៉ូតូ​វិញ តែ​ត្រូវ​បាញ់​ចំ​ដៃ​២​គ្រាប់​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៦ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ជិត​វត្ត​ទួល​សុ​ភី ជាប់​ផ្លូវជាតិ​លេខ​៥១ ក្នុង​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ឈ្មោះ​នូ រ​ត្ថា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1D-6457 ។

បើ​តាម​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ជិះ​ម៉ូតូឌុប​បងស្រី​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ ពេល​កំពុង​ជិះ​បាន​ឃើញ​​ម៉ូតូ​២​គ្រឿង​ជិះ​គ្នា​៤​នាក់ ជិះ​ពីមុខ​តែ​មិន​ចាប់អារម្មណ៍​ថា ជា​ក្រុម​ចោរប្លន់​ឡើយ លុះ​មក​ដល់​ចំណុច​កើតហេតុ ក្រុម​ចោរ​បាន កៀរ​ឱ្យ​ឈប់​ម៉ូតូ ហើយ​បាន​ដក​កាំភ្លើង​បាញ់​គំរាម​២​គ្រាប់ ។ ពេល​នោះ ខ្លួន​បាន​ដក​សោ​ពី​ម៉ូតូ​ហើយ​រត់គេច​ចេញ ព្រោះ​ខ្លាច​ចោរ​បាញ់​សម្លាប់ ។

ពេល​រត់​បាន​ចម្ងាយ​២០​ម៉ែត្រ បងស្រី​របស់​គេ​ឈ្មោះ​នូ  រតនៈ បាន​ស្រែកហៅ រូបគេ​ឱ្យមក​វិញ ដើម្បី​យក​ដុំ​ថ្ម​ជួយ​គប់​ពួក​ចោរ ។​ដោយ​បងស្រី​បាន​ស្រែ​កថា មិនមែន​កាំភ្លើង​មែនទែន​ទេ គឺជា​កាំភ្លើង​ផាវ គ្រាន់តែ​ឮ​បងស្រី​ស្រែក​ដូច្នេះ រូបគេ​បាន​រើស​ដុំ​ថ្ម​រត់​ចូល​សំដៅ​ចូល​ទៅ​រក​វាយ​ក្រុម​ចោរ កុំឱ្យ​យក​ម៉ូតូ ។ ភ្លាម​នោះ​ត្រូវ​ចោរ​ម្នាក់ ក្នុង​ចំណោម​៤​នាក់​បាន​បាញ់​មក​លើ​រូបគេ​២​គ្រាប់​ទៀត​បណ្ដាល​ឱ្យ​ត្រូវ​ធ្លាយ​ដៃ​ទាំង​សងខាង​រង​របួស​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ចេញ​អន្តរាគមន៍​ដែរ តែ​យឺត​ពេល​ទៅ​ហើយ ព្រោះ​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។