ឆ្នាំ២០១៥បង្ក្រាប ជួញដូរមនុស្ស និងជួញដូរ ផ្លូវភេទ១០៥ករណី ឃាត់ខ្លួន១៤៤នាក់

ភ្នំពេញ៖ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានធ្វើការបង្ក្រាប ការជួញដូរមនុស្ស និងជួញដូរផ្លូវភេទ បានចំនួន១០៥ករណី បើប្រៀបធៀបទៅ ឆ្នាំ២០១៤ កើនឡើង១០ករណី និងឃាត់ខ្លួនជនល្មើសបាន១៤៤នាក់។ នេះបើតាមរបាយការណ៍របស់ គ.ជ.ប.ជ ឆ្នាំ២០១៥។

បើតាមរបាយការណ៍របស់ គ.ជ.ប.ជ ដដែលបានឲ្យដឹងថា ការជួញដូរមនុស្សមាន ចំនួន៤៧ករណី ឃាត់ខ្លួនជនល្មើសបាន៧៥នាក់ ស្រី៤៧នាក់ និងជួយ ជនរងគ្រោះបាន១១០នាក់។ ករណីជួញដូរផ្លូវភេទ មានចំនួន៥៨ករណី ឃាត់ខ្លួនជនល្មើសបាន៦៩នាក់ ស្រី២៤នាក់ និងជួយជនរងគ្រោះបាន១៨៥នាក់។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច ក្រឡាហោម ស ខេង បានថ្លែងអំពាវនាវ ដល់ដៃគូអង្គការជាតិ និងអន្តរជាតិ ដែលប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឲ្យបន្តសហការជាមួយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សតទៅទៀត ក្នុងគោលបំណងផ្តោតការយក ចិត្តទុកដាក់លុបបំបាត់ នូវការជួញដូរមនុស្ស និងជួញដូរផ្លូវភេទនៅកម្ពុជា ឲ្យទទួលបានជោគជ័យ៕