ដូរ​ឈ្មោះ “​ក្រសួងបរិស្ថាន​” ឱ្យទៅជា “​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​” ដើម្បី​ឆ្លើយតប ទៅនឹង​វិសាលភាព​ការងារ

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​គាំទ្រ​នូវ​សំណើ​របស់​ក្រសួងបរិស្ថាន "​ដែល​ស្នើឱ្យ​មានការ​បែងចែក​នូវ​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ ឱ្យដាច់​ពីគ្នា​រវាង​ស្ថាប័ន​ទទួលបន្ទុក​ការងារ​អភិរក្ស និង​ស្ថាប័ន​ទទួលបន្ទុក ការងារ​អភិវឌ្ឍ​" គ្រា​ដែល​ការ​ថ្លែង​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ អគារ​មរតក​តេ​ជោ ក្រសួងបរិស្ថាន និង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ បរិស្ថាន​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នា​ទីស្តីការ​ក្រសួងបរិស្ថាន​ថ្មី​។​

​នាឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការបែងចែក​នូវ​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ ឱ្យដាច់​ពីគ្នា​រវាង​ស្ថាប័ន​ទទួលបន្ទុក​ការងារ​អភិរក្ស និង​ស្ថាប័ន​ទទួលបន្ទុក​ការងារ​អភិវឌ្ឍ​នេះ ត្រូវ​ចាប់ផ្តើម​ពី​ការកែទម្រង់​ស្ថាប័ន​ចំនួន​ពីរ គឺ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ក្រសួងបរិស្ថាន​ត្រូវ​ផ្ទេរ​រាល់​គម្រោង​វិនិយោគ​អភិវឌ្ឍ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​កសិឧស្សាហកម្ម​ទៅឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នកគ្រប់គ្រង​បន្ត ហើយ​ក្រសួងកសិកម្ម ត្រូវ​ផ្ទេរ​តំបន់​អភិរក្ស តំបន់​ការពារ និង​តំបន់​បម្រុង​ទុក ទាំងអស់​ទៅឱ្យ​ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង​វិញ​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​មានការ​ពិនិត្យ​ពិភាក្សា​អំពី​ការប្តូរឈ្មោះ "​ក្រសួងបរិស្ថាន​" ឱ្យទៅជា "​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​" វិញ ដើម្បី​ឆ្លើយតប​ទៅនឹង​វិសាលភាព​ការងារ និង​ស្របតាម​និន្នាការ​ក្នុង​តំបន់ និង​ពិភពលោក ពិសេស​និន្នាការ​នៅក្នុង​តំបន់​អាស៊ាន​។​

​សូមបញ្ជាក់ថា ការសម្រេច​គាំទ្រ​ជាគោលការណ៍​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ គឺ​ដោយ​យោងទៅលើ​សំណើ​របស់​ក្រសួងបរិស្ថាន ដែល​បានធ្វើ​ការស្នើសុំ​ទៅកាន់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៤​គឺ ការធ្វើ​ទំនើបកម្ម​ស្ថាប័ន កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព មក​ធ្វើជា​មូលដ្ឋានគ្រឹះ​សម្រាប់​តម្រង់ទិស​ដល់​ការរៀបចំ​គោល នយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព សំដៅ​ធានា​ឱ្យបាន​នូវ​តុល្យភាព​រវាង ការអភិរក្ស និង​ការអភិវឌ្ឍ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​៕

ដូរ​ឈ្មោះ "​ក្រសួងបរិស្ថាន​" ឱ្យទៅជា "​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​"  ដើម្បី​ឆ្លើយតប ទៅនឹង​វិសាលភាព​ការងារ

ដូរ​ឈ្មោះ "​ក្រសួងបរិស្ថាន​" ឱ្យទៅជា "​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​"  ដើម្បី​ឆ្លើយតប ទៅនឹង​វិសាលភាព​ការងារ

ដូរ​ឈ្មោះ "​ក្រសួងបរិស្ថាន​" ឱ្យទៅជា "​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​"  ដើម្បី​ឆ្លើយតប ទៅនឹង​វិសាលភាព​ការងារ

ដូរ​ឈ្មោះ "​ក្រសួងបរិស្ថាន​" ឱ្យទៅជា "​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​"  ដើម្បី​ឆ្លើយតប ទៅនឹង​វិសាលភាព​ការងារ