លោក ហ៊ុន សែន ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​នានា​កុំ​ឲ្យ​ក្ដោប​យក​ការងារ​តែ​ឯង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​រដ្ឋមន្ត្រី​ទាំងអស់​​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ថា កុំ​ឲ្យ​ក្ដោប​យក​ការងារ​តែ​ឯង ដោយ​ត្រូវ​ចែក​រំលែក​ការងារ​ទៅ​ក្រសួង​ដទៃ​ទៀត។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ ដោយ​លោក​អះអាង​ថា លោក​ចង់​បាន​កំណែ​ទម្រង់​មួយ ដែល​មាន​ការ​បែងចែក​មុខងារ​ឲ្យ​ដាច់​ដោយ​ឡែក និង​ច្បាស់​លាស់ មិនមែន​ខំ​តែ​ស្រវ៉ា​ឱប​យក​អំណាច​ទុក​ក្នុង​ក្រសួង​​របស់​ខ្លួន​​ឡើយ។

ប៉ុន្តែ ​លោក ហ៊ុន សែន ថ្លែង​សរសើរ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្មី លោក សាយ សំអាល់ ថា ជា​រដ្ឋមន្ត្រី​ទី​១ ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ដែល​ស្នើ​ប្រគល់​តួនាទី​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេង។ លោក​បន្ត​ថា នេះ​គឺ​ជា​កំណែ​ទម្រង់​ដែល​លោក​ចង់​បាន ហើយ​លោក​សង្ឃឹម​ថា រដ្ឋមន្ត្រី​នានា នឹង​មិន​ឱប​ការងារ​យក​តែ​ម្នាក់​ឯង​ទៀត​ទេ។

បន្ថែម ​ពី​នេះ​ដែរ លោក ហ៊ុន សែន ក៏​បង្អាប់​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ម៉ុក ម៉ារេត ដែល​តែងតែ​សុំ​ការងារ​មួយ​ចំនួន​សម្រាប់​ក្រសួង​របស់​ខ្លួន ដោយ​លោក ហ៊ុន សែន ប្រើ​ពាក្យ​ថា ជា​ការ​សុំ​ដាវ​អាជ្ញាសឹក ដើម្បី​បាន​ជា​អំណាច​ក្នុង​ដៃ តែ​ដល់​ពេល​ត្រូវ​អនុវត្ត ឬ​ចាត់​វិធានការ​អ្វី​មួយ បែរ​ជា​ឲ្យ​លោក​ជា​អ្នក​ប្រើ​អាជ្ញាសឹក​កាប់​ដដែល។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។