ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ឃុំ​បឹងប្រាំ​៣​នាក់​ចូល​ខ្លួន​បំភ្លឺ​សាលាដំបូង​ខេត្ត​បាត់ដំបង

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​​ពី​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ ៨០​នាក់​​ នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ លើក​គ្នា​ទៅ​​ការពារ​តំណាង​របស់​ពួកគាត់​ចំនួន ៣​នាក់ នៅ​មុខ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដែល​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ។

អ្នក​ទាំង​បី​ដែល​ចូល​ខ្លួន​តុលាការ​ ទី​១ លោក ឌឹម អាន អាយុ ៥២​ឆ្នាំ ទី​២ លោក​ សេត វរ អាយុ ៤៩​ឆ្នាំ​ និង​លោកស្រី​ ឡាយ សារ៉េត អាយុ ៥៧​ឆ្នាំ​ រស់​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល​ ខេត្ត​បាត់ដំបង។

តំណាង​ពលរដ្ឋ​ម្នាក់​គឺ​លោកស្រី មឿន ពៅ​ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង ថា មូលហេតុ​ដែល​ពួកគាត់​ប្រមូល​ផ្ដុំ​​គ្នា​នៅ​មុខ​សាលា​ដំបូង​នេះ​​ ដោយសារ​ខ្លាច​តុលាការ​ចាប់​តំណាង​របស់​ខ្លួន​ដាក់​ពន្ធនាគារ​ ដោយ​គ្មាន​កំហុស៖ «»។

​​​​​​​​​​​​​​​​​​​​​ដីកា​កោះ​ចុះ​ហត្ថលេខា​ដោយ​លោក តូច សុភ័ក្ដី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា កោះ​ហៅ​អ្នក​ទាំង​បី​ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​ធ្វើ​ឲ្យ​ខូចខាត​ព្រំ​ដី​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​​អម​សាលា​ខេត្ត​បាត់ដំបង គឺ​លោក តូច សុភ័ក្ដី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា​​អ្នក​ស្រុក​អះអាង​ថា តុលាការ​កោះហៅ​តាម​ពាក្យ​បណ្ដឹង​ លោក ចាន់ សុវណ្ណ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជាមួយ​គ្នា​ ដោយ​ចោទ​ប្រកាន់​អ្នក​ទាំង ៣​នាក់​ថា រំលោភ​ព្រំ​ដី​ជាង​មួយ​ហិកតារ​នៅ​ចំណុច​ភូមិ​ធុង ឃុំ​បឹងប្រាំ។ អ្នក​ទាំង​បី​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​សាកសួរ​ជាង ២​​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។