ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង​ ៖ ​រយៈពេល​មិន​ដល់​១២​ម៉ោង​ផង សមត្ថកិច្ច​នគរបាលក្រុងនិង​ខេត្ត​ បាន​បង្ក្រាប​អ្នក​ប្រើប្រាស់ថ្នាំ​ញៀន​២០នាក់ ​ក្នុង​ចំណោម​៦០​នាក់ ដែល​បាន​ទូរ​ស័ព្ទមក​ទិញ​ថ្នាំ​ញៀនពីអ្នក​ចែកចាយ​ថ្នាំ​ញៀន​​២​នាក់ ដែល​​ស្ថិត​ក្នុង​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច ​។

​លោក ជុន ថា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត​ បានឱ្យ​ដឹង​ថា​ ​​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយសមត្ថកិច្ច​នគរបាល​ក្រុង​​​ ចាប់​បាន​មេ​ខ្លោង​​ចែកចាយ​ថ្នាំ​ញៀន​២​នាក់ ​​ម្នាក់​ ឈ្មោះ យាន សុវណ្ណ​ចិ​ត្រា អាយុ២១​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កំពង់​អូស សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ​និង​ម្នាក់​​ទៀត​​ឈ្មោះ លឹ​ម សំបុណ្យ អាយុ​២៣ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ម៉ា​ទឹក​កចំនួន​៧​កញ្ចប់​តូច និង​ទូរ​សព្ទ័​២​គ្រឿង​​ កាលពី​វេលា​​ម៉ោង​១១​និង​៣០​នាទីថ្ងៃ​ទី​២៣ ​​កុ​ម្ភៈ នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ​។

​លោក​បាន​បន្ត​ថា បន្ទាប់​ពី​ចាប់ខ្លួន​អ្នក​ចែកចាយ​២​នាក់​ខាងលើ សមត្ថកិច្ច​បាន​ដក​ទូរ​ស័ព្ទរបស់អ្នក​ចែកចាយ​ទាំង​២​​នាក់​នេះទុក ​​ស្រាប់តែ​មាន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ដែល​ជា​ម៉ូយ​របស់​មេ​ខ្លោង​​​ទាំង​២​នាក់​ខាងលើ ​ចំនួន​៦០​នាក់​បាន​ទូរ​ស័ព្ទមក​សុំ​ទិញ​ថ្នាំ​ញៀន​ជា​បន្តបន្ទាប់ ​ក្នុង​រយៈពេលមិន​ដល់​១២​ម៉ោង​ផង ​​ត្រូវ​បាន​សមត្ថកិច្ច​សហការ​គ្នា​ស្ទាក់​​ចាប់​បានជា​បន្តបន្ទាប់​ចំនួន​២០​នាក់​ ​​ដែល​​មក​ពី​ស្រុក​រលាប្អៀរ​​៥​នាក់ ​ស្រុក​ជល​គី​រី​​​២​នាក់ ​ខេត្តកំពង់ស្ពឺ​​ម្នាក់​ ​និង​​ក្រុង​កំពង់ឆ្នាំង​​១២​នាក់​ ។​ ​ចំណែក​វត្ថុ​តាង​ដកហូត​បាន​​ រួម​មាន​ ថ្នាំ​ញៀន​​៧​កញ្ចប់​តូច ​ទូរ​ស័ព្ទដៃ​១០​គ្រឿង ​ម៉ូតូ​៨​គ្រឿង ​​ប្រាក់​​ធ្នាក់​១២​ម៉ឺន​រៀល ​ដាវនិង​កាំបិតស្នៀត​២​​ ស្នាប់ដៃ​១ ​និង​សម្ភារ​​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ។

លោក ជុន ថា​រិ​ទ្ធ បាន​បន្ត​​ថា​ តាម​ការ​ប្រជុំ​ឯកភាព​របស់​លោកស្នងការ​ជាមួយ លោក​ព្រះរាជអាជ្ញា​​អម​​សា​​លា​ដំបូង​ខេត្ត គឺ​មេ​​ខ្លោង​ចែកចាយ​ថ្នាំ​ញៀន​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿងបញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត ផ្តន្ទាទោស​តាម​នីតិវិធី ។ ដោយឡែក​ អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំង​២០នាក់ ​មួយ​ចំនួន​ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ និង​មួយ​ចំនួន​ទៀត​ធ្វើការ​អប់រំ​ ដោយឱ្យ​​ត្រឡប់​ទៅ​វិញ តែ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច ៕  ​