ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​មណ្ឌលគិរី ៖ បន្ទាប់​ពី​​ប្រតិបត្តិការ​បង្ក្រាប​ និងទប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ​ក្នុង​រូបភាព​ដ៏​​ធំ​មហិមា​​ក្នុង​តំបន់​ភូមិភាគ​ឦសាន​រួច​មក ​​រយៈ​ពេល​​​ជាង​៣០​ថ្ងៃ​កន្លង​មក​នេះ គេ​សង្កេត​ឃើញ​ថា ក្នុង​ខេត្ត​ដែល​សម្បូរ​ព្រៃឈើ​ និង​ខេត្ត​ដែល​មិន​សម្បូរ​ព្រៃ​ឈើ​ តែ​​​ជា​ច្រក​សម្រាប់​នាំ​ឈើ​​ចេញ​ក្រៅ​ស្រុក ត្រូវ​បាន​គណៈកម្មការ​ថ្នាក់​ជាតិ​រុករក​ឃើញ​​ឈើ​​រាប់​ពាន់​ម៉ែត្រគូប ខណៈ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​​របាយ​ការ​គណៈកម្មការ​ថ្នាក់​ជាតិ​បង្ហាញ​ថា មាន​ចំនួន​ឈើ​ខុសច្បាប់​ច្រើន​ជាងគេ ក្នុង​ចំណោម​ខេត្ត​​ដែល​បាន​​ចុះ​ប្រតិ​បត្តិ​ការ​​ចំនួន៥ នា​ពេល​កន្លង​មក ។

ប្រភព​ពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ថា ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​២ កំពុង​ប្រឈម​មុខ​តាម​ផ្លូវ​តុលាការ​ពាក់ព័ន្ធ​ពាក្យបណ្ដឹង​របស់​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​បាន បញ្ចប់ ​។

​លោក ឡុ​ង ហុង​ម៉េ​ង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ថ្លែង​​បដិសេធ​មិន​អធិប្បាយ​ពិស្ដារ​ប្រាប់​ដល់​វិទ្យុ​ក្នុងស្រុក​មួយ​​ថា ពាក់ព័ន្ធ​របាយការណ៍​ស៊ើបអង្កេត​បទល្មើស​របស់​ក្រុមហ៊ុន​ទាំង​២ ដែល​គណៈកម្មការ​បង្ក្រាប ​និង​ទប់ស្កាត់​បទល្មើស ព្រៃ​ឈើ​បញ្ជូន​មក​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ក្រុមហ៊ុន​ទាំង​២​ គឺ​ជា​ក្រុមហ៊ុន​ដំបូង ដែល​មន្ត្រី​ស្ថាប័ន​អយ្យការ​បាន​ទទួល ពាក្យ​បណ្ដឹង​ទាក់ទិន​ករណី​ស្តុក​ឈើ​ខុសច្បាប់​ ។

លោក​ព្រះរាជអាជ្ញារ​បន្ត​ថា នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ ដោយ​គ្មាន​ការ​អនុគ្រោះ​ ចំពោះ​ករណី​រក​ឃើញ​បទល្មើស​ព្រៃឈើ​ទាំងនោះ​
ទេ​ ។ ក្រុមហ៊ុន​ដែល​ត្រូវ​គណៈកម្មការទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស ព្រៃឈើ​ថ្នាក់​ជាតិ​បាន​ដាក់​ពាក្យ​ប្ដឹង​មានឈ្មោះ ក្រុមហ៊ុន ប៊ិ​ញ ភឿ​ក ១ (Bin Phuoek 1) និង ក្រុមហ៊ុន យូ​នី ហ្គ្រី​ន (Uni Green)​ហើយ​អាច​នឹង​ត្រូវ​មន្ត្រី អយ្យការ​តុលាការ ខេត្តមណ្ឌល​គិរី កោះហៅតំណាងក្រុមហ៊ុនសម្បទានដី សេដ្ឋកិច្ច​ទាំង​២ មក​បំភ្លឺ​ក្នុង​សំណុំរឿង​ស្តុក​ឈើ​ខុសច្បាប់​ ។

ទាក់ទិន​ករណី​នេះ ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី លោក វង សុក​សិរី បញ្ជាក់​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​ប្រមាណ​៤ ពាន់ម៉ែត្រគូប​ នៅ​ក្នុង​បរិវេណ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក១​ ។ ដោយឡែក​ឈើ​នៅក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន មន្ត្រីជំនាញ មិន​ទាន់បញ្ចប់​បញ្ជីសារពើភណ្ឌអំពី​បរិមាណ​ឈើ​រក​ឃើញ ក្នុង​ក្រុមហ៊ុន​នេះ​នៅ​ឡើយ​ទេ ។