ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ​៖ ​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​​ស្រាវជ្រាវ និង​ពិនិត្យឈាម​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាម ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល រួច​មក ​បា​នរក​ឃើញ​ថា​ អ្នកមាន​ផ្ទុកមេរោគ​ចំនួន​១៨​នាក់​នោះ​ មិនមែនជា​ការផ្ទុះ​មេរោគ​នេះ​ជា​ថ្មីទេ គឺ​បាន​ចម្លងតាំងពី​យូរ​មក​ហើយ​ ការ​ចម្លង​មេរោគ​នេះ ក៏​មិន​មាន​​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​ថ្នាំព្យាបាល​អ្នកជំងឺ​ដែរ​ ។ នេះ​បើ​តាម​ប្រសាសន៍ លោក លី ប៉េង​ស៊ុន ​ប្រធានមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធប្រឆាំង​​ជំងឺ​​អេ​ដស៍  និង​កាមរោគ​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុ​ម្ភៈ ២០១៦ ​។

​លោក​បាន​បញ្ជា​ក់​​​ថា ​គ្រូពេទ្យ​ជំនាញ ​និង​អង្គការ​ជា​ដៃគូ បាន​ធ្វើការ​ពិនិត្យឈាមអ្នក​ផ្ទុ​មេរោគ​អេ​ដស៍ឃើញ​ថា​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំងនោះ ភាគច្រើន​មាន​តាំងពី​យូរ​មក​ហើយ ​ប៉ុន្តែ​ទំនងជា​ពួក​គាត់​មិន​បានដឹង​​ពី​ការ​ឆ្លង​នេះ អាច​បណ្ដាល​មក​ពី​គាត់​ទៅ​រក​ការ​សប្បាយ​និង​រួម​ភេទ ដោយ​មិន​បាន​ប្រើប្រាស់ស្រោមអនាម័យ ​ឬ​​អាច​មក​ពី​កត្តា​ផ្សេង​ៗ​ទៀត​ហើយ​មក​ចម្លង​បន្តដល់​ប្រពន្ធ​កូន ​។ ​រហូត​មក​ដល់​ថ្ងៃនេះ​ មាន​អ្នក​ភូមិ​ទៅ​ធ្វើ​តេស្ត​ឈាមនៅ​មណ្ឌល​សុខភាព​ជា​បន្តបន្ទាប់​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​មាន​អ្នក​​ផ្ទុកមេរោគ​អេ​ដស៍បន្ថែម​ទៀត​ទេ​ ។

លោក​ ងួ​ន ចំរើន ប្រធាន​មន្ទីរ​ពេទ្យប្រតិបត្តិស្រុក​មុខកំពូល​ បាន​​ឱ្យ​ដឹង​ថា​ ​​អ្នក​ភូមិ​នៅ​តែ​បន្ត​ទៅ​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​សំបួរមាស ប៉ុន្តែ​មិន​ច្រើន​នាក់​ទេ​ អ្នក​មក​ធ្វើ​តេស្ត​​ឈាមមិន​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុកមេរោគ​អេ​ដស៍បន្ថែ​ម​​ទៀត​ទេ​ ។ ភាគច្រើនគាត់​នាំ​គ្នា​ទៅ​ធ្វើ​តេស្ត​​ឈាម ​នៅ​គ្លីនិក​ឯកជន​នៅ​រាជធានី​ភ្នំពេញ ​។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋប្រុសស្រី​​ទាំង​១៨​នាក់​ រស់នៅ​ក្នុងភូមិ​ពាម ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល ខេត្តកណ្តាល ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​អេ​ដស៍​គិតមក​ដល់​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២២​ កុ​ម្ភៈ បន្ទាប់​ពី​ធ្វើ​តេស្តឈាម អ្នក​ភូមិ​ចាប់ពី​ថ្ងៃ​១៣ កុ​ម្ភៈ ​មក​លើ​មនុស្ស​២៤០​នាក់​ ។​

​លោកស្រី យ៉ែ​ម ណ​ង់ មេឃុំ​សំបួរមាស​បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ ការ​ផ្ទុះ​​​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ឡើយ រហូត​ទាល់តែ​អង្គការ​ខេមរា​ ចុះ​មក​ធ្វើ​តេ​ស្តឈាម​រក​មេរោគ​អេ​ដ​ស៏ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ទើប​រក​ឃើញ​មេរោគ​អេ​ដស៍​កើត​មាន​ទៅ​លើ​អ្នក​ភូមិ​ជា​បន្តបន្ទាប់​នោះ​ ។​ ករណី​នេះ​លោកស្រី​បាន​សម្តែង​ក្តី​បារ​ម្ភ ចំពោះ​អ្នក​កើត​មេរោគ​អេ​ដ​ស៏ ដែល​គ្រួសារ​ខ្លះ​បាន​កើត​ទាំង​ប្តី​ទាំង​ប្រ​ព​ន្ឋ ឆ្លង​​​ទៅ​​កូន​ ហើយ​ភាគច្រើន​ជា​គ្រួសារ​ទីទ័ល​ក្រ​​ទៀត​ផង​ អ្នកស្រី​ស្នើ​សុំ​ដល់​មន្ត្រី​សុខាភិបាល​ ធ្វើ​យ៉ាងណា​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ផ្តល់​ថ្នាំសង្កូវ​ក្នុង​ការ​ព្យាបាល​អ្នក​ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​​នេះ​ផង ​។

លោក លី ប៉េង​ស៊ុន​ ​​ដែល​​​ចុះ​ធ្វើ​តេ​ស្ត​ឈាម​ដោយ​ផ្ទាល់បាន​ប្រាប់​អ្នក​យក​​ព័​ត៌មាន​តាម​​ទូរស័ព្ទ​​ថា ការ​រក​ឃើញ​មេរោគ​អេ​ដ​ស៍​ធ្វើ​ឡើង តាំងពី​ថ្ងៃ​ទី​១៣ ​ខែកុម្ភៈ ​ដល់​​​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ​​រក​ឃើញ​មនុស្ស​​តែ១៨​នាក់​​ដដែល​​ ដែល​មាន​ផ្ទុកមេរោគ​អេ​ដ​ស៍ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១២​នាក់ ​ដែល​ភាគច្រើន​កើត​ទៅ​លើ​មនុស្សចាស់​និង​ឆ្លង​មក​កុមារ​តូច​ម្នាក់​ ៕