ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ប្រតិ​កម្ម​មិន​ឯក​ភាព​ទេ រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​ពេល​ថ្មីៗ នៅ​មាន​ការ​កាប់​ព្រៃ​ទៀត កាប់​រាប់​រយ​​ហិកតា កាប់​បំពាន​យក​ដី កាប់​ហើយ​ដុត​ចោល​យក​ដី... ។

ទាក់​ទិន​នឹង​បញ្ហា​នេះ សម្តេច​តេជោ​សង្កត់​ធ្ងន់​ថា យើ​ង​ទទួល​នូវ​ការ​ឈឺ​ចាប់​ណាស់ នៅពេល​ដែល​គេ​ស្រែក​អំពី​បញ្ហា​​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ។ ពិត​ហើយ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ គឺ​ត្រូវ​តែ​មាន​ទោស​ យើង​ត្រូវ​តែ​បង្ក្រាប​ហើយ ។

ខ្ញុំ​ឱ្យ​ឧទ្ធម្ភាគ​ចក្រ​​ចំនួន​២​គ្រឿង​សម្រាប់​ធ្វើ​ការ​បង្ក្រាប​អំពើ​កាប់​បំផ្លាញ​ព្រៃ​ឈើ ប៉ុន្តែ​ដូច​ជា​មិន​ទាន់​បាន​បាញ់​​មួយ​គ្រាប់​សោះ ។

សម្តេច​មាន​ប្រសាសន៍​ថា ខ្ញុំ​បញ្ជា​ឱ្យ​បាញ់​ណា៎ បើ​ថា​នៅ​តែ​ព្រហើន ត្រូវ​បាញ់​រ៉ុកក្កែត​ពី​លើ​តែ​ម្តង ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ ២០១៦ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ «អគារ​មរតក​តេជោ» ក្រសួង​បរិស្ថាន និង​ពិធី​បើក​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​បរិស្ថាន​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៦ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។