ជប៉ុន អនុញ្ញាតក្រុមកីឡា បាល់ទាត់នារីកូរ៉េខាងជើង ឲ្យចូលប្រកួតកីឡា អូឡាំពិកវគ្គជម្រុះក្រុងតូក្យូ

អូសាកា៖ ក្រុមកីឡាបាល់ទាត់ នារីកូរ៉េខាងជើងមួយក្រុង នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ បានធ្វើដំណើរមកដល់ ក្រុងតូក្យូប្រទេស ជប៉ុន ហើយ ដែលក្រុងតូក្យូ ហៅថា វាជាករណីលើកលែង ចំពោះការហាមឃាត់ ការធ្វើដំណើរ ក្រោយពីការធ្វើ តេស្តនុយក្លេអ៊ែរ និងបាញ់គ្រាប់រ៉ុក្កែត របស់ក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា សមាជិកក្រុមពាក់អាវ ក្រៅពណ៍ក្រហម និងកាតាបស្ពាយពណ៍ ផ្កាឈូក បានមកដល់ព្រលាន យន្ដហោះអន្ដរជាតិកានសៃ រដ្ឋអូសាកា ពីក្រុងប៉េកាំង។ អត្តពលិកសរុបចំនួន ៣០នាក់ ហើយបុគ្គលិកក៏បាន ទទួលទិដ្ឋាការរបស់ពួកគេ នៅ ស្ថានទូតជប៉ុនប្រចាំ រដ្ឋធានីចិន កាលពីថ្ងៃពុធម្សិលមិញនេះ។

វគ្គប្រកួតជម្រុះអាស៊ាន សម្រាប់កីឡាអូឡាំពិក ក្រុងរីយ៉ូ ឆ្នាំ២០១៦ នឹងធ្វើឡើងនៅរដ្ឋអូសាកា ប្រទេសជប៉ុន ថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ ក្នុងការប្រកួតរវាង អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង និងវៀតណាម ពីរកន្លែងផ្សេងគ្នា ហើយជប៉ុន និងកូរ៉េខាងជើង នឹងជួបគ្នានៅថ្ងៃទី០៩ ខែមីនា។

គួរបញ្ជាក់ថា ជប៉ុន បានអនុវត្តទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង នៅដើមខែកុម្ភៈនេះ ដោយបានហាមឃាត់ ទិដ្ឋាការឆ្លងដែនរាល់ជនជាតិ កូរ៉េខាងជើង និងរាល់ការ ចុះឈ្មោះនាវា កូរ៉េខាងជើង ទាំងអស់ ដើម្បីជាការ ឆ្លើយតបនឹង ការបន្ដធ្វើតេស្តនុយក្លេអ៊ែរ និងបង្កជម្លោះរបស់ប្រទេសនេះ៕

ជប៉ុន អនុញ្ញាតក្រុមកីឡា បាល់ទាត់នារីកូរ៉េខាងជើង ឲ្យចូលប្រកួតកីឡា អូឡាំពិកវគ្គជម្រុះក្រុងតូក្យូ