ប្រេសិត​អាមេរិក​និយាយ​ថា ​មាន​ការ​ពិភាក្សា​សិទ្ធិ​មនុស្ស​នៅ​ជំនួប​កំពូល

ប្រេសិត​ជាន់​ខ្ពស់​អាមេរិក​ប្រចាំ​អាស៊ាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ថ្វីបើ​បញ្ហា​ពាណិជ្ជកម្ម​និង​សន្តិសុខ​ត្រូវ​គេ​យក​ចិត្ត​ដាក់​នៅ​ជំនួប​កំពូល​អាមេរិក-អាស៊ាន​កាលពី​សប្តាហ៍​មុន​ក៏ដោយ ក៏​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក បាន​ប្រើ​ជំនួប​នោះ​ដើម្បី​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​តំបន់​នេះ​ដែរ។

ថ្លែង​ពី​ទីក្រុង​ហ្សាការតា​ក្នុង​ពេល​ធ្វើ​ទូរ​សន្និសីទ ​ជាមួយ​អ្នក​យក​ព័ត៌មាន លោក​ស្រី នីណា ហាឈីជាន (Nina Hachigian) បាន​និយាយ​ថា ជំនួប​កំពូល​ដែល​ធ្វើ​ឡើង​នៅ រ៉ានឆូ មីរេជ រដ្ឋ​កាលីហ្វ័រញ៉ា ពី​ថ្ងៃ​ទី​១៥​ដល់​១៦​ខែ​កុម្ភៈ ក៏​ដូចជា​ទំនាក់​ទំនង​អាមេរិក-អាស៊ាន​ជា​ទូទៅ​ដែរ បាន​ផ្តោត​លើ “ការ​លូតលាស់ ស្ថិរភាព [និង]​ច្បាប់​ជាច្រើន”។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ថា​តើ​ការ​អញ្ជើញ​ប្រទេស​កម្ពុជា​ចូលរួម​ជំនួប​កំពូល​នេះ បាន​បង្ហាញ​ការ​មើល​ឃើញ​សុទិដ្ឋិនិយម​ទាក់ទិន​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ​ដែរ​ឬ​ទេ លោក​ស្រី ហាឈីជាន បាន​និយាយ​ថា “ខ្ញុំ​អាច​ប្រាប់​លោក​បាន​ថា នៅ​គ្រប់​ឱកាស​ទាំង​អស់​ក្នុង​ជំនួប​កំពូល លោក​ប្រធានាធិបតី​បាន​លើក​ឡើង​នូវ​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ”។

លោក​ស្រី​បាន​និយាយ​ថា “អាទិភាព​សំខាន់​របស់​យើង​គឺ​ចង់​មើល​ឃើញ​ប្រទេស​កម្ពុជា​អភិវឌ្ឍ​ទៅ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ ដែល​គោរព​សិទ្ធិ​មនុស្ស និង​គាំទ្រ​សង្គម​ស៊ីវិល​ចម្រើន​លូតលាស់”។

លោក​ស្រី ហាឈីជាន បាន​បន្ថែម​ថា “ការ​ប្រឈម​ដ៏​ច្រើន”​នៅ​តែ​មាន។

លោក​ស្រី​បាន​និយាយ​ថា “យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​បង្កើត​សង្គម​ប្រកប​ដោយ​យុត្តិធម៌​ត្រឹមត្រូវ​ថែម​ទៀត និង​ធ្វើ​ឲ្យ​ការ​ប្ដេជ្ញា​របស់​ខ្លួន​ប្រសើរ​ឡើង​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស”។

ក្នុង​សន្ទរកថា​បើក​នៅ​ជំនួប​កំពូល​កាលពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ លោក អូបាម៉ា បាន​រំលង​ការ​និយាយ​អំពី​សិទ្ធិ​មនុស្ស និង​ឋានៈ​របស់​ខ្លួន​ក្នុង​ទំនាក់​ទំនង​អាមេរិក-អាស៊ាន។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាលពី​សប្តាហ៍​មុន​បាន​ចាត់​ទុក​ការ​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​ជំនួប​កំពូល​នេះ​ជា “ដំបង​ឈើ​ធ្ងន់​ដ៏​ធំ​វាយ​ចំ​ក្បាល​អ្នក​ប្រឆាំង”​នោះ បាន​និយាយ​ថា ការ​និយាយ​អំពី​សិទ្ធិ​មនុស្ស​របស់​លោក អូបាម៉ា គឺ​តិច​តួច​បំផុត។

លោក ឥសាន បាន​និយាយ​ថា “មុន​ដំណើរ​អញ្ជើញ​មក​ដល់​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា [ក្រុម​សង្គម​ស៊ីវិល​និង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល] បាន​សំលៀង​កាំបិត ហើយ​ហុច​ទៅ​ឲ្យ​ប្រធានាធិបតី អូបាម៉ា ដើម្បី​កាប់​ចិញ្ច្រាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា”។

លោក​បាន​និយាយ​ថា “ទោះជា​យ៉ាង​នេះ​ក្តី យើង​បាន​កត់​សម្គាល់​ឃើញ​ថា គ្មាន​នរណា​នៅ​ឯ​ជំនួប​កំពូល​នោះ​បាន​លើក​ឡើង​ពី​បញ្ហា​អវិជ្ជមាន​ទាំង​នេះ​ដាក់​លើ​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច តេជោ ហ៊ុន សែន នោះ​ទេ។ ហេតុដូច្នេះ យើង​ចាត់​ទុក​ការ​ទៅ​ចូលរួម​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​នៅ​ជំនួប​កំពូល​អាមេរិក-អាស៊ាន ថា​ជោគជ័យ​សម្បើម​មួយ”៕ និត

 

The post ប្រេសិត​អាមេរិក​និយាយ​ថា ​មាន​ការ​ពិភាក្សា​សិទ្ធិ​មនុស្ស​នៅ​ជំនួប​កំពូល appeared first on ខេមបូឌា ដេលី.