ខ្សែបម្រើ​កណ្តាល Sven Bender សម្រេចចិត្ត​បន្ត​កុងត្រា​ជាមួយ Dortmund ដល់​ឆ្នាំ ២០២១

ខ្សែបម្រើ​កណ្តាល Borrussia Dortmund កីឡាករ Sven Bender បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​លេង​ជាមួយ​ក្លិប​នេះ រហូតដល់ ឆ្នាំ ២០២១ ហើយ​កីឡាករ​នេះ​ក៏បាន​ជំរុញ​ឲ្យ​មិត្ត​រួម​ក្រុម​ដ៏​ទៃ​ឲ្យ​ធ្វើ​ដូចនេះ​ផងដែរ។

dortmundកីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ ដែល​បាន​ផ្ទេរ​មកលេង​នៅ​ក្លិប​តាំងពី​ឆ្នាំ ២០០៩ និង​ធ្លាប់​ឈ្នះ​ពាន Bundesliga ជាប់​គ្នា​ពីរ​រដូវ​កាល (២០១១ និង ២០១២) ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ចាស់ Jurgen Klopp បច្ចុប្បន្ន​គ្រូបង្វឹក Liverpool បាន​និយាយថា «ខ្ញុំ​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​ណាស់ ដែល​អាច​ពាក់អាវ Dortmund បន្តទៀត​នាពេលខាងមុខ»។ កីឡាករ​នេះ​បន្តថា «ខ្ញុំ​នឹង​រីករាយ​បន្ថែមទៀត ប្រសិនបើ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ មិត្ត​រួម​ក្រុម​ដទៃ​នឹងធ្វើ​តាម»។

កីឡាករ Dortmund មួយចំនួន រួមទាំង​កីឡាករ Ilkay Gundogan និង Mats Hummels ត្រូវបាន​គេ​រាយការណ៍​ថា នឹង​ចាកចេញ។ នាយក​ប្រតិបត្តិ​ក្លិប លោក Hans-Joachim Watzke បាន​ថ្លែង​ដែរ​ថា «ខ្ញុំ​មាន​អារម្មណ៍​រីករាយ ដែល​កីឡាករ​មាន​ជំហរ​រឹងមាំ បានសម្រេច​ចិត្ត​នៅ​ជាមួយ​ពួកយើង​បន្តទៀត»។ បច្ចុប្បន្ន Dortmund ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​តារាង Bundesliga របស់​អាល្លឺម៉ង់ មាន ១៥ពិន្ទុ​លើ​ក្រុម​លេខ ៣ Hertha Belin និង​ចាញ់​ក្រុម​លេខ ១ Bayern Munich ចំនួន ៨ពិន្ទុ៕