រដ្ឋសភា ទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ ចុងឆ្នាំ២០១៦

ភ្នំពេញ៖ សភា នៃព្រះរាជាណា ចក្រកម្ពុជា គ្រោងទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំ មហាសន្និបាត សភាតំបន់ អាស៊ី(APA) ជាលើកទី២ នៃមហាសន្និបាតលើកទី៩ នាចុងឆ្នាំ២០១៦នេះ បន្ទាប់ពីបានរៀបចំ មហាសន្និបាតលើកទី៨ កាលពីចុងឆ្នាំ២០១៥កន្លងទៅ ។

ក្នុងដំណើរឆ្ពោះទៅរៀបចំ មហាសន្និបាតលើកទី៩នេះ រដ្ឋសភា បានកំពុងបំពេញ កិច្ចការជាច្រើន ក្នុងនោះ កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ ក្រោមការដឹកនាំរបស់ លោកងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធាន ក្រុមសភាជាតិកម្ពុជា-សភាតំបន់អាស៊ី បានបើកកិច្ចប្រជុំមួយ ដើម្បីកំណត់ប្រធានបទ កំណត់ទីកន្លែង និងកាល បរិច្ឆេទ សម្រាប់រៀបចំសមហាសន្និបាតលើកទី៩។

លោក ងួន ញ៉ិល បានលើកឡើងថា យោងតាមធម្មនុញ្ញអេភីអេ បានស្នើដល់ប្រទេសដែលទទួលរៀបចំ មហា សន្និបាត ត្រូវទទួលរៀបចំមហាសន្និបាត ចំនួនពីរឆ្នាំជាប់គ្នា។ យោងតាមស្មារតីនេះ លោកបានគូសបញ្ជាក់ថា ដូច្នេះសភាកម្ពុជា មានកាតព្វកិច្ចទទួលរៀបចំមហាសន្និបាតអេភីអេ នេះពីរឆ្នាំ គឺមហាសន្និបាតលើកទី៨ កាលពី ចុងឆ្នាំ២០១៥ ហើយមហាសន្និបាតលើកទី៩ ត្រូវធ្វើនៅចុងឆ្នាំ២០១៦ ខាងមុខ។

គួរបញ្ជាក់ថា មុនបើកមហាសន្និបាតប្រចំាឆ្នាំ សភាតំបន់អាស៊ី (APA) មានកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិចំនួន ពីរលើក គឺកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ លើកទី២។ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ ក្នុងរយៈពេលបីខែ មុនមហា សន្និបាត ចំណែកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ គឺរៀបចំធ្វើជាប់គ្នា និងមហាសន្និបាតតែម្តង៕

រដ្ឋសភា ទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ ចុងឆ្នាំ២០១៦