CNRPស្វាគមន៍ បទបញ្ជាថ្មី របស់នាយករដ្ឋមន្ត្រី ក្នុងការប្រើរ៉ុក្កែត ទប់ស្កាត់បទល្មើសព្រៃឈើ

ភ្នំពេញ ៖ លោក យ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ (CNRP) បានស្វាគមន៍ ចំពោះការចេញ បញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែលោកបានទទួលស្គាល់ថា ហាក់មានលក្ខណៈ ធ្ងន់ធ្ងរពេកហើយដែល ឈានដល់ការបាញ់រ៉ុក្កែតនេះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី២៥ កុម្ភៈ នេះ លោក យ៉ែម ប៉ុញ្ញឬទ្ធិ បញ្ជាក់ថា «យើងសង្កេត ឃើញថា ការបង្ក្រាបបទល្មើសព្រៃឈើ នាពេលបច្ចុប្បន្នហាក់ ពុំទាន់មានប្រសិទ្ធភាព ហើយ សង្ឃឹមថា ការស៊ើបអង្កេតតាម ដាន រក ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ នឹងមានប្រសិទ្ធភាព។ យើងស្វាគមន៍ចំពោះ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ដើម្បីការពារព្រៃឈើ ប៉ុន្តែឈានដល់ការប្រើរ៉ុក្កែត ដូចជាហួសហេតុពេក»។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ រូបនេះ គូសបញ្ជាក់ថា ប្រសិនបើមានឆន្ទៈក្នុងការ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើគ្រប់គ្រាន់ពេកហើយ ពោលគឺមិនចាំបាច់ឈានដល់ការប្រើ បាញ់គ្រប់រ៉ុក្កែត នោះទេ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាថ្មីម្តងទៀត បានបញ្ជាទៅកាន់ នាយ ឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យបាញ់គ្រាប់ រ៉ុក្កែតពីលើ ឧទ្ធម្ភាគចក្រ ប្រសិនមានជនព្រហើន និងរញ៉េរញ៉ៃ ហើយបន្តកាប់ឈើខុសច្បាប់នោះ។ ប្រសាសន៍របស់ សម្តេចតេជោ បែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត និងសម្ពោធអគារ មរតកតេជោ នៅក្រសួងបរិស្ថាន នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ ៕

CNRPស្វាគមន៍ បទបញ្ជាថ្មី របស់នាយករដ្ឋមន្ត្រី ក្នុងការប្រើរ៉ុក្កែត ទប់ស្កាត់បទល្មើសព្រៃឈើ