សម្ដេច​តេជោ ហ៊ុន សែន គាំទ្រ​សំណើរឲ្យ​មានការ​បែងចែក​តួនាទី​ភារកិច្ច និង​ទទួល​ខុសត្រូវ​ឲ្យដាច់​ពីគ្នា រវាង​ស្ថាប័ន​ទទួល​បន្ទុក​អភិរក្ស និង​ស្ថាប័ន​ទទួល​បន្ទុក​អភិវឌ្ឍន៍

ភ្នំពេញ:

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ចាប់តាំងពីសម្ដេច កាន់អំណាច ជាង ៣០​មក​នេះ គឺមានតែឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមួយគត់ ដែលស្នើឲ្យមានការបែង ចែក​តួនាទី​ភារកិច្ច និងទទួលខុសត្រូវឲ្យដាច់ពីគ្នា រវាងស្ថាប័នទទួលបន្ទុកការងារអភិរក្ស និងស្ថាប័ន ទទួល​បន្ទុក​​ការងារអភិវឌ្ឍន៍។ ចំពោះសំណើរនេះ ត្រូវបានសម្ដេចតេជោ ប្រកាសគាំទ្រនៅក្នុងពិធី សម្ពោធ​អគារ​ទីស្ដីក្រសួងបរិស្ថានថ្មី ឈ្មោះថា « មរតកតេជោ» នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ។
 ថ្លែងក្នុងពិធីសម្ភោធ​អគារទីស្ដីក្រសួងបរិស្ថានថ្មី នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បានប្រកាសគាំទ្រសំណើររបស់ក្រសួងបរិស្ថាន ដែលស្នើឲ្យមានការបែងចែក​តួនាទី​ភារ​កិច្ច និងទទួលខុសត្រូវឲ្យដាច់ពីគ្នា រវាងស្ថាប័នទទួលបន្ទុកការងារអភិរក្ស និងស្ថាប័នទទួល​បន្ទុក​ការងារ​អភិវឌ្ឍន៍។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងបន្ដថា សម្ដេចបានប្រគល់ភារកិច្ច​ជូន​លោកឧបនា​យករដ្ឋមន្ត្រី ប្រចាំ គាត ឈុន និងប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដឹកនាំ​កិច្ចប្រជុំអន្ដរក្រសួង ដើម្បីឲ្យដំណើរការកែទម្រង់​រចនាសម្ព័ន្ធគ្រប់គ្រង​របស់​ស្ថាប័ន​អភិ​រក្ស និង​ស្ថាប័ន​អភិវឌ្ឍន៍ឲ្យប្រព្រឹត្ដទៅដោយរលូន នឹងសម្រេចបានលទ្ធផល​ជាវិជ្ជមាន​ក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ។
ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យការងារអន្ដរក្រសួងចាប់ផ្ដើមធ្វើការកែ​ទម្រង់​ស្ថាប័នចំនួន២គឺក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​ក្រសួង​បរិស្ថាន ត្រូវផ្ទេររាល់គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មឲ្យ​ទៅ​ក្រសួង​កសិ​កម្ម រុក្ខា​​ប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រងបន្ដ។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវ​ផ្ទេរតំបន់អភិរក្ស តំបន់ការងារ និងតំបន់បម្រុងទុកទាំងអស់ ឲ្យទៅក្រសួងបរិស្ថាន​ជាអ្នក​គ្រប់​គ្រង​វិញ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ថា ចាប់តាំងពីសម្ដេច​កាន់អំណាច​ជាង​៣០មកនេះ គឺមានលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមួយគត់ ដែលស្នើឲ្យមាន​ការ​បែង​ចែក​តួនាទីភារកិច្ច និងទទួលខុសត្រូវឲ្យដាច់ពីគ្នា រវាងស្ថាប័នទទួលបន្ទុកការងារអភិរក្ស និង​ស្ថាប័ន​ទទួលបន្ទុកការងារអភិវឌ្ឍន៍។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការចាប់ផ្តើមកំណែទម្រង់នៅក្រសួងបរិស្ថាន គឺជាគំរូដល់​ក្រសួងផ្សេងៗ ដែលត្រូវអនុវត្តន៍ឲ្យបាន និងមានប្រសិទ្ធភាព។
 រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានថ្លែងក្នុងឱកាសនោះថា ក្រសួងបរិស្ថាន​គោរព​ស្នើ​ទៅ​រាជរដ្ឋាភិបាល ពិនិត្យលទ្ធភាពកែសម្រួលការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវឲ្យ​បាន​ដាច់​ពីគ្នា រវាងស្ថាប័នទទួលបន្ទុកការងារអភិរក្ស និងស្ថាប័នទទួលបន្ទុកការងារអភិវឌ្ឍន៍ ដោយ​រាជរដ្ឋាភិបាល បាន​ឯកភាពជាគោលការណ៍រួចហើយ។ លោក សាយ សំអាល់ បានលើកឡើងថា ដើម្បីធានា​បាន​នូវ​ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ នៅព្រះរាជាណាចក្រ​កម្ពុជាទាំងមូល ឯកឧត្ដម​បាន​គោរពស្នើសុំរាជរដ្ឋាភិបាល បញ្ចូលមន្ត្រីឧទ្យាន​រក្សដែលមាន​ស្រាប់នៅ​ក្នុង​ក្របខណ្ឌ​មុខងារ​សាធា​រណៈ​ និងផ្ដល់របបហូបចុកដល់មន្ត្រីឧទ្យានរក្ស ដែលបំពេញការងារ​នៅតាម​គោលដៅ ឲ្យបានសមរម្យ។
 គួរជម្រាបជូនផងដែរ នៅក្នុងពិធីសម្ភោធអគារទីស្ដីក្រសួងបរិស្ថាន នាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារអន្ដរក្រសួង ត្រូវពិនិត្យនិងពិភាក្សាអំពីការប្ដូរឈ្មោះ ក្រសួង​បរិស្ថាន ទៅជាក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីបង្កើតវិសាលភាពការងារ និងបង្កើត​ស្ថានភាព​សមស្រប ទៅតាមនិន្នាការក្នុងតំបន់ និងពិភពលោក ពិសេសសម្រាប់និន្នាការក្នុង តំបន់អាស៊ាន៕