លោក ទៀ បាញ់ ៖ បញ្ហារឹតបន្តឹង ជារឿងមួយ ប៉ុន្តែអ្វីដែល សំខាន់បំផុតគឺស្ថិរភាព

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ការតម្លើងតួនាទី ឬ តម្លើងឋាន្តរស័ក្តិ នាពេលកន្លងមកនេះ វាមានដំណាក់កាល ឬបទវិន័យច្បាស់លាស់ ពិសេសគឺស្របទៅតាម លក្ខន្តិកៈ តាមលំដាប់លំដោយ យ៉ាងត្រឹមត្រូវ ទៅតាមលទ្ធភាព ដែលយើងមាន ហើយអ្វីដែលសំខាន់ បំផុតនោះគឺស្ថេរភាព។

លោកឧបនាយករដ្ឋមន្រ្តី បានប្រាប់ក្រុមអ្នកសារព័ត៌មានដូចនេះ បន្ទាប់ពីបញ្ចប់ ពិធីបើកការដ្ឋាន សាងសង់វិមាន អនុស្សាវរីយ៍ប្រវត្តិសាស្រ្ត នយោបាយឈ្នះឈ្នះ ដែលបានធ្វើឡើងនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ តាមសំនួរទាក់ទិន នឹងប្រតិកម្មរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះ មតិសាធារណជនមួយចំនួន ដែលបានរិះគន់ ឥតសំចៃមាត់ ចំពោះការដំឡើងស័ក្តិ មន្រ្តីជាន់ខ្ពស់កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ។

ជាមួយគ្នានោះលោកនាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា “រឿងរឹតបន្តឹង ឬ យ៉ាងណានោះ លោកមិនបានធ្វើការវិភាគ ទៅលើរឿងនោះទេ គឺថាធ្វើយ៉ាងណា ប្រទេសមានស្ថេរភាព ព្រោះថាបញ្ហាស្ថេរភាព គឺជាបញ្ហាស្នូលបំផុត មានស្ថេរភាពគឺ ធ្វើអ្វីៗបានទាំងអស់ មានស្ថេរភាព ទើបមានការអភិឌ្ឍន៍ តែបើមានគំនិតទាស់ទែង ខ្វែងគំនិត បែកបាក់ ឬទៅជារឿងនោះរឿងនេះ គឺមិនអាចធ្វើអ្វីៗបាននោះទេ “។

លោក ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា  បញ្ហារឹតបណ្តឹង យ៉ាងណានោះ គឺត្រូវតែឈរឲ្យចំនូវ អ្វីដែលជាស្ថេរភាព ក្នុងអង្គការទាំងឡាយ ដែលយើងមាន ត្រូវមើលថាគេធ្វើបានអីខ្លះ កុំមើលរំលងការពិត សុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលកើតមាន មកដល់ប៉ុននេះ មិនមែនជារឿង សាមញ្ញនោះទេ វាជាការខិតខំប្រឹងប្រែង លះបង់សាច់ស្រស់ ឈាមស្រស់ គិតគូរ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខដឹកនាំ គ្រប់ជាន់ថ្នាក់ ពិសេស សម្តេចតេជោ ហ៊ុន សែនជា នាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៩ កុម្ភៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទាន ត្រាស់បង្គាប់ដំឡើង ឋានន្តរស័ក្កិ នាយឧត្តមសេនីយ៍ ចំនួន០៦រូប ក្នុងក្របខណ្ឌន គបាលជាតិ កម្ពុជានៃក្រសួងមហាផ្ទៃ។ មន្ត្រីទាំង៦រូប ទទួលបានការ ដំឡើងឋានន្តរស័ក្កិ រួមមាន៖ ឧត្តមសេនីយ៍ឯក មាស វិរិទ្ធ ឧត្តមសេនីយ៍ឯក សួស អង្គារ ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ឧត្តមសេនីយ៍ឯក ថោង លីម និង ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ ៕

លោក ទៀ បាញ់ ៖ បញ្ហារឹតបន្តឹង ជារឿងមួយ ប៉ុន្តែអ្វីដែល សំខាន់បំផុតគឺស្ថិរភាព

លោក ទៀ បាញ់ ៖ បញ្ហារឹតបន្តឹង ជារឿងមួយ ប៉ុន្តែអ្វីដែល សំខាន់បំផុតគឺស្ថិរភាព