ឃុំខ្លួនជនសង្ស័យ ពីរនាក់ពាក់ព័ន្ធ ករណីចាប់ជំរិត ឈ្មួញទិញ-លក់ដី យកប្រាក់៦ពាន់ដុល្លារ

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ពាក់ព័ន្ធនិងករណី ចាប់ជំរិតប្រាក់ប្រមាណ ៦ពាន់ដុល្លារ ពីឈ្មួញរកស៊ីទិញ លក់ដី ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន បណ្តោះអាសន្ន នៅរសៀលថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ២០១៦នេះ។

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួន ជនសង្ស័យពីរនាក់ មកអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីធ្វើការសាកសួរ បន្ថែមពាក់ព័ន្ធ និងសកម្មភាព ចាប់ជំរិតនេះ។

ជនសង្ស័យទាំងពីរនាក់នេះ ទី១.ឈ្មោះ នូ ចាន់លី ហៅ ទូច អាយុ២៨ឆ្នាំ មុខរបរ ស៊ីឈ្នូលដំឡើងរោងការ  មានទីលំនៅ ភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី២.ឈ្មោះ សូ ចំរើន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងពន្លៃ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពុងស្ពឺ ។

បើតាម នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៊ុន សត្យា បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៥៖០០នាទី  នៅចំណុចភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំង ២នាក់ បានរៀបគម្រោង ដើម្បីជំរិតទារប្រាក់ ពីជនរងគ្រោះឈ្មោះ ជា ណារិន ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរ អ្នកជំនួញ (ទិញដី លក់ដី) បច្ចុប្បន្នរស់នៅ ភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយប្រើល្បិច សួររកទិញដី រួចណាត់ជាមួយជនរងគ្រោះ សុំមើលដី ដែលត្រូវទិញនោះ ខណៈជនរងគ្រោះមកដល់ ហើយដោយមាន សភាពការណ៍ស្ងាត់ ក៏ធ្វើសកម្មភាព ដកកាំភ្លើងខ្លី ភ្ជង់ជនរងគ្រោះ អោយចូលរថយន្តពួកគេ។ លោកវរសេនីយ៍ទោ ប៊ុន សត្យា បន្តថា ភ្លាមៗនោះជនសង្ស័យ បានគំរាមសម្លាប់ប្រសិន បើជនរងគ្រោះមិនឲ្យ លុយទៅពួកគេ ដោយមានការភ័យខ្លាច ខ្លាំងពេកជនរងគ្រោះ ក៏បានទូរស័ព្ទទៅកូន យកប្រាក់ចំនួន ៦០០០ដុល្លារ មកអោយ ទើបជនទំាងពីរនាក់នោះ យល់ព្រមអនុញ្ញាតិឲ្យ ជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។

ក្រោយពីទទួលបានលុយចំនួន ៦០០០ដុល្លា ពីជនរងគ្រោះហើយ ជនសង្ស័យទំាងពីរនាក់ ក៏បើករថយន្ត គេចខ្លួនផងដែរ ប៉ុន្តែករហូត រយៈពេលជាងកន្លះខែ ក្រោយមក  ទើបជនរងគ្រោះ ដាក់ពាក្យបណ្តឹង ទៅដល់សមត្ថកិច្ច ឈានដល់ការចាប់ខ្លួនតែម្ដង៕

ឃុំខ្លួនជនសង្ស័យ ពីរនាក់ពាក់ព័ន្ធ ករណីចាប់ជំរិត ឈ្មួញទិញ-លក់ដី យកប្រាក់៦ពាន់ដុល្លារ