ដឹង​ពី​តម្លៃ​ពលកម្ម​ កម្មករ និង វិស្វករ​ប៉ុន្មាន​ទេ?

ឆ្នាំ ២០១៤ គឺជាឆ្នាំ​ស្ទុះ​ឡើង​ខ្លាំង ​នៃ​វិស័យ​សំណង់។ ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​ឥឡូវ បរិមាណ​នៃ​កម្លាំង​ពលកម្ម​កើន​ឡើង​ទ្វេដង ហើយ​ប្រាក់​ចំណូល​របស់​កម្មករ​ក៏​បាន​កើន​ឡើង​​ផងដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ដែន​ដី​នគរ​រូបនីយកម្ម ​និង សំណង់។

 
ដឹង​ពី​តម្លៃ​ពលកម្ម​ កម្មករ និង វិស្វករ​ប៉ុន្មាន​ទេ?

 

លោក ហ៊ុយ ណារ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សំណង់​របស់​ក្រសួង​ដែន​ដី​នគររូបនីយកម្ម​ និង សំណង់ បាន​ប្រាប់​ Sabay ថា ចាប់​តាំង​ពី​​ពាក់​កណ្ដាល ឆ្នាំ​ ២០១៤ វិស័យ​សំណង់​មាន​ការ​រីក​ចម្រើន​ខ្លាំង។ ទន្ទឹម​នឹង​នេះ តម្លៃ​ពលកម្ម​ក៏​មាន​ការ​កើន​ឡើង។

 

លោក​បាន​ឲ្យ​ដឹង​ថា តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​ មាន៖

 

-កម្មករ​គ្មាន​ជំនាញ៖ ២ ៤០០០ រៀល-៣ ៥០០០ រៀល ក្នុង​១ថ្ងៃ
-កម្មករ​មាន​ជំនាញ៖ ៥០ ០០០ រៀល – ៦០ ០០០ រៀល ក្នុង​ ១ថ្ងៃ
-វិស្វករ ស្ថាបត្យករ និង អ្នក​ជំនាញ​ផ្សេង​ទៀត​ប្រាក់​ខែ​ពី ៣៥០ ដុល្លារ ទៅ ២ ០០០ ដុល្លារ​ក្នុង​១ខែ។

 

តួលេខ​ខាង​លើ​នេះ ផ្អែក​លើ​ការ​សិក្សា​ជាមួយ​ក្រុម​ហ៊ុន​អចលនទ្រព្យ​ធំៗ មធ្យម និង ម៉ៅ​ការ​សំណង់​តូចតាច ហើយ​រក​លទ្ធផល​ជា​មធ្យម។ លោក ម៉ៅ ណារ៉ា​ និយាយ។

 

ការ​រក្សា​បាន​លំនឹង​សេដ្ឋកិច្ច, កត្តា​នយោបាយ​ល្អ, រួម​ផ្សំ​នឹង​ការ​តម្កើង​ប្រាក់​បៀវត្ស​កម្មករ​រោងចក្រ​កាត់​ដេរ​កន្លង​មក​ ក៏​ជា​ផ្នែក​មួយ​ជះឥទ្ធិពល​ខ្លះៗ ធ្វើ​ឲ្យ​តម្លៃ​ពលកម្ម​របស់​កម្មករ​មាន​ការ​កើន​ឡើង។ ជាពិសេស​ការ​កើន​ឡើង​តម្លៃ​ពលកម្ម​បណ្ដាល​មក​ពី​វិស័យ​សំណង់​កំពុង​ចាប់​ផ្ដើម​សាងសង់​ឥត ឈប់ឈរ​ផងដែរ (សំបូរ​ការងារ) ។ ទាំង​នេះ​ជា​ការ​លើក​ឡើង​ពី​ លោក ម៉ៅ ណារ៉ា។

 

របាយការណ៍​របស់​ក្រសួង​ដែន​ដី​ បាន​ឲ្យ​ដឹង​ថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ គិតជាមធ្យម​ប្រមាណ ២០៨២៩០ នាក់ ទៅ ២៥១៤៩០ នាក់ ក្នុង​១ថ្ងៃ។ ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី ៩៦៥​០០ ទៅ ២៥១៤៩០ នាក់​ក្នុង​១ថ្ងៃ។ ចំនួន​ពលកម្ម​អាច​ប្រែប្រួល​ទៅ​តាម​ទំហំ​ការងារ​ជាក់​ស្ដែង​​នៅការដ្ឋាន​សំណង់​ បើប្រៀប​ធៀប​នឹង​ ២០១៤ បរិមាណ​នៃ​កម្លាំង​ពលកម្ម​មាន​ការ​កើន​ឡើង​ទ្វេដង។

 

ទាក់ទង​នឹង​គម្រោង​សាងសង់​វិញ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គម្រោង​សាងសង់​ទូទាំង​ប្រទេស​ មាន​ចំនួន​សរុប​ ២ ៣០៥ គម្រោង​ មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ៧៦៨៦១១២ ម៉ែត្រ​ការ៉េ មាន​តម្លៃ​ប៉ាន់​ស្មាន​ទុន​វិនិយោគ​ប្រមាណ ៣ ៣៣៨ លាន​ដុល្លារ​អាមេរិក បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំ ២០១៤ គឺ​មាន​ការ​កើន​ឡើង​ចំនួន ៣៣,១៤ %៕

 
ដឹង​ពី​តម្លៃ​ពលកម្ម​ កម្មករ និង វិស្វករ​ប៉ុន្មាន​ទេ?

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា