សហគមន៍​នៅ​ខេត្ត​រតនគិរី​ប្ដឹង​ប្រធាន​គណៈកម្មការ​ការពារ​ព្រៃ​ឈើ​ចោទ​ថា​លក់​ដី​ព្រៃ

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត ស៊ើប​អង្កេត​ករណី​លក់​ដី​ព្រៃ និង​បឹង​សហគមន៍។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​តំណាង​សហគមន៍ ប្ដឹង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​សហគមន៍ ពី​បទ​លក់​ដី​ព្រៃ​ដី​ចម្ការ និង​បឹង​ធម្មជាតិ ដែល​សហគមន៍​អាស្រ័យ​ផល។ ចំណែក​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​សហគមន៍ បដិសេធ​ថា មិន​បាន​លក់​ដូរ​ដី​នោះ​ទេ ហើយ​ប្ដឹង​សហគមន៍​វិញ​ពី​បទ​បរិហារ​កេរ្តិ៍។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ប៉ក់ធំ រំពឹង​ថា ស្ថាប័ន​អយ្យការ​នឹង​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់ ករណី​ប្រធាន​គណៈកម្មការ​ការពារ​ព្រៃ​ឈើ​សហគមន៍ លក់​ដូរ​ដី​ព្រៃ ដី​ចម្ការ និង​បឹង​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់នៅ និង​ការ​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ សមាជិក​សហគមន៍ ១១​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ជាង ២០០​នាក់ បាន​ប្ដឹង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​សហគមន៍ គឺ​លោក ប៉ូយ ព្លីន ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ដោយ​ចោទ​ថា លោក ប៉ូយ ព្លីន បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​ចំណុច​មាត់​ទន្លេ​ភូមិ​ប៉ាតាង ឃុំ​សេសាន ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នាំ​២០១៥ និង​នៅ​ខែ​មករា ឆ្នាំ​២០១៦។ ការ​ឈូស​ឆាយ​នេះ ប៉ះពាល់​ដី​ប្រជាពលរដ្ឋ ៣០​គ្រួសារ ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​លើក​គ្នា​ទៅ​តវ៉ា មិន​ឲ្យ​គ្រឿងចក្រ​បន្ត​ការ​ឈូស​ឆាយ​ទៀត។

សមាជិក​សហគមន៍ គឺ​លោក ក្លាន ជីប បញ្ជាក់​ថា អាជ្ញាធរ​ភូមិ-ឃុំ គឺ​ជា​អ្នក​ដឹង​ឮ និង​ចូលរួម​អន្តរាគមន៍​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ខុស​ច្បាប់​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ មិន​មាន​លទ្ធភាព​បញ្ឈប់​ការ​លក់​ដូរ​ដី​នោះ​បាន​ឡើយ។ លើស​ពី​នេះ​ទៀត លោក ប៉ូយ ព្លីន ព្យាយាម​ហ៊ុមព័ទ្ធ​ដី​តំបន់​ភ្នំ​ខាំលាប និង​បឹង​ទងយោង ដើម្បី​លក់​ទៅ​ឲ្យ​អ្នក​ទិញ​ដី​ជា​មន្ត្រី​មាន​អំណាច​នៅ​តំបន់​នោះ៖ «ភូមិ​ប៉ាតាង ឃុបឃិត​ជាមួយ ប៉ូយ ព្លីន លក់​ទាំងអស់ ៣០​ហិកតារ ទាំង​ចម្ការ​ចាស់ ទាំង​ចម្ការ​ថ្មី។ ដំណាំ​ដាំ​ស្រូវ ដាំ​ចន្ទី ស្រូវ​ខ្ទេចខ្ទី​អស់​ហើយ អត់​មាន​សល់​មួយ​ដើម​ទេ។ ឃុំ​អស់​សមត្ថភាព ហើយ​ដាក់​ទៅ​ស្រុក ស្រុក​អត់​អើពើ​ផង​ថា​ស្អែកៗ​រហូត»

មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ទទួល​ចុះ​បញ្ជី​ពាក្យ​ប្ដឹង​សហគមន៍​រួច​ហើយ និង​កំពុង​ចាត់​មន្ត្រី​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​សហគមន៍ លោក ប៉ូយ ព្លីន បដិសេធ​ថា ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ថា​ជា​ការ​មិន​ពិត។ ករណី​នេះ លោក​បាន​ដាក់​ពាក្យ​ប្ដឹង​សហគមន៍​ទៅ​មន្ត្រី​អយ្យការ​ពី​បទ​បរិហារ​កេរ្តិ៍​វិញ​ដែរ៖ «ពួក​គាត់​ចង់​ទៅ​កាប់​ព្រៃ​កន្លែង​ហ្នឹង ខ្ញុំ​ឃាត់​ពួក​គាត់​ចោទ​ខ្ញុំ​លក់​ដី​លក់​ព្រៃ​វិញ តាម​ពិត​ពួក​គាត់​អ្នក​ទៅ​ធ្វើ​ទេ»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ តំណាង​សហគមន៍​ភូមិ​ប៉ក់ធំ បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ជូន​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក ខេត្ត និង​អ្នក​តំណាង​រាស្ត្រ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន មិន​ឃើញ​មាន​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ។

មេ​ឃុំ​ប៉ក់ញ៉ៃ លោក រចំ ហ្លើច ទទួល​ស្គាល់​ថា អាជ្ញាធរ​ឃុំ​បាន​ធ្វើ​របាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក ទាក់ទិន​ការ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ និង​ការ​លក់​ដូរ​ដី​ព្រៃ​ដោយ​ខុស​ច្បាប់​របស់​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក មិន​ចាត់​វិធានការ។ លោក​ថា អ្នក​ភូមិ​ប្ដឹង​ទៅ​តុលាការ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «គេ​ប្ដឹង ប៉ូយ ព្លីន គួកជេរ​លក់​ដី​ឲ្យ​គេ ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ហ្នឹង​ណា! ខ្ញុំ​ជួយ​រាយការណ៍​ទៅ​ដល់​ស្រុក ឲ្យ​ចុះ​មក​ដោះស្រាយ អត់​ឃើញ​មក អ្នក​ភូមិ​ទ្រាំ​មិន​បាន គេ​ទៅ​ប្ដឹង​ហើយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​អយ្យការ ស៊ើប​អង្កេត​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ទាក់ទិន​ការ​ឈូស​ឆាយ និង​លក់​ដូរ​ដី​ប៉ះពាល់​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​នេះ។ លោក​ថា ភាគី​ចុង​ចោទ ទំនង​ចង់​បំបាក់​ស្មារតី​អ្នក​ភូមិ ទើប​ប្ដឹង​អ្នក​ភូមិ​ពី​បទ​បរិហារ​កេរ្តិ៍​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។