មន្ត្រី​សុខភាព៖ ការ​ផ្ទុះ​មេរោគ​អេដស៍​នៅ​ខេត្ត​កណ្ដាល​មិន​មែន​ដោយសារ​ការ​ចាក់​ថ្នាំ

មន្ត្រី​ជំនាញ​សុខភាព​ក្នុង​ខេត្ត​កណ្ដាល បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ភូមិ​ពាម គឺ​កើត​ចេញ​ពី​ការ​សប្បាយ​ភ្លេច​ខ្លួន​របស់​ប្ដី ឬ​ប្រពន្ធ ហើយ​ឆ្លង​មេរោគ​អេដស៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ នៅ​តែ​លើក​ឡើង​ថា ខ្លួន​មិន​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ប្រពន្ធ ឬ​ប្ដី​នោះ​ទេ។ ពលរដ្ឋ​ទាំង​នោះ​ទទូច​ដល់​អាជ្ញាធរ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​អាច​ជៀសវាង​ការ​បន្ទុក​ចំពោះ​ពលរដ្ឋ​អ្នក​ជំងឺ។

ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កណ្ដាល លោក​វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់​ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​នៃ​ឃុំ​សំបួរមាស ថា ការ​ផ្ទុះ​ជំងឺ​អេដស៍​ចំពោះ​ពលរដ្ឋ​ក្នុង​ភូមិ​ពាម មិន​មែន​ឆ្លង​ដោយសារ​ការ​ចាក់​ថ្នាំ​នោះ​ឡើយ។ ករណី​ជំងឺ​អេដស៍​នេះ អាច​ឆ្លង​តាម​រយៈ​ប្ដី ឬ​ប្រពន្ធ ដែល​បាន​ទៅ​សប្បាយ​ខាង​ក្រៅ ប៉ុន្តែ​មិន​ដឹង​ខ្លួន​ថា ឆ្លង​មេរោគ​អេដស៍ ឬ​មាន​ផ្ទុក​មេរោគ​អេដស៍៖ «»។

ជុំវិញ​ការ​ផ្ទុះ​មេរោគ​អេដស៍​នៅ​ភូមិ​ពាម​នេះ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន អះអាង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ភូមិ​ពាម ទាំង​អស់ ១៨​នាក់។ ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍ អាច​បន្ត​ទៅ​ធ្វើតេស្ត​ជា​បន្ត​ទៀត នៅ​មណ្ឌលសុខភាព​ឃុំ​សំបួរមាស និង ឃុំ​សំបួរ ស្រុក​មុខកំពូល បន្ត​ទៀត៖ «»។

ក្រុម​ជំនាញ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ (UNAIDS) និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក (US-CDC) បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ហើយ​ឯកភាព​ជា​រួម​ថា ការ​កើន​ឡើង​នូវ​ការ​ចូលរួម​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​របស់​សហគមន៍​គឺ​ដោយសារ​មាន​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​នៅ​មណ្ឌល​សុខភាព​ឃុំ​សំបួរមាស កំពុង​បន្ត​ធ្វើ​តេស្តឈាម និង​កំពុង​សិក្សា​ស្រាវជ្រាវ​បន្ត​ជុំវិញ​ការ​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ចំពោះ​គ្រូពេទ្យ​ដែល​ពលរដ្ឋ​ធ្លាប់​ទៅ​ព្យាបាល​ជំងឺ​កន្លង​មក។

ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ អាយុ ៦៥​ឆ្នាំ​ម្នាក់ លើក​ឡើង​ថា គាត់​មិន​អស់​ចិត្ត​សោះ​ចំពោះ​ការ​កើត​ជំងឺ​​នេះ​លើ​លោកស្រី ពីព្រោះ​លោកស្រី​ជា​ស្ត្រី​មេម៉ាយ​ជាង ៣០​ឆ្នាំ​ហើយ ហើយ​លោកស្រី​ក៏​មិន​ដែល​រួមភេទ ឬ​ទៅ​ប៉ះពាល់​ឈាម​អ្នក​ណា​ដែល​មាន​ផ្ទុះ​មេរោគ​អេដស៍​នោះ​ដែរ។ លោកស្រី​អះអាង​ថា គាត់​មាន​មេរោគ​អេដស៍​នេះ គឺ​ឆ្លង​តាមរយៈ​ការ​ចាក់​ថ្នាំ៖ «»។

​បុរស​ដែល​រងគ្រោះ​ដោយសារ​ការ​ឆ្លង​មេរោគ​អេដស៍​ម្នាក់​ផ្សេង​ទៀត​និយាយ​ថា កាល​ពី​ឆ្នាំ​២០១២ លោក និង​ភរិយា​ធ្លាប់​ធ្វើតេស្ត​រក​មេរោគ​អេដស៍ ជា​លទ្ធផល​បង្ហាញ​ថា មិន​មាន​ផ្ទុក​មេរោគ​អេដស៍​ទេ។ ប៉ុន្តែ​នៅ​ពេល​គាត់​ធ្វើតេស្ត​ម្ដង​ទៀត​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ជា​លទ្ធផល​បង្ហាញ​ថា គាត់​មាន​ផ្ទុក​មេរោគ​អេដស៍។ បុរស​ម្នាក់​នេះ​អះអាង​ថា លោក​ឆ្លង​មេរោគ​អេដស៍​តាម​រយៈ​ការ​ចាក់​ថ្នាំ​នៅ​គ្លីនិក​ឯកជន​មួយ ហើយ​ពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​ក៏​សង្ស័យ​ដូច​គ្នា៖ «»។

​ប្រជាពលរដ្ឋ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​ស៊ីជម្រៅ និង​ច្បាស់លាស់ ដើម្បី​រក​យុត្តិធម៌ និង​ជៀសវាង​ការ​ដាក់​បន្ទុក​លើ​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។