ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​នៅ​តែ​បន្ត​លួច​នាំ​ចេញ​ឈើ​គ្រញូង​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ជាក់ស្តែង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​គយ​ច​ល័យ អាវុធ​ហត្ថ និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ត្រាក់ទ័រ​ដឹក​អេ​ត​ចាយ​បង្កប់​ឈើ​គ្រញូង​ជិត​២​តោន​១​គ្រឿង​នៅ​ចំណុច​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុងភូមិ​ដូង ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ប្រតិបត្តិការ​បង្ក្រាប​ឈ្មួញ​ឈើ​ខុសច្បាប់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ការ​រត់ពន្ធ​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ។

មេបញ្ជាការ​​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧០៣ លោក​អនុសេនីយ៍ឯក សុខ វាសនា បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កម្លាំង​គយ​ស្រុក​មេមត់​បាន​ផ្តល់​ដំណឹង​មក​ថា មាន​ត្រាក់ទ័រ​ដឹក​អេ​ត​ចាយ​១​គ្រឿង​មាន​លួច​បង្កប់​ឈើ​គ្រញូង​ដើម្បី​ត្រៀម​នឹង​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​នា​ព្រឹក​ថ្ងៃ​ខាងលើ​នោះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱ​វាទ​ចំនួន​១២​នាក់​ចុះ​ទៅ​កាន់​ច្រក​ភូមិ​ដូង​ជា​បន្ទាន់ តែ​ម្ចាស់​ឈើ​នោះ​បាន​រត់គេច​ខ្លួន​បាត់ ដោយ​មិនដឹង​ថា​ទៅ​ទីណា​នោះ​ទេ ។

លោក​មេបញ្ជាការ​ស្នាក់​ការ​សន្តិសុខ​៧០៣ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​លើ​ត្រាក់ទ័រ​នោះ​មាន​ដឹក​កំប៉ុង​អេ​ត​ចាយ​ដែល​ត្រូវ​បាន​គេ​កិន​សង្កត់​ឡើង​សំប៉ែត​ជា​ដុំ​ធំ​ៗ​ដាក់​ពីលើ​ឈើ​គ្រញូង​រាប់រយ​កំណាត់ ។ បន្ទាប់​មក​ក៏​បាន​នាំ​យក​ត្រាក់ទ័រ​នោះ​មក​កាន់​ទីស្នាក់ការ​គយ​ចល័ត​របស់​លោក ព្រាប គា​រ៉ាត់ ដែល​ប្រចាំការ​នៅ​ស្រុក​ពញាក្រែក ។

លោក​អនុសេនីយ៍ឯក សុខ វាសនា ក្រោយ​ពេល​នាំ​មក​ទីស្នាក់ការ​គយ​ចល័ត​ស្រុក​ពញាក្រែក ក៏​បាន​បង្កើត​គណៈកម្មការ​ចម្រុះ ដែល​មាន​អាវុធហត្ថ គយ និង​នគរបាល​សេដ្ឋកិច្ច​​ខេត្ត ហើយ​បាន​ថ្លឹង និង​រាប់​ឈើ​គ្រញូង​នោះ ឃើញ​ថា​មាន​ចំនួន​២០០​ដុំ ទង្ង​ន់​១.៨១៧​គីឡូក្រាម និង​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។

មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បាន​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មាន​យុទ្ធនាការ​ក្តៅ​របស់​ក្រុម​គណៈកម្មាធិការ​ចម្រុះ​ ក្នុង​នោះ​មាន នគរបាល រដ្ឋបាល​ព្រៃឈើ អាវុធហត្ថ ដឹកនាំ​ដោយ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦ ចុះ​ទប់ស្កាត់​ការ​រត់ពន្ធ​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀត​ណា​ដោយ​ខុសច្បាប់​ដែល​បាន​ធ្វើ​ឡើង​តាម​បណ្តា​ច្រក​សំខាន់​ៗ​ក្នុង​នោះ​មាន ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន  ច្រក​ដូង​៧​ដើម ក្នុងស្រុក​មេមត់ ព្រមទាំង​បាន​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​របស់​ឧកញ៉ា អុល ឧកញ៉ា​ខ្នា និង​ឧកញ៉ា​ថៃ ដោយ​បាន​រក​ឃើញ​ឈើ​ជា​ច្រើន​ពាន់​ម៉ែត្រគូប​ផង​ដែរ ៕