ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ជួយអន្តរាគមន៍ ពលការិនីខ្មែរ ចំនួន ០៣ រូប ឲ្យត្រឡប់មក កម្ពុជាវិញ

ភ្នំពេញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងថា ពលការិនីខ្មែរ ចំនួន ០៣ រូប  ដែលបានទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី ដែលជួបការលំបាក នឹងវិលត្រឡប់ មកកម្ពុជាវិញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស បានឲ្យដឹងថា «ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេស ម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនីខ្មែរ ចំនួន ០៣ រូប  ដែលបានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹង ការលំបាកក្នុងការងារ  ឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ » ។

ពលការិនីខ្មែរ ចំនួន ០៣ រូប  ដែលពើបប្រទះនឹងភាពលំបាក មាន៖

១-  ឈឹម ហន  អាយុ ៣១ ឆ្នាំ នៅភូមិទួលច្រេះ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង  បានទៅធ្វើការជាអ្នក បោសសំអាតនៅ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥  និងបានមកស្ថានទូត  នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់ មកកម្ពុជាវិញ។

២-  យ៉េក រ៉ន  អាយុ ២៦ ឆ្នាំ នៅភូមិត្រកួនទែក ឃុំព្រៃខ្នង ស្រុកកំពត ខេត្តកំពត បានទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ និងបានមកស្ថានទូត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់ មកកម្ពុជាវិញ។

៣-  ឡុង គឹង  អាយុ ៣០ ឆ្នាំ នៅភូមិកាំបិត ឃុំងន ស្រុកសន្តាន់ ខេត្តកំពង់ធំ បានទៅធ្វើការ តាមផ្ទះនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ពលការិនីរូបនេះ ត្រូវបានថៅកែ នាំមកស្ថានទូត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារមានសុខភាព មិនល្អ និងមិនអាចធ្វើការបាន។

ក្នុងសេចក្តីជូនដំណឹងនោះ បានបន្តថា «ដោយពលការិនី ឡុង គឹង  មានស្ថានភាព កំសត់ទុរគត ស្ថានទូតបាននាំទៅ ពិនិត្យសុខភាពនៅ មន្ទីរពេទ្យ និងចេញថ្លៃបង់ពិន័យ ឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះ ឲ្យត្រឡប់មកមាតុប្រទេសវិញ»។

កំឡុងពេលរង់ចាំការវិលត្រឡប់ មកកម្ពុជាវិញ ស្ថានទូតបានផ្តល់ កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់ពល ការិនីទាំង០៣រូបនេះ។

ពលការិនីទាំង ០៣រូបខាងលើ  នឹងមកដល់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ០៧:៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦៕

ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ជួយអន្តរាគមន៍ ពលការិនីខ្មែរ ចំនួន ០៣ រូប ឲ្យត្រឡប់មក កម្ពុជាវិញ