ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពត ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​លូន​ចេញពី​រថយន្ដ​ទាំង​ព្រលឹង​ចុង​សក់ ខណៈ​ពួក​គេ​បាន​បើករថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ហើយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខ្លោងទ្វារវត្ត​រលួស លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត តែ​សំណាងល្អ​អ្នក​ទាំងនោះ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ។

រថយន្ដ​ក្រឡាប់​ឆេះ​នេះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-6093 បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តកំពត​ទាំង​យប់​អធ្រាត្រ​ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ​ដោយ​ជិះ​គ្នា​៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​គឺជា​ប្រពន្ធ​របស់​ម្ចាស់​រថយន្ដ ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ អ៊ុ​ក សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ គឹ​ម សូ​នី អាយុ​៣៥​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ សុខ ចា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​រស់នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៣​នាក់​ខាងលើ​នេះ​ដំបូង​ឡើយ​បាន​បើករថយន្ដ​ចេញពី​ភ្នំពេញ​ទាំង​យប់ ក្នុង​គោលបំណង​មក​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​សាច់ញាតិ​នៅ​ក្នុង​ខេត្តកំពត រហូត​ដល់​ម៉ោងជាង​២​រំលង​អធ្រាត្រ ក៏​បន្តដំណើរ​ក្នុង​ទិស​ដៅ​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លុះដល់​កន្លែង​កើតហេតុ​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​បះជើង​ទ្រ​មេឃ​តែ​ម្ដង ។ ភ្លាម​ៗ​នោះ​រថយន្ដ​ក៏​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង​ក្រហមច្រាល​ចាំង​ឆ្លុះ​ស្បៃ​រាត្រី​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ចេញ​មើល​ហេតុការណ៍ព្រោង​ព្រាត ។ ទោះជា​យ៉ាងណា​អ្នក​ទាំង​៣​ដែល​រង​របួសស្រាល​នោះ​បាន​លូន​ចេញពី​ក្នុង​រថយន្ដ​ទាំង​ព្រលឹង​ចុង​សក់​ទាន់​ មិន​​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើង​ ហើយ​ក៏​ចាកចេញ​ទៅ​បាត់​បន្សល់​ទុក​ខ្មោច​រថយន្ដ ដែល​នៅ​សល់​តែ​គ្រោង​ដែក​រោល​ខ្មៅ​មើល​សឹង​លែង​ស្គាល់ ។

មន្ត្រី​នគរបាល​បាន​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ​ឆេះ​នេះ​អាច​បណ្ដាល​មក​ពី​ពួក​គេ​ផឹក​ស្រវឹង​ក្នុង​ពិធីជប់លៀង​ឡើង​គេហដ្ឋាន ឬ​ងងុយដេក ព្រោះ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ ៕