ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​បក្ស​យុវជន​កម្ពុជា​ជួប​សកម្មជន​បក្ស​ប្រឆាំង​នៅ​គុក​ព្រៃស

ក្រសួង​មហាផ្ទៃ មិន​​​អនុញ្ញាត​ឲ្យ​គណបក្ស​យុវជន​កម្ពុជា បាន​ចូល​ជួប​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ទេ។ ការ​ច្រានចោល​ដោយ​ពុំ​មាន​មូលហេតុ​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​អនុញ្ញាត​ម្ដង​រួច​មក​ហើយ គឺ​មួយ​ថ្ងៃ​មុន​នៃ​ការ​បដិសេធ​នេះ។ ប្រធាន​គណបក្ស​ដែល​ទើប​តែ​​បង្កើត​ថ្មី​នេះ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​នេះ និង​ចាត់​ទុក​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ហាក់​ដូច​ជា​មិន​ចេះ​ពី​របៀប​ធ្វើ​ការ។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា អះអាង​ថា ខ្លួន​នៅ​តែ​រង់ចាំ​ការ​ឆ្លើយតប​ជា​ថ្មី​ឡើង​វិញ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ថ្វី​បើ​លិខិត​ដែល​អនុញ្ញាត​លើក​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ច្រានចោល​ចំពោះ​សំណើ​សុំ​ជួប​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​ទាំង ១៥​រូប នៅ​ក្នុង​គុក​ព្រៃស នោះ។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា លោក​ហាក់​មិន​យល់​ពី​របៀប​ធ្វើ​ការ​របស់​ក្រសួង​មហាផ្ទៃ ដែល​គ្រប់គ្រង​ដោយ​លោក ស ខេង ទាល់​តែ​សោះ។លោក​បញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប​នឹង​ការ​សុំ​ជួប​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១៥​រូប​នោះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ អនុញ្ញាត​រួច​ទៅ​ហើយ បែរ​ជា​បដិសេធ​វិញ ដោយ​ពុំ​មាន​មូលហេតុ​សមរម្យ​ទាល់​តែ​សោះ។

លោក ពេជ្រ ស្រស់ យល់​ឃើញ​ថា របៀប​ធ្វើ​ការ​ដូច​នេះ គឺ​ស្មើ​ស៊ីញេ​នឹង​ដៃ រួច​លុប​នឹង​ជើង​វិញ។ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ លោក​រិះគន់​ថា ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មិន​អាច​ដំណើរការ​ទៅ​មុខ​បាន ដោយសារ​របៀប​ធ្វើ​ការ​មិន​ច្បាស់លាស់​បែប​នេះ៖ «»។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ពន្ធនាគារ ដើម្បី​សុំ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង ១៥​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លិខិត​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បក្ស​យុវជន​កម្ពុជា ត្រូវ​ការ​ជួប​សកម្មជន​ទាំង​នោះ​នៅ​គុក​ព្រៃស ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​មួយ​ចំនួន​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន។ ម្យ៉ាង ក្នុង​នាម​អ្នក​នយោបាយ​ជំនាន់​ថ្មី ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ គឺ​តែង​ចង់​ដឹង​ពី​សុខ និង​ទុក្ខ​របស់​ពួក​គាត់​នៅ​ក្នុង​គុក។

ជា​ការ​ឆ្លើយ​តប អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ អនុញ្ញាត​ឲ្យ​គណបក្ស​យុវជន​កម្ពុជា បាន​ជួប​សកម្មជន​ទាំង ១៥​នាក់ របស់​បក្ស​ប្រឆាំង​នៅ​គុក​ព្រៃស ដោយ​មិន​ឲ្យ​ហួស​ក្នុង​អំឡុង​​ខែ​កុម្ភៈ នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​អនុញ្ញាត​នោះ ក្រសួង​មហាផ្ទៃ បាន​ច្រានចោល​វិញ​ភ្លាមៗ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​ណា​មួយ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឆ្លើយ​តប​យ៉ាង​ខ្លី​ថា ជាប់​ប្រជុំ រួច​ផ្ដាច់​ទូរស័ព្ទ​ទៅ​វិញ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ ជុំវិញ​រឿង​នេះ មន្ត្រី​ពន្ធនាគារ​ព្រៃស ដែល​យាម​ការពារ​សន្តិសុខ​បាន​បដិសេធ​អំពី​ការ​ហាមប្រាម​នេះ ដោយ​អះអាង​ថា នេះ​ជា​បទបញ្ជា​ពី​ថ្នាក់លើ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) ចាត់​ទុក​ថា នេះ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ។ លោក​បន្ថែម​ថា មាន​លិខិត​ជា​ច្រើន​ដែល​អនុញ្ញាត​ហើយ មិន​មាន​បញ្ហា ក៏ប៉ុន្តែ​នេះ​ជា​មន្ទិល​សង្ស័យ​ដែល​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​អនុញ្ញាត​ទៅ​ហើយ​បែរ​ជា​ផ្អាក​វិញ​ដូច្នេះ៖ «»។

គណបក្ស​យុវជន​កម្ពុជា ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចុះ​បញ្ជី​ជា​ផ្លូវការ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​គណបក្ស​នយោបាយ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។ លោក ពេជ្រ ស្រស់ ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា យល់​ឃើញ​ថា អ្វី​ដែល​ក្រសួង​មហាផ្ទៃ យល់​ព្រម​ហើយ​បែរ​ជា​ផ្អាក​មិន​សកម្មជន​គណបក្ស​របស់​លោក​បាន​ចូល​ទៅ​ពន្ធនាគារ​ព្រៃស​វិញ​នេះ អាច​ជា​ហេតុផល​បារម្ភ​ពី​ប្រជាប្រិយភាព​របស់​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ មាន​ឥទ្ធិពល​នៅ​ក្នុង​ឆាក​នយោបាយ ដែល​ជា​រលក​​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។