ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​ត្អូញត្អែរ​រឿង​គ្មាន​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ

បច្ចុប្បន្ន ខេត្ត​ឧត្តរមានជ័យ មាន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​ជាង ៩​ម៉ឺន​នាក់ ក៏ប៉ុន្តែ​រយៈពេល ៥​អាណត្តិ​មក​ហើយ ខេត្ត​ឧត្តរមានជ័យ មិន​ដែល​មាន​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​តំណាង ដើម្បី​ធ្វើ​ការងារ​ផ្សេងៗ​ជូន​ពួក​គេ​វិញ​ឡើយ។

ពលរដ្ឋ​ខ្លះ​មាន​ការ​អាក់អន់​ចិត្ត​ថា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ខេត្ត​ឧត្តរមានជ័យ គឺ​មាន​អ្នក​តំណាង​រាស្ត្រ ១​រូប ក៏ប៉ុន្តែ​គេ​មិន​ដែល​ស្គាល់ និង​មិន​ដែល​ឃើញ​មុខ​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ ចុះ​បើ​ពួក​គេ​ចង់​ជួប​ម្ដងៗ តើ​ត្រូវ​ទៅ​រក​នៅ​ទីណា និង​ទាក់ទង​តាម​របៀប​ណា?

ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​នៅ​ខេត្ត​ឧត្តរមានជ័យ ជំរុញ​ឲ្យ​អាជ្ញាធរ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បង្កើត​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ ឲ្យ​ដូច​ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស ដើម្បី​ធ្វើ​ជា​កន្លែង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត អាច​ទៅ​ជួប​ទាក់ទង​ជាមួយ​តំណាង​រាស្ត្រ ព្រម​ទាំង​អាច​ប្រើ​អ្នក​តំណាង​រាស្ត្រ​នោះ​ឲ្យ​ជួយ​ធ្វើ​ការ​បម្រើ​ពួក​គេ​ផង។

ការ​ជំរុញ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ខេត្ត​ជាប់​ព្រំដែន​គ្នា​ជាមួយ​ប្រទេស​ថៃ មួយ​នេះ កំពុង​កើត​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ពី​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ករណី និង​ការ​រំលោភ​ដីធ្លី​ជាច្រើន​កន្លែង ហើយ​ប្រជាពលរដ្ឋ​រងគ្រោះ ត្រូវ​ការ​អ្នក​តំណាង​រាស្ត្រ​របស់​ពួក គេ​ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ដោះស្រាយ ក៏ប៉ុន្តែ​គេ​បែរ​ជា​មិន​ដឹង​ថា ត្រូវ​ទៅ​ជួប​នៅ​ទីណា និង​ទាក់ទង​តាម​របៀប​ណា​ទៅ​វិញ​នោះ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ជា​អតីត​អ្នក​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ធ្លាប់​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ដើម្បី​យក​ដី ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ទៀត គឺ​លោកស្រី ហួយ ម៉ៃ។ លោកស្រី​មាន​ប្រសាសន៍​ថា រយៈពេល ៧​ឆ្នាំ​មក​ហើយ គ្រួសារ​របស់​គាត់ និង​អ្នក​ភូមិ​ជាង ១០០​គ្រួសារ​ផ្សេង​ទៀត​គ្មាន​ដី​សម្រាប់​សង់​ទី​ជម្រក និង​ធ្វើ​ស្រែ​ចម្ការ បន្ទាប់​ពី​អាជ្ញាធរ​ទៅ​បណ្ដេញ​ចេញ ហើយ​យក​ដី​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ដាំ​អំពៅ។ លោកស្រី ហួយ ម៉ៃ បញ្ជាក់​ថា រូប​គាត់ និង​អ្នក​ភូមិ បាន​ស្វះ​ស្វែងរក​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ឧត្តរមានជ័យ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នោះ ក៏ប៉ុន្តែ​គាត់​មិន​ដែល​ស្គាល់​មុខ​អ្នក​តំណាង​រាស្ត្រ​ទេ ហើយ​ក៏​មិន​ដឹង​ទៅ​ស្វែងរក​ជួប​នៅ​ទីណា ពីព្រោះ​តែ​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​មាន​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ៖ «តំណាង​រាស្ត្រ​សភា​អី ខ្ញុំ​អត់​ដែល​ស្គាល់​ផង។ គាត់​អត់​ដែល​មក​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​ផង។ បើ​សិន​ជា​អាច​ទំនាក់ទំនង​បាន គឺ​ខ្ញុំ​ចង់​ឲ្យ​ជួយ​រឿង​ដីធ្លី»

សកម្មជន​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្តរមានជ័យ ទទួល​ស្គាល់​ថា ថ្វីត្បិតតែ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​កៅអី​ចំនួន​១ នៅ​ក្នុង​រដ្ឋសភា រយៈពេល ២០​ឆ្នាំ​មក​ហើយ​នោះ​ក្ដី គឺ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ ដើម្បី​ធ្វើ​ការ​ជូន​ម្ចាស់​ឆ្នោត​វិញ​ទេ។ បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ លោក ឆន សុវណ្ណ មាន​ប្រសាសន៍​ថា ខេត្ត​ឧត្តរមានជ័យ មាន​កៅអី​តំណាង​រាស្ត្រ​តែ​មួយ​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ទទួល​បាន​អាសនៈ​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ជាច្រើន​អាណត្តិ​មក​ហើយ។ បើ​ទោះ​បី​ជា​ខេត្ត​ឧត្តរមានជ័យ មាន​អ្នក​តំណាង​រាស្ត្រ​បន្តបន្ទាប់​គ្នា​ជាច្រើន​អាណត្តិ​មក​ហើយ​ក៏ដោយ ក៏​តំណាង​រាស្ត្រ​ទាំង​នោះ ហាក់​ដូចជា​មិន​ខ្នះខ្នែង​បង្កើត​ឲ្យ​មាន​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​ឡើយ៖ «យើង​មើល​ឃើញ​ពេល​នេះ គេ​ធ្វើ​ការ​ដូចជា​ប្រជាពលរដ្ឋ​ចង់​ទំនាក់ទំនង​ដោះស្រាយ​អ្វី​មួយ វា​ដូចជា​ពិបាក​ណាស់ មិន​ដឹង​ជា​ចូល​ទៅ​ជួប​តំណាង​រាស្ត្រ​តាម​ច្រក​ណា

ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ លោក នៅ សំ គឺ​ជា​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​ម្នាក់​គត់​នៅ​មណ្ឌល​ឧត្តរមានជ័យ។ ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​រូប​លោក ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា លោក​ឡើង​កាន់​តំណែង​នៅ​ខេត្ត​នេះ​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ មិន​ឃើញ​មាន​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​មែន។ លោក ស ថាវី បញ្ជាក់​ថា លោក​មិន​ដឹង​ពី​រឿង​អភិបាល​ខេត្ត​មុនៗ ថា​ហេតុ​អ្វី​បាន​ជា​មិន​បង្កើត​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ? ក៏ប៉ុន្តែ​ក្នុង​អាណត្តិ​របស់​លោក​ដែល​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ឧត្តរមានជ័យ នេះ គឺ​លោក​បាន​ផ្ដល់​ដី​មួយ​កន្លែង​ឲ្យ​សាងសង់​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ៖ «រឿង​ពី​មុន​មក ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​មក​ដល់​អាណត្តិ​ខ្ញុំ ដោះស្រាយ​ដី​ឲ្យ​ហើយ ព្រម​ទាំង​ស្នើសុំ​ឲ្យ​ធ្វើ​ការ​សាងសង់»

ទោះ​យ៉ាង​ណា លោក ស ថាវី មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ទេ​ថា ដំណើរ​ការ​សាងសង់​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​នោះ នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ឡើយ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យ​ដឹង​ថា បច្ចុប្បន្ន ខេត្ត​ឧត្តរមានជ័យ គឺ​នៅ​មាន​កម្លាំង​ប្រដាប់​អាវុធ​ប្រើ​ហិង្សា​មក​លើ​ជន​ស៊ីវិល បញ្ហា​អ្នក​មាន​អំណាច​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ ជាដើម។ បញ្ហា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ការ​យុត្តិធម៌ ក៏ប៉ុន្តែ​ពួក​គេ​គ្មាន​លទ្ធភាព​ទេ ដោយសារ​តែ​នៅ​ពេល​ត្រូវ​ការ​ជំនួយ​ពី​អ្នក​តំណាង​រាស្ត្រ បែរ​មិន​ដឹង​ទៅ​រក​នៅ​កន្លែង​ណា ពីព្រោះ​គ្មាន​ការិយាល័យ​តំណាង​រាស្ត្រ និង​អ្នក​ចាំ​ទទួល​ពាក្យ​បណ្ដឹង​ផង៖ «តាំង​ពី​អើយ​មក​រហូត​ដល់​ឥឡូវ អត់​មាន​ការិយាល័យ​តំណាង​រាស្ត្រ​ទេ។ ដល់​អ៊ីចឹង បើ​រាស្ត្រ​ចង់​ជួប​តំណាង មិន​ដឹង​ជា​ទៅ​ជួប​នៅ​ទីណា

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ពន្យល់​ថា តាម​ទ្រឹស្ដី​លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត និង​ជា​ម្ចាស់​នៃ​អំណាច ហើយ​ចាត់​ទុក​អ្នក​នយោបាយ​ដែល​គេ​បោះ​ឆ្នោត​ឲ្យ​នោះ គ្រាន់​តែ​ជា​អ្នក​បម្រើ។ ដូច្នេះ ប្រសិន​បើ​អ្នក​បម្រើ​មិន​បាន​បំពេញ​អ្វី​តាម​ការ​សន្យា​ដល់​ចៅហ្វាយ​ទេ​នោះ គឺ​ម្ចាស់​ឆ្នោត អាច​នឹង​ពិចារណា​លើ​ការ​ជ្រើសរើស​អ្នក​បម្រើ​ថ្មី​ផ្សេង​ទៀត​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។