អ្នក​មាន​ជម្លោះ​ដីធ្លី​តវ៉ា​ឲ្យ​សាលា​រាជធានី​ពន្លឿន​ការ​ដោះស្រាយ

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ជ្រោយចង្វារ ប្រមាណ​ជិត ១០០​នាក់ តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ផ្ដល់​ដី និង​ប្លង់​កម្មសិទ្ធិ​ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគាត់។ ទាក់ទិន​បញ្ហា​នេះ សង្គម​ស៊ីវិល​រិះគន់​ជា​ថ្មី​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ​ឲ្យ​បាន​ចប់​នោះ​ទេ។

ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​ចោទ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ថា​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី ឲ្យ​បាន​ឆាប់​ចប់​នោះ​ទេ ហើយ​ពួកគាត់​ដាក់​ការ​សង្ស័យ​ថា មន្ត្រី​ទាំង​អស់​នោះ​មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ពុករលួយ។

តំណាង​សហគមន៍​បឹងកក់ ដែល​បាន​ទៅ​តវ៉ា​ទាមទារ​មុខ​សាលា​រាជធានី​ភ្នំពេញ លោកស្រី ទេព វន្នី ពន្យល់​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ទំហំ ១២,៤៤​ហិកតារ ឲ្យ​ក្រុម​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ សេសសល់ ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​កាល​ពី​ឆ្នាំ​២០១១ ក្តី តែ​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ប្លង់ដី​កម្មសិទ្ធិ​គ្រប់​គ្នា​នៅ​ឡើយ។

លោកស្រី​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មិន​ព្រម​ផ្ដល់​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​ដល់​ពលរដ្ឋ​ចំនួន ១៩​គ្រួសារ ដែល​តវ៉ា ខណៈ​ដែល​មាន​ពលរដ្ឋ ៦៥៦​គ្រួសារ បាន​ទទួល​រួចរាល់​ហើយ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ក៏​មិន​ទាន់​បោះ​ព្រំ​ដី​ទំហំ​ជាង ១២​ហិកតារ ដែល​រដ្ឋាភិបាល​កាត់​ឲ្យ​ពលរដ្ឋ​នោះ​ដែរ ហេតុ​នេះ ទើប​ពលរដ្ឋ​បឹងកក់ នាំ​គ្នា​មក​តវ៉ា​ជា​ថ្មី។

លោកស្រី ទេព វន្នី៖ «សម្រាប់​សហគមន៍​បឹងកក់ តែងតែ​គោរព និង​ឲ្យ​តម្លៃ នឹង​រង់ចាំ​លទ្ធផល​ពី​អនុក្រឹត្យ​របស់​សម្ដេច ហ៊ុន សែន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ រហូត​មក​ដល់​ពេល​នេះ យើង​នៅ​តែ​គ្មាន​ដំណោះស្រាយ អ៊ីចឹង​ពួក​ខ្ញុំ​សោកស្ដាយ​ណាស់»

ការ​តវ៉ា​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​ខ្លះ​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​អ្នក​តវ៉ា​ព្យាយាម​អាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​មុខ​ផ្លូវ​ចូល​សាលា​រាជធានី​ភ្នំពេញ និង​ស្រែក​ដាក់​មេក្រូ​ទាមទារ​រក​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ។

យ៉ាងណាមិញ ក្រោយ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​រវាង​ក្រុម​អ្នក​តវ៉ា និង​អាជ្ញាធរ តំណាង​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​តំណាង​អ្នក​តវ៉ា​ចំនួន ៧​នាក់ ចូល​ជួប​ពិភាក្សា។

​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់  មិន​បាន​បញ្ជាក់​ពី​ដំណោះស្រាយ​បញ្ហា​នេះ​យ៉ាង​ណា​នៅ​ឡើយ។ ប៉ុន្តែ​លោក​អះអាង​ថា នឹង​យក​បញ្ហា​របស់​ពលរដ្ឋ​ដាក់​ជូន​អភិបាល​រាជធានី ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។ បន្ថែម​ពី​នេះ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​នៅ​សល់​ភាគ​តិច​នេះ បន្ត​ចូលរួម​ជជែក​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ឆាប់៖ «ប៉ុន្មាន​គ្រួសារ​ទៀត ដែល​គាត់​មិន​ទាន់​យល់ព្រម និង​មិន​ទាន់​បាន​ដំណោះស្រាយ សាលាក្រុង​នឹង​ហៅ​គ្រួសារ​ម្ដង​មួយៗ​មក​ពិភាក្សា ប៉ុន្តែ​រាល់​ការ​ដោះស្រាយ​យឺតយ៉ាវ​ណា​មួយ មិន​មែន​មក​ពី​សាលាក្រុង​នោះ​ទេ គឺ​យើង​ចាំបាច់​ត្រូវ​ការ​មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​ដែរ»

ទោះ​ជា​មាន​ការ​សន្យា​ពី​មន្ត្រី​សាលា​រាជធានី តំណាង​សហគមន៍​បឹងកក់ ម្នាក់​ទៀត លោក ចាន់ ពុទ្ធិស័ក្ត នៅ​តែ​ទទូច​ឲ្យ​សាលា​រាជធានី ត្រូវ​ផ្ដល់​ដី​ទំហំ ៤​ម៉ែត្រ គុណ ១៨​ម៉ែត្រ ជូន​ពលរដ្ឋ​ដែល​នៅ​សេសសល់ តាម​ញត្តិ​ដែល​បាន​ដាក់​ជូន​សាលា​រាជធានី។ លោក​ថា ជម្លោះ​នៅ​តំបន់​បឹងកក់ មិន​ចប់​មិន​ហើយ​នេះ គឺ​មិន​មែន​ពលរដ្ឋ​ជា​អ្នក​បង្ក​ឡើង​ឡើយ ពោល​គឺ​អាជ្ញាធរ​គ្មាន​សមត្ថភាព​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​ប៉ុណ្ណោះ។

​ករណី​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​សិទ្ធិ​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ដែល​បាន​ឃ្លាំមើល​ការ​តវ៉ា​នេះ លោក យី សុខសាន្ត សម្ដែង​ការ​សោកស្ដាយ​ដែល​សាលា​រាជធានី​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់ និង​តំបន់​ដទៃ​ទៀត។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ឆន្ទៈ​ដោះស្រាយ​តាម​តម្លៃ​ទីផ្សារ​សេរី​ដែល​ពលរដ្ឋ​ចង់​បាន៖ «បើ​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​នីតិរដ្ឋ ជា​ទី​ផ្សារ​សេរី ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​មាន​ឆន្ទៈ​ដោះស្រាយ​តាម​ទីផ្សារ​សេរី ព្រោះ​កាល​ណា​រដ្ឋាភិបាល​ដោះស្រាយ​បាន ប្រជាពលរដ្ឋ​នឹង​ពេញ​ចិត្ត​ហើយ»

ទោះបីជា​មាន​ការ​សន្យា​ពី​សាលា​រាជធានី​ភ្នំពេញ យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​សហគមន៍​ដទៃ​ទៀត ប្ដេជ្ញា​ថា​នឹង​នៅ​តែ​បន្ត​ជួយ​តវ៉ា​គ្នា​រហូត​ដល់​បាន​ជោគជ័យ​ទាំង​អស់​គ្នា បើ​ទោះបីជា​រង​អំពើ​ហិង្សា និង​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។