ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ សម្ភារ​ឧបករណ៍​គ្រឿង​ម៉ាស៊ីន​កែ​ច្នៃ​មាស ព្រមទាំង​រ៉ែ​មាស​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ក្រុមការងារ​ជនជាតិ​ចិន របស់​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​មាស​នៅ​ស្រុក​សំបូរ បាន​ប្តឹង មក​នគរបាល​ថា កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​បាត់បង់ ដោយសារ​តែ​មាន ជន​មិន​ស្គាល់​មុខ បាន​លួច​និង​ស្នើ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។​ក្រៅពី​ការ​បាត់​នូវ​រ៉ែ​មាស ក៏​នៅ​មាន​គ្រឿង​ម៉ាស៊ីន​ឧបករណ៍​កែ​ច្នៃ​ថ្មី​ៗ​ជា​ច្រើន​សម្រាប់​ទៀត​ក៏​បាន​បាត់ ដោយ​មាន​ជន​មិន​ស្គាល់​មុខ​បាន​ចូល​មក​លួច​ជា​បន្តបន្ទាប់ នេះ​បើ​តាម​ការ​រាយការណ៍​ពី​ក្រុមការងារ​ជនជាតិ​ចិន​ជា​ច្រើន​នាក់​មក​កម្លាំង​នគរបាល​។

​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​មាស​របស់​ចិន​មួយ​ឈ្មោះ​សឹង​យន្ត គ​ង័​យិ​ក   ត្រូវ​គេ​រាយការណ៍​ថា មានច្បាប់​ស្រាវជ្រាវ​រុករក​រ៉ែ​មាស​នៅ​ចំណុច​អូរ​ត្រូ​ន ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ យូរ​ឆ្នាំ​មក​ហើយ និង​ក៏​មាន​សកម្មភាព​ជីក​កាយ​រហូត​ដល់​សព្វថ្ងៃ​។  ហើយ​កន្លង​មក​ក្រុមហ៊ុន​មួយ​នេះ បាន​ធ្លាប់​ជួប​នូវ​រឿងអាស្រូវ​ជា​ច្រើន​ដូច​ជា​ការ​បំផ្ទុះ​ដី បាក់​ដី​រ៉ែ​សង្កត់​កម្មករ​ខ្មែរ​ឲ្យ​ស្លាប់​ចំនួន​០៨​នាក់ នៅ​បាត​រណ្តៅ​រ៉ែ​កាលពី​ចុងឆ្នាំ​ពី​២០១១ និង​ក៏​ធ្លាប់​មានរឿង ចម្រូងចម្រាស់​ជា​បន្តបន្ទាប់​ជាមួយ​និង​ពលរដ្ឋ​ជា​អ្នក​ភូមិ​រស់នៅ​ជុំវិញ​តំបន់​នោះ ក្នុង​ទំនាស់​ការ​ជីក​រ៉ែ​។

​ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ក្រុមហ៊ុន មាន​រយៈពេល​ពីរ​ថ្ងៃ នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​វរៈសេនីយ៍ឯក គុណ សោ​ភណ្ឌ  បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ នេះ​ថា​មាន​សម្ភារ​គ្រឿង​ឧបករណ៍​ម៉ាស៊ីន​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ រុករក​ឃើញ​នៅ​តាម​ព្រៃ​ក្បែរ​ទីតាំង​ក្រុមហ៊ុន ដោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​លួច​សែង យក​មក​លាក់​ទុក​។ លោក​បន្ត​ថា​មូលហេតុ​រាល់​ការ​បាត់បង់ ក៏​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​ខ្វះ​ការ​យាមកាម ម្យ៉ាងទៀត​ក្រុមហ៊ុន​បាន​វិនិយោគ​តំបន់​រ៉ែ តូច​ៗ​ឲ្យ​ទៅ​ពលរដ្ឋ ទើប​ការ​ចេញចូល​មិន​អាច​គ្រប់គ្រង​បាន​។​តែ​យ៉ាងណា​ក៏​ដោយ ក៏​ករណី​នេះ​នគរបាល​កំពុង​តែ​ស្រាវជ្រាវ​រក​ជនសង្ស័យ ក្នុង​អំពើ​លួច​សម្ភារ​មួយ​នេះ​៕