កងទ័ព​ជើង​ទឹក​កម្ពុជា​និង​កង​នាវា​កងទ័ព​ប្រជាជន​ចិន​លើក​ពេល​ហ្វឹកហ្វឺន​ទៅ​ថ្ងៃ​ទី​២៦​កុម្ភៈ

មន្ត្រី​កងទ័ព​ជើង​ទឹក​មួយ​រូប​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា គម្រោង​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កង​នាវា​កងទ័ព​ប្រជាជន​ចិន និង​កងទ័ព​ជើង​ទឹក​កម្ពុជា ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិញ។

មន្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​ហេតុ​ផល​ច្បាស់លាស់​នោះ​ទេ តែ​លោក​ថា ទំនង​ដោយសារ​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ជាច្រើន​រូប ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​ធំៗ​ផ្សេង​ទៀត​នៅ​ភ្នំពេញ។

ព្រឹត្តិការណ៍​នៃ​សកម្មភាព​ហ្វឹកហ្វឺន​នោះ មិន​បើក​ចំហ​ដល់​អ្នក​សារព័ត៌មាន​ឡើយ។ កង​នាវា​កងទ័ព​ប្រជាជន​ចិន នឹង​ចាក​ចេញ​ពី​កម្ពុជា ភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹកហ្វឺន​នោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ។

កង​នាវា​កងទ័ព​ប្រជាជន​ចិន ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅ​កម្ពុជា មាន​ចំនួន ៣​គ្រឿង ផ្ទុក​កង​ម៉ារីន​សរុប​ចំនួន ៧៣៧​នាក់។ ពួក​គេ​នឹង​ហ្វឹកហាត់​ជាមួយ​ទាហាន​ជើង​ទឹក​កម្ពុជា ៧០​នាក់។ កង​នាវា​នេះ បាន​មក​ដល់​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ។

ការ​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ គឺ​ស្រប​ពេល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​តឹង​តែង ខណៈ​ចិន កាន់​តែ​បង្កើន​សកម្មភាព​យោធា​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។