អតីត​មន្ត្រី​និយាយ​ថា ចៅក្រម​អបយស​ប្រឌិត​ករណី​ជីវ​ឥន្ធនៈ

អតីត​មន្ត្រី​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្នាក់ ដែល​បាន​ចំណាយ​ពេល​ជាង​ពីរ​ឆ្នាំ​ក្នុង​ពន្ធនាគារ​ព្រោះ​ការ​ពាក់ព័ន្ធ​របស់​លោក​ក្នុង​ការ​លក់​ដូរ​ដី​ខុស​ច្បាប់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក អាំង មាលតី អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​អបយស​បាន​ប្រឌិត​រឿង​នេះ​ប្រឆាំង​នឹង​លោក ជា​ការ​សងសឹក​ព្រោះតែ​សំបុត្រ​មួយ​ច្បាប់​ដែល​បញ្ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

និយាយ​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ​បន្ទាប់ពី​សវនាការ​បាន​លើក​ពេល​ជាថ្មី​ក្នុង​ការ​ជំនុំ​ជម្រះ​ដែល​បាន​ដំណើរការ​យឺតៗ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​នោះ អតីត​ប្រធាន​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ គឺ​លោក អ៊ុក កែវរតនៈ បាន​និយាយ​ថា លោក មាលតី ដែល​បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​ដោយសារ​មាន​ទោស​មួយ​ផ្សេង​នោះ បាន​ប្រឌិត​ករណី​នេះ​ឡើង នៅ​ពេល​ដែល​គាត់​ធ្វើ​ជា​ប្រធាន​តុលាការ​ក្នុង​ខេត្ត​ភាគ​ពាយព្យ​នេះ។

លោក កែវរតនៈ បាន​ប្រាប់​អ្នក​កាសែត​ថា “[អតីត​អភិបាល​ខេត្ត] អ៊ុង អឿន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​សម្តេច ហ៊ុន សែន រាយការណ៍​អំពី​សកម្មភាព​និង​អំពើ​ពុក​រលួយ​ដែល​ប្រព្រឹត្ត​ដោយ​លោក អាំង មាលតី។ ផ្តើម​ចេញ​ពី​លិខិត​នេះ គាត់​ខឹង និង​បាន​បង្កើត​ករណី​នេះ​ឡើង​ជា​ការ​សងសឹក”។

លោក​បាន​បន្ថែម​ថា “លោក អាំង មាលតី ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​ករណី​នេះ ហើយ​អំពើ​អាក្រក់​របស់​គាត់​បាន​បក​មក​លើ​គាត់​វិញ”។

លោក មាលតី ត្រូវ​បាន​ផ្ទេរ​តំណែង​ពី​ខេត្ត​បន្ទាយ​មានជ័យ​មក​កាន់​ក្រុង​ភ្នំពេញ​កាលពី​ខែ​មេសា​ឆ្នាំ​២០១៤។ លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មុខ​តំណែង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ប្រធាន​តុលាការ​ក្រុង​រូប​នេះ​​ជា​សាធារណៈ ថា​បាន​ទទួល​សំណូក​ជា​ច្រើន​លាន​ដុល្លារ ក្នុង​ការ​ដោះលែង​ប្តី​ប្រពន្ធ​មាន​ទ្រព្យ​ធន​ស្ដុកស្ដម្ភ​ឲ្យ​នៅ​ក្រៅ​ឃុំ។

ចៅក្រម​ធ្លាក់​យស​រូប​នេះ​តាំងពី​ពេល​នោះ​មក​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​កេង​ប្រវ័ញ្ច បន្ទាប់ពី​បាន​សារភាព​ថា បាន​យក​មក​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នូវ​រថយន្ត Audi SUV មួយ​គ្រឿង ដែល​រឹប​អូស​បាន​ពី​ឈ្មួញ​គ្រឿង​ញៀន​ម្នាក់​នៅ​ឆ្នាំ​២០១៤។

លោក កែវរតនៈ ស្ថិត​ក្នុង​ចំណោម​ចុង​ចោទ​ជាច្រើន​នាក់​ក្នុង​សំណុំ​រឿង​បោក​បន្លំ​មួយ​ដែល​សំដៅ​លើ​ក្រុមហ៊ុន​ជីវ​ឥន្ធនៈ​របស់​ពាណិជ្ជករ​អង់គ្លេស គឺ​លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett)។ លោក កែវរតនៈ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​ដែល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​របស់​លោក ហ្វ្រីយ៉េត ដើម្បី​ធ្វើ​ចម្ការ​ល្ហុង​ខ្វង​ដ៏​ធំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។

ផែនការ​ទាំង​នោះ​បាន​ដួល​រលំ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការិយាល័យ​​​​​ប្រឆាំង​បទល្មើស​​ក្លែង​បន្លំ​កម្រិត​ធ្ងន់ (Serious Fraud Office) របស់​ចក្រភព​អង់គ្លេស​បាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​លោក ហ្វ្រីយ៉េត គឺ​ក្រុមហ៊ុន Sustainable Agro Energy។ ប៉ុន្មាន​សប្ដាហ៍​បន្ទាប់មក ក្រុម​មន្ត្រី​ក្នុង​ប្រទេស​កម្ពុជា​បាន​រឹប​អូស​គ្រឿងចក្រ​មាន​តម្លៃ​រាប់​សែន​ដុល្លារ​របស់​ក្រុមហ៊ុន​របស់​លោក ហ្វ្រីយ៉េត ជា​ចំណាត់​ការ​មួយ​ដែល​អភិបាល​ខេត្ត​នោះ​បាន​ហៅ​ថា “ខុស​ច្បាប់” ក្នុង​លិខិត​របស់​លោក​ផ្ញើ​ជូន​លោក ហ៊ុន សែន។

លោក កែវរតនៈ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​គ្រាន់តែ​គាំទ្រ​ឯកសារ​នោះ​ប៉ុណ្ណោះ ដែល​ក្រោយ​មក​ចុះ​ហត្ថលេខា​ដោយ​លោក អឿន នៅ​ពេល​នោះ​ជា​អភិបាល​ខេត្ត ហើយ​ថា​លោក​គួរ​ត្រូវ​បាន​ដោះ​លែង​១៨​ខែ​មក​ហើយ គឺ​មិន​មាន​ភ័ស្តុតាង​បង្ហាញ​ភាព​ត្រឹម​ត្រូវ​ក្នុង​ការ​ឃុំ​ខ្លួន​លោក​ជា​បន្ត​ទេ។

លោក​បាន​និយាយ​ថា “វា​ជា​លិខិត​ច្បាប់​រដ្ឋបាល។ អភិបាល​ខេត្ត​បាន​ចុះ​ហត្ថលេខា​លើ​វា ហើយ​ខ្ញុំ​គ្រាន់តែ​ផ្តល់​ការ​ក្បៀស​គាំទ្រ​ប៉ុណ្ណោះ”។

លោក​បាន​បន្ថែម​ថា “លោក អ៊ុង អឿន ជា​អ្នក​ដែល​បាន​ចុះ​ហត្ថលេខា ហើយ​លោក អ៊ុង អឿន គួរតែ​ជា​អ្នក​ប្តឹង​ខ្ញុំ។ ចុះ​ហេតុអ្វី​បាន​ជា​លោក អាំង មាលតី ប្តឹង​ខ្ញុំ​ទៅ​វិញ?”៕ និត

The post អតីត​មន្ត្រី​និយាយ​ថា ចៅក្រម​អបយស​ប្រឌិត​ករណី​ជីវ​ឥន្ធនៈ appeared first on ខេមបូឌា ដេលី.