ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង​៖​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក ក្រុម​ចោរប្លន់​អាជីវករ​លក់​គ្រឿងអលង្ការ នៅ​ប៉ោយ​ប៉ែ​ត ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៥  ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ខណៈ​ពេល​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​រង់ចាំ​ទទួល​បក្ខពួក ដែល​បាន​គេចខ្លួន​ពី​ប៉ោយ​ប៉ែ​តម​ក​ណាត់ជួប​គ្នា​នៅ​ទី​នេះ ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ទុន សុខ​នី អាយុ​៣៦​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ។

ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ធុន​ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CR-0744  ។ នៅ​មុខ​សមត្ថកិច្ច ជន​ស​ង្ស​យ័​បាន​បញ្ជាក់​ទៀត​ថា រូបគេ​ត្រូវ​បាន​មេខ្លោង​ទាក់ទង​ពី​ភ្នំពេញ ឲ្យ​មក​ចាំ​ទទួល​រូបគេ​ដែល​រត់គេច​ពី​ប៉ោយ​ប៉ែ​ត រង់ចាំ​គ្នា​នៅ​បាត់ដំបង​នេះ តែ​ដោយសារ​រឿង​ករណី​ប្លន់​នេះ កំពុង​តែ​ក្ដៅ​ៗ និង​ក្រោម​ការ​តាមដាន​ស៊ើបអង្កេត​ពី​សមត្ថកិច្ច​ផង​នោះ ទើប​គេ​ជិះ​ម៉ូតូ កុំ​ឲ្យ​មានការ​សង្ស័យ ។

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ថា ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ត្រួតពិនិត្យ​តាម​បណ្ដាល​ច្រក​ផ្សេង​ៗ ដើម្បី​តាមដាន​រក​បក្ខពួក​ក្រុម​ចោរប្លន់​អាជីវករ​លក់​គ្រឿងអលង្ការ​នៅ​ប៉ោយ​ប៉ែ​ត​ជា​ប្រចាំ ។​ទីបំផុត​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ក្រុម​ចោរប្លន់​បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃ​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង ៕