ការ​នាំ​ចូល​ទំនិញ​ដែល​ផលិត​ដោយ​អំពើ​ទាសភាព​នឹង​ក្លាយ​ជា​អំពើ​ខុស​ច្បាប់

ការ​នាំ​ចូល​ទំនិញ​ដែល​ផលិត​ដោយ​អំពើ​ទាសភាព​នឹង​ក្លាយ​ជា​អំពើ​ខុស​ច្បាប់

លោក Kaung Htet Wai (រូប​ឆ្វេង) និង​លោក Lin Lin ដែល​ជា​អតីត​ទាសករ​នេសាទ​ជនជាតិ​មីយ៉ាន់ម៉ា​អង្គុយ​នៅ​ក្នុង​បន្ទប់​តូច​មួយ​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

៨៤​ឆ្នាំ​កន្លង​មក​នេះ ​ការ​លើក​លែង​នៅ​ក្នុង​ច្បាប់​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​ទំនិញ​នាំ​ចូល​ដែល​ផលិត​ដោយ​ទាសភាព​ និង​ពលកម្ម​ដោយ​ការ​បង្ខំ ​រួម​មានពលកម្ម​ដោយ​កូន​ក្មេង។ នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ទៀត ​ការ​នាំ​ចូល​ទំនិញ​បែប​នេះ​នឹង​ក្លាយ​ជា​អំពើ​ខុស​ច្បាប់។

​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​កាល​ពី​ថ្ងៃ​ពុធ​ដែល​រួម​បញ្ចូល​បទ​បញ្ញត្តិ​មួយ​ដែល​បាន​បិទ​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​១៩៣២។

ច្បាប់​ដែល​ហៅ​ថា ​ច្បាប់​ពន្ធ​នាំ​ចេញ​នាំ​ចូល​ឆ្នាំ​១៩៣០​ បាន​ហាម​ឃាត់​ការ​នាំ​ចូល​ទំនិញ​ដោយ​កម្លាំង​ទាស​ភាព ​ក៏ប៉ុន្តែ ​ច្បាប់​នោះ​បាន​ចែងថា ​ការ​ហាម​ឃាត់​នោះ ​មិន​បាន​អនុវត្ត​ទៅ​លើ​ទំនិញ​ណា​ដែល​មិន​បាន​ផលិត​ក្នុង​បរិមាណ​ធំៗ​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​ត្រូវ​បាន​ដាក់​ស្នើ​កាល​ពី​ឆ្នាំ​ទៅ​នៅ​ពេល​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អនុវត្ត​ការងារ​ដោយ​ការ​បង្ខំ ​ជាពិសេស​នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​នៅ​ក្នុង​តំបន់​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍។

​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ស្មាន​ថា ​មនុស្ស​២១​នាក់ ​ជា​ជន​រង​គ្រោះ​នៃ​ការ​ធ្វើ​ការ​ដោយ​ការ​បង្ខំ​នៅ​ទូទាំង​ពិភពលោក ​ដែល​ចំនួនជាង​ពាក់​កណ្តាល​នៃ​ចំនួន​ទាំង​នោះ​នៅ​ក្នុង​តំបន់​អាស៊ី​ និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។​ពលកម្ម​បែប​នេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​បាន​ទទួល​កម្រៃ​ខុស​ច្បាប់​ជាង​១៥០​ពាន់​លាន​ដុល្លារ ​នេះ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​រាយការណ៍​កាល​ពី​ឆ្នាំ​ទៅ​ពី​បុរសៗ​ដែល​មក​ពី​ប្រទេស​កម្ពុជា​ និង​ភូមា​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​បាន​អំពាវនាវ​ឲ្យ​បិទ​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​នាំ​ទំនិញ​ចូល​របស់​សហរដ្ឋ​អាមេរិក៕