ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

 រាជធានី​ភ្នំពេញ​៖ សហគមន៍​បឹង​កក់ និងបុរីកីឡា បាន​ចាកចេញ​ប្រមាណ​ជា​៥០​នាក់​ដឹកនាំ​ដោយ​អ្នកស្រី ទេព វ​ន្នី បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​សុំ​ឲ្យ​សាលា​រាជធានី​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដី និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ ។ 

យោង​តាម​ញ​តិ្ដ​សហគមន៍​បឹង​កក់​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​សុំ​ឲ្យ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ផ្តល់​ដី និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​បឹង​កក់​ឲ្យ​បាន​ឆាប់រហ័ស ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់​នៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ ជា​ពិសេស​ប្រជាពលរដ្ឋ​ភូមិ​១ ក្រុម​៨ ចំនួន​១៦​គ្រួសារ នៅ​មិន​ទាន់​បាន​ផ្តល់​ដី និង​ប្លង់​កម្មសិទ្ធិ ដោយឡែក​ប្រជាពលរដ្ឋ​ភូមិ​២២ និង​ភូមិ​៦ ក៏​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​បើ​ទោះបីជា​ពួក​គេ​ស្ថិត​ក្នុង​តំបន់​ដែល​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ក្ដី ។

ក្នុង​ញ​តិ្ដ​ដដែល​នោះ​ក៏​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​ផ្តល់​ដី​ទំហំ​៤​ម៉ែត្រ​គុណ​១៨​ម៉ែត្រ ចំនួន​១៦​ប្លង់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​១ ក្រុម​៨ ចំនួន​១៦​គ្រួសារ តាម​លក្ខណ​ស្តង់ដា​របស់​សាលា​រាជធានី​ភ្នំពេញ និង​ផ្តល់​ប្លង់​កម្មសិទ្ធិ ។ ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​តាម​ទំហំ​ដី​ជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​២២ ចំនួន​២​គ្រួសារ និង​ភូមិ​៦ ចំនួន​១​គ្រួសារ ដែល​មានឈ្មោះ ផា​ន់ ឈុ​ន​សា​រ៉េ​ត នៅ​ភូមិ​២២ ឈ្មោះ ញាណ ណា​រិ​ន នៅ​ភូមិ​២២ និង​ឈ្មោះ ជុំ ឡៃ​អ៊ី​ម នៅ​ភូមិ​៦ ។ ដោយឡែក​សហគមន៍​បុរី​កីឡា​ក៏​បាន​មក​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ផ្ទះ​របស់​ពួក​គេ​ចំនួន​២៦​គ្រួសារ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​០៩​ព្រឹក​នា​ថ្ងៃ​ដដែល តំណាង​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​ត្រូវ​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ចូល​ជួប​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដីធ្លី​ដែល​នៅ​សេសសល់​ក្នុង​តំបន់​បឹង​កក់ ។ សាលា​រាជធានី​សុំ​ពេលវេលា​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​តាម​ការ​ទាមទារ​ស្នើ​សុំ​ដី និង​ប្លង់​កម្មសិទ្ធិ​របស់​ក្រុម​អ្នក​តវ៉ា តែ​ទោះជា​យ៉ាងណា​សាលា​រាជធានី​បាន​ព្យាយាម​ដោះស្រាយ​ឲ្យ​រួចរាល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ។ នៅ​វេលា​ម៉ោង​១០​ព្រឹក ក្រុម​អ្នក​តវ៉ា​សមាគម​ន៍​បឹង​កក់​បាន​នាំ​គ្នា​ត្រឡប់​ទៅ​វិញ តែ​ពួក​គេ​បាន​បញ្ជាក់​ថាបើ​គ្មាន​ការ​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប និង​ឆាប់រហ័ស​ទេ ក្រុម​អ្នក​តវ៉ា នឹង​មក​ធ្វើការ​តវ៉ា​ជា​ថ្មី​ម្តងទៀត ៕