រឿង​កែ​ច្នៃ​សំណល់​ប្រេងឆា​ ៖​ មន្ទីរ​ជំនាញ​អនុញ្ញាត​ឲ្យ​ដំណើរការ​ តែ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ផ្អាក​ ព្រោះ​បំពុលបរិស្ថាន​

​ពិតជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដែរ​ ដែល​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មាន​បង្កើត​សិប្បកម្ម​កែ​ច្នៃ​សំណល់​ប្រេងឆា​(​ប្រេង​ពាក់កណ្តាល​សម្រេច​)​ សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​ ដោយ​មានការ​អនុញ្ញាត​ឲ្យ​ដំណើរការ​ផលិត​ពី​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​រាជធានី​ភ្នំពេញ​ ក្រោយ​ការ​បែកធ្លាយ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​សំណល់​ប្រេងឆា​មួយ​កន្លែង​ឋិត​នៅ​ភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​លោក​ តាំង​ អាន​ ជា​ម្ចាស់​សិប្បកម្ម​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ ក្រោម​បណ្តឹង​ចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំនួន​១៥២​គ្រួសារ​ថា​ ម្ចាស់​សិប្បកម្ម​ប្រើ​កម្ទេច​កំណាត់​ដុត​ចម្រាញ់​ប្រេងឆា​មាន​ផ្សែង​ និង​ក្លិន​អាក្រក់​រៀងរាល់ថ្ងៃ​ បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន​រស់នៅ​ ។​

​យោង​តាម​វិញ្ញាបនបត្រ​លេខ​៥៥៩​ម​.​ឧស​ស​.​ភព​.​វ​ប​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ របស់​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​រាជធានី​ភ្នំពេញ​ ចុះហត្ថលេខា​ដោយ​លោក​ប្រធាន​មន្ទីរ​ នេ​ត​ មុនី​ប៉ុណ្ណា​កា​ បាន​អនុញ្ញាត​ឲ្យ​លោក​ តាំង​ អាន​ បើក​ដំណើរការ​សិប្បកម្ម​កែ​ច្នៃ​សំណល់​ប្រេងឆា​(​ប្រេង​ពាក់កណ្តាល​សម្រេច​)​ សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​ មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ ។​ មាន​ន័យ​ថា​ សិប្បកម្ម​កែ​ច្នៃ​សំណល់​ប្រេងឆា​(​ប្រេង​ប្រើប្រាស់​រួច​)​របស់​លោក​ តាំង​ អាន​ នេះ​ ទើបតែ​ដំណើរការ​បាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ។​

​ចំណាត់ការ​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ បាន​សម្រេច​ផ្អាក​ដំណើរការ​សិប្បកម្ម​ជា​បណ្តោះអាសន្ន​ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ក្នុង​រឿង​បំពុលបរិស្ថាន​ តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ និង​តម្រូវ​ឲ្យ​ម្ចាស់​សិប្បកម្ម​សុំ​ច្បាប់​អនុញ្ញាត​ទីតាំង​បើក​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ ។​

​អនុ​លោក​តាម​បញ្ញត្តិ​មាត្រា​២៣​ថ្មី​ និង​មាត្រា​៤៣​ថ្មី​ នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រោងចក្រ​ និង​សិប្បកម្ម​ បាន​ចែង​ថា​ "​សិប្បកម្ម​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ និង​ដំណើរការ​ ដោយ​ម្ចាស់​សិប្បកម្ម​ត្រូវ​ធ្វើការ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ និង​ធ្វើការ​ចុះបញ្ជី​នៅ​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​រាជធានី​ ខេត្ត​ដែល​ខ្លួន​បោះទីតាំង​ ក្នុង​រយៈពេល​យ៉ាង​យូរ​០៧​ថ្ងៃ​ ក្រោយ​ថ្ងៃ​ដំណើរការ​ លើកលែងតែ​ប្រភេទ​សិប្បកម្ម​ដែល​មាន​កំណត់​ដោយ​ប្រកាស​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដែល​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​មុន​ដំណើរការ​ ។​…"​ "​ម្ចាស់​សិប្បកម្ម​ណា​ដែល​ពុំ​បាន​ធ្វើការ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ និង​ធ្វើការ​ចុះបញ្ជី​នៅ​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​រាជធានី​ ខេត្ត​ដែល​ខ្លួន​បាន​បោះទីតាំង​ដូច​កំណត់​ក្នុង​មាត្រា​២៣​ថ្មី​ វាក្យខណ្ឌ​ទី​១​នៃ​ច្បាប់​នេះ​ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥០០.០០០​រៀល​ ទៅ​២.៥០០.០០០​រៀល​ ។​ "​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ប្រេងឆា​គឺជា​ប្រភេទ​ចំណីអាហារ​ ហើយ​បើ​ប្រេងឆា​ប្រើប្រាស់​រួច​យក​មក​កែ​ច្នៃ​មិន​មានគុណ​ភាព​ អាច​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ និង​ម្យ៉ាងទៀត​បើ​ប្រេងឆា​កែ​ច្នៃ​នោះ​មិន​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​ បែរជា​លក់​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក​វិញ​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ប្រើប្រាស់​ នឹង​ក្លាយជា​អ្នក​រង​គ្រោះ​ខាង​សុខភាព​ដោយ​ផ្ទាល់​ ។​ ដូច្នេះ​ ទាមទារ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ និង​ជា​ប្រចាំ​ទៅ​លើ​សិប្បកម្ម​កែ​ច្នៃ​សំណល់​ប្រេងឆា​ទាំងនោះ​ (​មិន​ត្រូវ​ចុះ​ទៅ​ប្រមូល​យក​លុយ​ដាក់​ហោប៉ៅ​ឡើយ​)​ ទើប​អាច​ធានា​ដល់​សុវត្ថិភាព​ខាង​សុខភាព​ និង​បរិស្ថាន​រស់នៅ​ល្អ​របស់​ប្រជាពលរដ្ឋ​ ៕​

រឿង​កែ​ច្នៃ​សំណល់​ប្រេងឆា​ ៖​ មន្ទីរ​ជំនាញ​អនុញ្ញាត​ឲ្យ​ដំណើរការ​ តែ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ផ្អាក​ ព្រោះ​បំពុលបរិស្ថាន​ រឿង​កែ​ច្នៃ​សំណល់​ប្រេងឆា​ ៖​ មន្ទីរ​ជំនាញ​អនុញ្ញាត​ឲ្យ​ដំណើរការ​ តែ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ផ្អាក​ ព្រោះ​បំពុលបរិស្ថាន​ រឿង​កែ​ច្នៃ​សំណល់​ប្រេងឆា​ ៖​ មន្ទីរ​ជំនាញ​អនុញ្ញាត​ឲ្យ​ដំណើរការ​ តែ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ផ្អាក​ ព្រោះ​បំពុលបរិស្ថាន​រឿង​កែ​ច្នៃ​សំណល់​ប្រេងឆា​ ៖​ មន្ទីរ​ជំនាញ​អនុញ្ញាត​ឲ្យ​ដំណើរការ​ តែ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ផ្អាក​ ព្រោះ​បំពុលបរិស្ថាន​

Related