សេដ្ឋកិច្ច​ជួប​វិបត្តិ​ធ្ងន់ ប៉ះពាល់​ប្រជាប្រិយភាព​លោក ពូ​ទីន មុន​បោះឆ្នោត​ឆ្នាំ​២០១៨?​ ​

​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​នៅតែ​រក្សាទុក​ថវិកា​យោធា​នៅ​កម្រិត​ខ្ពស់ ទោះជា​សេដ្ឋកិច្ច​បន្ត​ធ្លាក់ចុះ​ខ្លាំង​ចាប់តាំងពី​វិបត្តិ​អ៊ុយ​ក្រែ​ន​កើតឡើង​ក៏ដោយចុះ ។ សេដ្ឋកិច្ច​បន្ត​ធ្លាក់ចុះ​ខ្លាំង​ព្រោះតែ​រុស្ស៊ី​រង​ទណ្ឌកម្មសេដ្ឋកិច្ច​លោកខាងលិច និង ការធ្លាក់ចុះ​ខ្លាំង​នៃ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​។ មូលហេតុ​នៃ​ការបង្កើន​ថវិកា​សម្រាប់​វិស័យ​យោធា​ក៏​ដើម្បី ទប់ទល់​ការកសាង​កម្លាំងយោធារ​បស់​ណា​តូ​នៅ​អឺរ៉ុប​ខាងកើត និង​នយោបាយ​រុស្ស៊ី​ដែល​ងាក​ទៅ​លូកដៃ​កាន់តែ​ជ្រៅ​នៅ​មជ្ឈិមបូព៌ា​ផង​នោះ​។ តែ​វិបត្តិ​សេដ្ឋកិច្ច កាន់តែ​អាក្រក់ ហើយ​ប្រជាជន​កាន់តែ​រង​ទុក្ខ លំបាក អាចមាន​ផលប៉ះពាល់​ខ្លាំង​លើ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៨ ខាងមុខ​ផង​ក៏​ថា​បាន​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ចាប់តាំងពី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​កើតឡើង និង​មានការ​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ផង​នោះ រុស្ស៊ី​ប្រឈមមុខ​ការលំបាក​ខ្លាំង​ទាំង​ផ្នែក​សេដ្ឋកិច្ច ការទូត​និង​នយោបាយ​។ សេដ្ឋកិច្ច​មហាអំណាច​មួយ​នេះ​ត្រូវ​រងគ្រោះ​ខ្លាំង​ព្រោះតែ​ទណ្ឌកម្ម​ច្រើន​ជំហាន​របស់​បណ្តា​ប្រទេស​លោកខាងលិច ហើយ​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាមួយ​លោកខាងលិច​ក៏​ត្រូវបាន​កាត់ផ្តាច់​ថែមទៀត​។ 

​បើ​យោងតាម​របាយការណ៍​មូល​នី​ធិ​រូបិយវត្ថុ​អន្តរជាតិ​ឆ្នាំ ២០១៥ សេដ្ឋកិច្ច​រុស្ស៊ី​ថយចុះ​៣.៧​ភាគរយ ហើយ​នៅក្នុង​ឆ្នាំ ២០១៦​នេះ គេ​វាយតម្លៃថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​ថយចុះ ១​ភាគរយ​ទៀត​។ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ សេដ្ឋកិច្ច​រុស្ស៊ី​រងគ្រោះ​ដោយសារ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​នោះ​ធ្លាក់​ថ្លៃ​យ៉ាងគំហុក រហូតដល់​ធ្លាក់​ពី​ជាង ១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល មកដល់​ត្រឹម​ក្រោម​៣០​ដុល្លារ​ផង​កាលពី​ខែ​មុន​នោះ​។ នេះ​ក៏ដោយ​សារ​សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ថាមពល ជាពិសេស​ប្រេង​និង​ឧស្ម័ន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ត្រលប់មក​ផ្តោតលើ​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​យោធា វិញ ទោះ​សេដ្ឋកិច្ច​ត្រដរខ្យល់​ខ្លាំង​ប៉ុណ្ណា​ក្តី រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ក្រោម​ការដឹកនាំ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិនបាន​ដាក់ចេញ​ចំណាត់​ដុំកំភួន​ដោយ​កាត់បន្ថយ​ការចំណាយ​យោធា​ច្រើន​ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម​ឡើយ​។ តាំងពី​ឆ្នាំ ២០១៤ កញ្ចប់​ថវិកា​សម្រាប់​វិស័យ​យោធា​រុស្ស៊ី​ថយចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេងទៀត​ជារួម​វា​ស្ថិតនៅ កម្រិត​មួយ​ខ្ពស់​ខ្លាំង​។ បើតាម​របាយការណ៍​ស្ថាប័ន​សន្តិសុខ​សាកល នៅ​ឆ្នាំ​២០១៦​នេះ ថវិកា​យោធា​រុស្ស៊ី​ស្មើនឹង​៤​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​រុស្ស៊ី តែ​ក្នុងឆ្នាំនេះ​រុស្ស៊ី​សន្យាថា​នឹង​កាត់បន្ថយ​ថវិកា​យោធា​របស់ខ្លួន​ចំនួន ៥​ភាគរយ ។​

១.​រុស្ស៊ី​ពិបាក​បន្ថយ​កញ្ចប់​លុយ​យោធា​
​តាមពិតទៅ​មូលហេតុ​ច្រើន​នៅ​ពីក្រោយ​ការ រក្សាទុក​កញ្ចប់​លុយ​ប្រើ​ក្នុង​វិស័យ​យោធា​នៅ​ខ្ពស់​នេះ តែ​បញ្ហា​ធំ​ពីរ​ដែល​យើង​ត្រូវ​ដឹង​។  បញ្ហា​ទីមួយ គឺ​ក្រោយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​ភ្លាម បណ្តា​ប្រទេស​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ចាប់ផ្តើម​បង្កើន​កម្លាំង​ទ័ព​តាម​ព្រំដែន​រុស្ស៊ី​នៅ​អឺរ៉ុប​ខាងកើត ជាពិសេស​ប្រទេស​ទាំងអស់នោះ​បណ្តាក់​គ្នា​បង្កើន​កញ្ចប់​ថវិកា​យោធា​ខ្លាំង​ថែមទៀត​។ សកម្មភាព​ទាំងនោះ មិនអាច​ឲ្យ​រុស្ស៊ី​នៅ​ស្ងៀម​ឡើយ​។​

​ទី​២ គឺ​ការ​ងាក​ចេញពី​អ៊ុយ​ក្រែ​ន​ទៅ​ប្រឡូក​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​មជ្ឈិមបូព៌ា​ជាពិសេស​សង្គ្រាម​នៅ​ស៊ី​រី​។ យុទ្ធសាស្ត្រ​បង្វែរ​ការចាប់អារម្មណ៍ និង​ឆក់​ឱកាស​ពង្រឹង​ជំហរ​រុស្ស៊ី​នៅ​មជ្ឈិមបូព៌ា ថ្វីបើ​វា​មាន​ប្រយោជន៍​ការទូត​សម្រាប់​រុស្ស៊ី​មែន តែ​លោក ពូ​ទីន ចំណាយ​មិនតិច​ទេ​ដើម្បី​ធានាថា​យុទ្ធសាស្ត្រ​នេះ​ជោគជ័យ​។ រុស្ស៊ី​បញ្ជូន​ទ័ព សព្វាវុធ​មាន​យន្តហោះ​ចម្បាំង ប្រព័ន្ធ​មី​ស៊ី​ល ទៅ​បញ្ឈរជើង​នៅ​ស៊ី​រី​តាំងពី​ខែកញ្ញា​ឆ្នាំមុន ដើម្បី​ជួយ​គាំទ្រ​របប​លោក បា​សា អាសាដ ក្រោមលេស​តាម​កម្ចាត់​ក្រុម ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​។ ក្រោយ​អន្តរាគមន៍​ប៉ុន្មាន​ខែ រុស្ស៊ី​ក៏​បង្ខំ​ឲ្យ​លោកខាងលិច​បន្ទន់ឥរិយាបទ និង​សហការ​ជាមួយ​រុស្ស៊ី​ដើម្បី​ប្រឆាំង​ភេរវកម្ម ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រុស្ស៊ី​មាន​ទឹកមាត់ប្រៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​រ៉ាំរ៉ៃ​នៅ​ស៊ី​រី​ទៀត​។

២.​វិបត្តិ​សេដ្ឋកិច្ច​អូសបន្លាយ​ប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​២០១៨?
 ក្រោយ​អនុវត្ត​នយោបាយ​ដណ្តើមយក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​បាន​ជោគជ័យ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​យកឈ្នះ​ចិត្ត​ប្រជាជន​រុស្ស៊ី និង​បង្កើត​ស្មារតី​ជាតិនិយម​ខ្លាំង​។ បុរស​ខ្លាំង​រូបនេះ​ត្រូវ​ប្រជាជន​រុស្ស៊ី​ភាគច្រើន​កោតសរសើរ ហើយ​លោក ក៏​អាច​បង្វែរ​ការចាប់អារម្មណ៍​របស់​ប្រជាជន​ដោយ ដាក់​កំហុស​លើ​លោកខាងលិច​ជុំវិញ​ការកើតឡើង​នៃ​វិបត្តិ​សេដ្ឋកិច្ច​រុស្ស៊ី​ដែរ​។ ប៉ុន្តែ​បើ​វិបត្តិ​នេះ​បន្ត​អូសបន្លាយ​កាន់តែ​យូរ វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​នៅពេល​ខាងមុខ ហើយ​លោក ពូ​ទីន ក៏ត្រូវ​ប្រឈម​ការលំបាក​ដូចគ្នា​ព្រោះ​មិនអាច​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​រុស្ស៊ី​បាន​។​

​ជាធម្មតា​បញ្ហា​សេដ្ឋកិច្ច​មួយរយៈ​មិនមែនជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​បើ​ប្រជាជន​ត្រូវ​បន្ត​រង​ទុក្ខ​សព្វគ្រប់​ព្រោះ​កំណើនសេដ្ឋកិច្ច​ដើរ​ថយក្រោយ​រាល់ថ្ងៃ​ក្នុង​រយៈពេល​យូរអង្វែង​នោះ វា​មិនអាច​ទៅរួច​ទេ​។ ចុះ​លោក ពូ​ទីន ត្រូវតែ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ឲ្យ​បាន​មុន​ការបោះឆ្នោត​មែន​ទេ បើ​លោក​ចង់​ឲ្យ​គេ​បោះឆ្នោត​គាំទ្រ​លោក​បន្តទៀត​?

​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកសេដ្ឋកិច្ច​រុស្ស៊ី​បាន​ព្រមាន​រួចជាស្រេច​ទៅហើយ ហើយ​បើ​រដ្ឋាភិបាល​រុស្ស៊ី​ចង់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នេះ​ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។

 ក្នុង​វេទិកា​ពិភាក្សា​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​កន្លងមក អ្នកសេដ្ឋកិច្ច​រុស្ស៊ី​ដ៏​ល្បី  Vladislav Inozemtsev បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​បច្ចុប្បន្នកំពុង​បាត់បង់​ជំហរ​របស់ខ្លួន​ក្នុង​សេដ្ឋកិច្ច​សាកល​រួចទៅហើយ ហើយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​នេះ​មិន​ងាយ​ដោះស្រាយ​ឡើយ​ទោះ​ប្រេង​ឡើងដល់​៨០​ដុល្លារ និង​ទណ្ឌកម្ម​ត្រូវ​ដកចេញ​អស់​ឆាប់ៗ​ប៉ុណ្ណា​ក៏ដោយ​។ ប៉ុន្តែ​លោក នៅ​ជឿជាក់ថា នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ លោក ពូ​ទីន នៅតែ​អាចមាន​លទ្ធភាព​ទាញ​រក​ការគាំទ្រ​និង​ឈានទៅ​ឈ្នះ​ការបោះឆ្នោត​ដើម្បី​បន្ត​កាន់តំណែង​ប្រមុខរដ្ឋ​រុស្ស៊ី​ថែមទៀត​ផង​៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​