សភា​កម្ពុជា​ទទួល​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី​(APA) ម្តងទៀត នៅ​ចុងឆ្នាំ​២០១៦ ហើយ​ទំនង​ត្រូវ​រៀបចំ ធ្វើ​នៅ​ខេត្តសៀមរាប​

ភ្នំពេញ: សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហា​សន្និបាតសភា​តំបន់ អាស៊ី​(APA) ជា​លើក​ទី​២ គឺ​មហាសន្និបាត​លើក​ទី​៩ នា​ចុងឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បានរៀបចំ​មហាសន្និបាត​លើក​ទី​៨ កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ បាន​ជោគជ័យ និង​មានការ​កោតសរសើរ​ពី​ប្រទេស ជា​មិត្ត ពិសេស​ពី​បណ្តា​ប្រទេស​សមាជិក​អេ​ភី​អេ​។​

​នៅក្នុង​ដំណើរ​ឆ្ពោះទៅ រៀបចំ​មហាសន្និបាត លើក​ទី​៩​នេះ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​កំពុង​បំពេញ​កិច្ចការ​ជាច្រើន ដោយ​ក្នុងនោះ កាលពីរ សៀ​ល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រោម​ការដឹកនាំ​របស់ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម សភាជាតិ​កម្ពុជា​-​សភា​តំបន់​អាស៊ី បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​កំណត់​ប្រធានបទ កំណត់​ទីកន្លែង និង​កាលបរិច្ឆេទ សម្រាប់​រៀបចំ​ស​មហាសន្និបាត​លើក​ទី​៩​នេះ​។ កំណត់​ទីកន្លែង​និង​កាលបរិច្ឆេទ សម្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ នៃ​សភា​តំបន់​អាស៊ី​។ រៀបចំ​សមាសភាព គណៈកម្មការ រៀបចំ​សម្រាប់​កិច្ចប្រជុំ ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ និង​មហា​សន្និបាតសភា​តំបន់​អាស៊ី​លើក​ទី​៩ និង​រៀបចំ​សមាសភាព​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ និង​មហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៩ ជាដើម​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​បណ្ឌិត ងួន ញ៉ិល បាន​លើកឡើងថា យោងតាម​ធម្មនុញ្ញ​អេ​ភី​អេ​បានស្នើ​ដល់ ប្រទេស​ដែល​ទទួល​រៀបចំ មហាសន្និបាត ត្រូវ​ទទួល​រៀបចំ​មហាសន្និបាត ចំនួន​ពីរ​ឆ្នាំ​ជាប់​គ្នា​។ យោងតាម​ស្មារតី​នេះ លោក​បណ្ឌិត បាន​គូសបញ្ជាក់ថា ដូច្នេះ​សភា​កម្ពុជា មាន​កាតព្វកិច្ច​ទទួល​រៀបចំ​មហាសន្និបាត​អេ​ភី​អេ​នេះ​ពីរ​ឆ្នាំ គឺ​មហាសន្និបាត​លើក​ទី​៨ កាលពី​ចុងឆ្នាំ​២០១៥ ហើយ​មហាសន្និបាត​លើក​ទី​៩ ត្រូវធ្វើ​នៅ ចុងឆ្នាំ​២០១៦ ខាងមុខនេះ​។​

​សូម​ជម្រាបជូន​ថា មុន​បើក​មហាសន្និបាត​ប្រចាំឆ្នាំ សភា​តំបន់​អាស៊ី (APA) មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ចំនួន​ពីរលើក គឺ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ លើក​ទី​១ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ លើក​ទី​២​។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ ក្នុង​រយៈពេល បី​ខែ មុន​មហាសន្និបាត ចំណែក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ គឺ​រៀបចំ​ធ្វើ​ជាប់​គ្នា និង​មហាសន្និបាត​តែម្តង​។ ប្រធានបទ​នៃ​មហាសន្និបាត​សភា តំបន់​អាស៊ី​លើក​ទី​៨ ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០១៥ គឺ “​ការលើកកម្ពស់​សន្តិភាព ការផ្សះផ្សា និង​កិច្ចសន្ទនា​ក្នុង​តំបន់​អាស៊ី​”​។​

​នៅក្នុង​កិច្ចប្រជុំ​នា​រសៀល ថ្ងៃទី​២៤ ខែកុម្ភៈ នេះ មានការ​ចូលរួម​មតិយោបល់ យ៉ាង​ផុលផុស​ពី សមាជិក​អង្គប្រជុំ ។ លោក​បណ្ឌិត ងួន ញ៉ិល បាន​ជម្រាបជូន អង្គប្រជុំ​ថា យោងតាម​សំណើ ពី​សមាជិកសភា​តំបន់​អាស៊ី​ជាច្រើន បានស្នើ​ដល់​កម្ពុជា​ឲ្យ​រៀបចំ​មហាសន្និបាត​លើក​ទី​៩​នេះ នៅលើ ទឹកដី​អង្គរ ខេត្តសៀមរាប ហើយ​កាលបរិច្ឆេទ​មហាសន្និបាត​សូម​លើក​ពេល ធ្វើយ៉ាងណា កុំ​ឲ្យ​នៅក្នុង​ខែធ្នូ ដោយសារ​បណ្តា​ប្រទេស​ជាច្រើន មាន​ភាព រវល់​ខ្លាំង​នៅក្នុង​ខែធ្នូ​នេះ​។​

​ទោះយ៉ាងណា លោក​បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍ថា ការសម្រេច​ណាមួយ​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ នឹងត្រូវ​លើក​ជា​យោបល់​ជូន ថ្នាក់ដឹកនាំ​សម្រេច​៕

សភា​កម្ពុជា​ទទួល​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី​(APA) ម្តងទៀត នៅ​ចុងឆ្នាំ​២០១៦ ហើយ​ទំនង​ត្រូវ​រៀបចំ ធ្វើ​នៅ​ខេត្តសៀមរាប​

សភា​កម្ពុជា​ទទួល​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី​(APA) ម្តងទៀត នៅ​ចុងឆ្នាំ​២០១៦ ហើយ​ទំនង​ត្រូវ​រៀបចំ ធ្វើ​នៅ​ខេត្តសៀមរាប​

សភា​កម្ពុជា​ទទួល​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី​(APA) ម្តងទៀត នៅ​ចុងឆ្នាំ​២០១៦ ហើយ​ទំនង​ត្រូវ​រៀបចំ ធ្វើ​នៅ​ខេត្តសៀមរាប​