ចោរប្លន់​នៅ​ក្រុង​ប៉ោយប៉ែត​ឆ្លើយ​សារភាពថា កាំភ្លើងខ្លី​ធ្វើ​សកម្មភាព​ពួកគេ​ទិញ​ពី​ទាហាន​

ភ្នំពេញ:  រយៈពេល​២​ថ្ងៃ​កម្លាំង​នគរបាល​ខេត្ត បន្ទាយមានជ័យ​ក្រោម​ការ ដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បានចេញ ប្រតិបត្តិការ​បង្ក្រាបបាន ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទៅ​ល​អ្នក លក់​មាស​នៅ​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​មេខ្លោង​ចោរប្លន់​ម្នាក់ទៀត ត្រូវបាន​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈ​ជនសង្ស័យ​ជា​មេខ្លោង​ចោរប្លន់​នោះ កំពុង​ជិះ​ម៉ូតូឌុប ព្យាយាម​រត់គេចខ្លួន ។

 នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​រៀប​គំរោង​ប្លន់​អ្នកលក់​មាស​នៅ​ក្រុង​ប៉ោយប៉ែត មាន រយៈពេល​៥​ថ្ងៃ ហើយ​កាំភ្លើងខ្លី​២​ដើម ដែល​ពួកវា​យកទៅ ធ្វើ​សកម្មភាព​នោះ​កាំភ្លើងខ្លី​១​ដើម​ម៉ាក​រ៉ូឡូ​ពណ៌​សទិញ​ពី ទាហាន​ម្នា​ក់នៅ​ភ្នំពេញ ពួកគេ​ទើបតែ​ចេញ​ធ្វើ​សកម្មភាព​ប្លន់ ១​លើក​ប៉ុណ្ណោះ ក៏​ដោយសារ​អត់លុយ​លេងចាញ់ល្បែង​នៅភ្នំពេញ ។ 

ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ យ៉េន ចាន់ធូ ភេទ ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​លេខ​៥ ឃុំ​គង​ជ័យ ស្រុក អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ ២-​ឈ្មោះ យៀប ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង និង ៣-​ឈ្មោះ លឹម ទ្រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។ បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ ជននេះ​ជា​មេខ្លោង​នៃ​ការបញ្ជា និង​រៀបចំ គម្រោង​ប្លន់​ដែល​សមត្ថកិច្ច​ចាប់​នៅ​ថ្ងៃទី​២៥ ខែ កុម្ភៈ​នេះ ។ ជនសង្ស័យ​ទាំង​៣​នាក់មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​បន្ទប់​ជួល​នៅ​ក្រុង​ប៉ោយប៉ែត ។ 

គួររំលឹកថា​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ផ្លូវលំ​មួយកន្លែង​ស្ថិតក្នុង ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​មួយ​កើតឡើង​ទៅលើ​អាជីវករ​អ្នកលក់​មាស​ម្នាក់​ឈ្មោះ សយ សុផាត អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ​លក់​មាស និង​ប្តូរប្រាក់ រស់នៅ ក្រុង​ប៉ោយប៉ែត ខណៈដែល​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ជាមួយ​កូន ដើម្បី​ទៅ​ប្រកបមុខរបរ​នៅ​ផ្សា​រ៉ា​។ ក៏ប៉ុន្តែ​ខណៈ​រូបគាត់​ធ្វើ ដំណើរ​ចេញពីផ្ទះ​បាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ស្រាប់​តែមាន មនុស្ស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ចំណោម​ជន​ទាំង​២​នាក់​នោះ​មាន​ម្នាក់​ពាក់មួក​សុវត្ថិភាព​បិតមុខ និង​ម្នាក់ទៀត​ពាក់មួកទាហាន​ហើយ​បិត​ម៉ា​សមុខ បានមក​ពាំងមុខ​ម៉ូតូ​របស់គាត់ ឲ្យ​ឈប់ រួច​យក​កាំភ្លើងខ្លី​២​ដើម​ភ្ជង់​មកលើ​រូបគាត់​ដោយ គំរាម​បាញ់សម្លាប់​បើ​ហ៊ាន​ស្រែក​។ ​នៅពេលនោះ​ពួកវា ក៏បានចាប់​ទាញយក​សោ​ម៉ូតូ​គាត់​ហើយ​ចាក់​កែបម៉ូតូ​យក​កាបូប​ដាក់​ក្នុង​កែបម៉ូតូ បន្ទាប់មក​ពួកវា​បើក​ម៉ូតូ​គេចខ្លួនបាត់​តែម្តង​។ បន្ទាប់ពី​មាន​អំពើ​ប្លន់​នោះ​ភ្លាម​នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត​និង​ដាក់​កម្លាំង ពង្រាយ​គ្រប់​ច្រក​ល្អ​កនៅ​ក្រុង​ប៉ោយប៉ែត​។ ការស្រាវជ្រាវ ស៊ើបអង្កេត​របស់​សម​ត្ថ​កិច្ច​ប្រើប្រាស់​ពេលវេលា​ជិត​១០​ម៉ោង​លុះ​នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ដដែល​កម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ ក៏បាន​បង្ក្រាប បាន​ក្រុមចោរប្លន់​២​នាក់ នៅ​បន្ទប់​ជួល ក្នុង​ក្រុង​ប៉ោយប៉ែត និង​ដកហូត​មាសប្រាក់​និងគ្រឿងអលង្ការ​មួយចំនួន​មកវិញ និង​ដកហូត​បាន​កាំភ្លើងខ្លី​២ ដើម​ទៀតផង​។ នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ នេះ កម្លាំងនគរបាល ក៏បាន​ឃាត់ខ្លួន​បក្ខ​ពួកវា​ម្នាក់ទៀត​នៅ​ចំណុច សាលា​ក្រហម​បន្ថែមទៀត​។

ជនសង្ស័យ​ទាំង​៣​នាក់​បច្ចុប្បន្ន កំពុងតែ​ស្ថិតក្នុង​ការសាកសួរ​រ​បស់​កម្លាំង​នគរបាល​កា​រិ​យាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​កសាងសំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

ចោរប្លន់​នៅ​ក្រុង​ប៉ោយប៉ែត​ឆ្លើយ​សារភាពថា កាំភ្លើងខ្លី​ធ្វើ​សកម្មភាព​ពួកគេ​ទិញ​ពី​ទាហាន​