ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​Today មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0521 បាន​សម្រេច ហើយ​ព្យាយាម​បណ្ដើរ​រត់​ត្រូវ​ម្ចាស់​តាម​ទាន់ ក៏​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​ចេញ​មក​ឡោម​ព័ទ្ធ​ដេញចាប់​ប្រផាត់​ប្រ​ភីង ហើយ​វាយ​ឡើង​ទ្រម​ខ្លួន ស្រប​ពេល​នោះ​ដែរ​សមត្ថកិច្ច​បាន​ចុះ​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ កុំ​អី​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ដល់​ស្លាប់​នៅ​នឹង​កន្លែង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី ផ្លូវ​២១៥​កែង​ផ្លូវ​កម្ពុជា​ក្រោម​ទល់មុខ​ភោជនីយដ្ឋាន​លី​ឡាយ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។ ជនសង្ស័យ​ដែល​បាន​កាច់​សោក​ម៉ូតូ​មានឈ្មោះ ជាង យុក​ម៉ា​ន អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ កុង អូន អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ​លេខ​៤២ ក្រុម​២ ភូមិ​១ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​ប៉ុស្ដិ៍​នគរបាល​សង្កាត់​មិត្តភាព និង​បញ្ជូន​បន្ដ​ទៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ដើម្បី​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕