មន្ត្រី​មូលដ្ឋាន​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន ឈឺក្បាល​

«​សំខាន់​ធ្វើ ឬ​អត់​តែប៉ុណ្ណោះ​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងន័យ​បន្ទោស​ដល់​មន្ត្រី​មូលដ្ឋាន ខណៈ​សម្តេច​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ពីរ​ផ្សេងគ្នា នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​មរតក​តេ​ជោ​» និង​ពិធី​បើក​សន្និបាត​ក្រសួងបរិស្ថាន នៅពេល​ព្រឹក សម្តេច ហ៊ុន សែន បាន​ស្តីបន្ទោស​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចូលចិត្ត​រង់ចាំ​ភ្លើង​ខៀវ​ពី​ថ្នាក់លើ​។ សម្តេច​បាន​លើកឡើងថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​ត្រូវធ្វើ​ការងារ​ឲ្យ​បាន​ម៉ត់ចត់ កុំ​ចាំ​ក្រសួង​ពី​ភ្នំពេញ​ស្រែក ដែនដី​របស់ខ្លួន ខ្លួន​ត្រូវ​ដឹង​»​។​

​ទាក់ទង​នឹង​បញ្ហា​ព្រៃឈើ ប្រមុខ​រដ្ឋាភិបាល​មើល​ឃើញ​ពី​ការងារ​ដ៏​អសមត្ថភាព​របស់​ទាហាន ប៉ូលិស ប៉េអឹម រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ដែល​មើលមិនឃើញ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដឹកឈើ​ធំៗ​តាម​រថយន្ត​។ សម្តេច ហ៊ុន សែន ចំអក​ថា​៖«​តើ​ភ្នែក​ទៅណា​អស់ហើយ​? ឬក៏​អាហ្នឹង ហ្នឹង​គេ​ដែរ​? វា​ណាស់​តែ​អ៊ីចឹង​»​។​

​បន្ថែម​ពីលើ​នេះ បុរស​ដែល​ដឹកនាំ​កម្ពុជា​អស់​ជាង​៣០​ឆ្នាំ បាន​កោតសរសើ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថា​ជា​រដ្ឋមន្ត្រី​ទីមួយ​ដែល​បាន​ស្នើសុំ​បែងចែក​ការងារ​ដល់​ក្រសួង​ផ្សេងៗ ខណៈ​រដ្ឋមន្ត្រី​មួយចំនួន ចូលចិត្ត​ឱបក្រសោប​ការងារ​តែម្នាក់ឯង ប៉ុន្តែ​មិនចេះ​សម្រេចចិត្ត​។​

​សម្តេច ហ៊ុន សែន បាន​ចំអក​ថា​៖ «​បើ​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើ​ដដែល គួរ​បិទ​ក្រសួង​ទាំងអស់​ទៅ រៀបចំ​តែ​ប៉ុន្មាន​នាក់​នៅ​ជុំវិញខ្លួន​ខ្ញុំ​បាន​ហើយ ឥឡូវ​ខ្ញុំ​ប្រើតែ​ហ្វេ​ស​ប៊ុ​កមួយ​ចប់ [...] ។

​ដោយ​មិន​អស់ចិត្ត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ស្តីបន្ទោស​មន្ត្រី​មូលដ្ឋាន​បន្ថែមទៀត​នា​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងមហាផ្ទៃ​។ សម្តេច​បាន​ជំរុញ​មន្ត្រី​ទាំងអស់​យកចិត្តទុកដាក់​លើ​សេវាសាធារណៈ ទាំង​ផ្នែក​តម្រូវការ និង​សំណូមពរ​។​

​ចំពោះ​សេវា​តម្រូវការ រួមមាន​ដូចជា​អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬ​លិខិត​មរណភាព ជាដើម​នោះ សម្តេច ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ឲ្យ​ធ្វើ​ដោយ​គិត​រឿង​ប្រាក់ ពីព្រោះ​វា​ជា​អ្វីដែល​ច្បាប់​បានកំណត់​។ សម្តេច​បាន​ព្រមាន​ថា​៖ «​កុំ​ចាំបាច់ គេ​មកសុំ ដល់ពេល​ត្រូវតែ​ធ្វើ​ឲ្យ​គេ [...] ត្រូវ​ដឹង វា​ជា​កាតា​ព្វ​កិច្ច​របស់​យើង​ដែល​ត្រូវតែ​ធ្វើ​»​។​

​ទាក់ទង​នឹង​សេវា​សំណូមពរ ដែលមាន​ដូចជា​ការសាងសង់​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម និង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម​នោះ សម្តេច ហ៊ុន សែន បាន​លើកឡើងថា អាជ្ញា​ធរមាន​កាតា​ព្វ​កិច្ច​ដោះស្រាយ​ទៅតាម​លទ្ធភាព​ខាង​ថវិកា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី យល់ឃើញថា ពលរដ្ឋ​ថ្នាំងថ្នាក់​គឺ​មិនមែន​មកពី​ការមិន​ដោះស្រាយ​បញ្ហា​ផ្លូវ ឬ​សេវា​សំណូមពរ​ផ្សេង​នោះឡើយ តែ​ភាគច្រើន​គឺ​ដោយសារ​កម្សោយ​ភាព​របស់​មន្ត្រី​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​សេវា​តម្រូវការ ដោយ​ពលរដ្ឋ​ពិបាក​ទៅយក ឬ​យកលុយ​ទៅ​សូកប៉ាន់​ទើបបាន​។​

​សម្តេច​បានស្នើ​ដល់​អភិបាលខេត្ត​តាម​ឲ្យ​ជាប់ ជាពិសេស​មន្ត្រី​ថ្នាក់ឃុំ​ដែល​កើតចេញពី​ការបោះឆ្នោត ដើម្បី​ដោះស្រាយ​សេវាសាធារណៈ​ឲ្យ​ប្រសិទ្ធភាព ដោយ​ឈរលើ​ស្មារតី «​ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​លឿន និង​ឲ្យ​មាន​តម្លាភាព​»៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​