ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តឧត្តរមានជ័យ ៖ មន្ត្រីសង្កាត់ និង​ផ្នែក​រដ្ឋបាល​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង បាន​ធ្វើការ​បង្ក្រាប​រថយន្ត​កងទ័ព​២​គ្រឿង​ដឹកឈើ​លេខ​២​ពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ រថយន្ត​កង​ទ​ព័​២​គ្រឿង ទី​១​រថយន្ត​កូរ៉េ ៥​តោន​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ ២-១៣២៣ ជា​រថយន្ត​អង្គភាព​យោធភូមិ​ភាគ​ទី​៤ ដឹកឈើ​ចំនួន​៤​ម៉ែត្រគូប និង​ទី​២ រថយន្ត​កូរ៉េ ៣​តោន​ជា​រថយន្ត​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដឹកឈើ​ចំនួន ៦​ម៉ែត្រគូប គ្មាន​ស្លាក​លេខ​ជា​រថយន្ត​អង្គភាព​កងពលតូច​ថ្មើ​ជើង​លេខ​៤​។

ប្រជាពលរដ្ឋ​និយាយ​ថា នា​ពេល​កន្លង​មក​គេ​បាន​សង្កេត​ឃើញ​មាន​រថយន្ត​កងទ័ព​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មួយ​យប់​មិន​ក្រោម​១០​រថយន្ត​នោះ​ទេ ហើយ​ថែម​ទាំង​មានច្បាប់​និង​គ្មាន​ច្បាប់ យក​លេស​ថា​សាងសង់​បន្ទាយ​កងទ័ព ចាប់តាំងពី​កើត​មាន​សភាព​ការ​ព្រំដែន​ក្នុង​ឆ្នាំ ២០០០៨ រហូត​មក​ទល់​ឆ្នាំ​២០១៦​នេះ នៅ​ពុំ​ទាន់​រួចរាល់​ទៀត គេ​ស​ង្ស​យ័​ដាក់​ចូល​ដេប៉ូ​ឯ​ខេត្តបន្ទាយ មានជ័យ​។ ប្រជាពលរដ្ឋ​បាន​បន្ត​ថា រថយន្ត​កងទ័ព​គឺ​ត្រៀម​រក្សា​ទុក​នៅ​ក្នុង​អង្គភាព​សម្រាប់​ដឹក​ជញ្ជូន​ទ័ព​មិន​អាចយ​កមក​ដឹកឈើ​មួយ​យប់​ស្ទើរតែ​ខ្ទេច​រថយន្ត​បែប​នេះ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ គួរតែ​មាន​វិធានការ​ទប់ស្កាត់​។

មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ឲ្យ​ដឹង​ថា រថយន្ត​កងទ័ព​ទាំង​២​គ្រឿង​នេះ​តែងតែមានសកម្មភាព​ជា​ញឹកញាប់​យូរ​មក​ហើយ ពេល​មន្ត្រី​ជំនាញ​សាកសួរ​ថា​យក​ទៅ​កសាង​បន្ទាយដោយ​មិន ​ចេះ​ចប់​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​បាន​ធ្វើការ​បង្ក្រាបនាំ​យក​មក​រក្សា​ទុក្ខ​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ​